ប្រទេស​ចិន​ផ្តល់​ប្រាក់កម្ចី​និង​ជំនួយ​៦០​ពាន់​លាន​ដុល្លារ​ដល់​ទ្វីប​អាហ្វ្រិក

ប្រទេស​ចិន​ផ្តល់​ប្រាក់កម្ចី​និង​ជំនួយ​៦០​ពាន់​លាន​ដុល្លារ​ដល់​ទ្វីប​អាហ្វ្រិក

ប្រធានាធិបតី​ចិន​ លោក ​ស៊ី​ ជីនពីង​ (Xi Jinping) ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​នៃ​កិច្ចប្រជុំ​សម្រាប់​វេទិកា​ស្តី​ពី​សហប្រតិបត្តិការ​ចិន និង​អាហ្វ្រិក​នៅ​សាល​សន្និសីទ Sandton ក្នុង​ក្រុង Johannesburg កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។

ប្រទេស​ចិន​ផ្តល់​ប្រាក់​កម្ចី ​និង​ជំនួយ​ចំនួន​៦០​ពាន់​លាន​ដុល្លារ​ដល់​អាហ្វ្រិក​ដើម្បី​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ នៅ​ក្នុង​ការ​ចុះ​ហត្ថលេខា​ចុង​ក្រោយ​បង្អស់​នៃ​ការ​រឹត​ចំណង​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ និង​ទ្វីប​អាហ្វ្រិក។

ប្រធានាធិបតី​ចិន​ លោក ​ស៊ី​ ជីនពីង​ (Xi Jinping) បាន​ប្រកាស​កញ្ចប់​ថវិកា​នេះ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​រវាង​ចិន​និង​អាហ្វ្រិក​នៅ​ក្នុង​ទីក្រុង Johannesburg។

លោក​ ស៊ី ជីនពីង ​ក៏​បាន​សន្យា​ថា នឹង​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​នយោបាយ​នៅក្នុង​តំបន់​នេះ​នោះ​ទេ ដោយ​លោក​បាន​ថ្លែង​ថា «ប្រទេស​ចិន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទ្វីប​អាហ្វ្រិក​គឺ​ជា​របស់​ប្រជាជន​អាហ្វ្រិក​ ហើយ​បញ្ហា​របស់​អាហ្វ្រិក​គួរ​តែ​ប្រជាជន​អាហ្វ្រិក​ខ្លួន​ឯង​ជា​អ្នក​ដោះស្រាយ»។ ​

រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេសនៅ​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ ថា​មិន​អើពើ​នឹង​សង្គ្រាម​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ ដោយសារ​ចិន​ចង់​ធ្វើ​ពាណិជ្ជកម្ម​ និង​ស្វែងរក​ធនធាន​មិន​ទាន់​កែច្នៃ​របស់​ទ្វីប​នេះ។ ​

ប្រធាន​សហភាព​អាហ្វ្រិក​ និង​ស៊ីមបាវ៉េ​ (Zimbabwe) លោក Robert Mugabe បាន​សាទរ​លោក​ប្រធានាធិបតី​ចិន​ ដោយ​លោក​បាន​ថ្លែង​ថា ចិន​កំពុង​តែ​ធ្វើ​អ្វី​ដែល​អាហ្វ្រិក​បាន​រំពឹង​ទុក​ ថា​អតីត​អាណានិគម​របស់​ខ្លួន​គួរ​តែ​បាន​ធ្វើ​នោះ៕