បញ្ហាដំណេក ឬ ការគេងមិនលក់ដោយលោក ហឿ សេធុល អ្នកឯកទេសចិត្ដសាស្រ្ដ(ត)

...........2. បញ្ហាដំណេកដោយមូលហេតុមានវិបត្តផ្លូវចិត្តៈផ្ទុយពីករណីខាងលើដែលបញ្ហាការគេងពុំមានទាក់ទងនិងវិបត្តផ្លូវចិត្តធ្ងន់ធ្ងរ។ ករណីខ្លះអ្នកមានបញ្ហារំខានដំណេកគឺបណ្តាលមកពីអ្នកកំពុងប្រឈមមុខនិងវិបត្តផ្លូវចិត្តមួយចំនួន។ ក្នុងករណីនេះការរំខានដំណេក អាចកំណត់បានដោយការវិនិច្ឆ័យ អំពីកម្រិតវិបត្តផ្លូវចិត្តដែលអ្នកកំពុងប្រឈមមុខ។ ហើយសញ្ញាណនៃបញ្ហាដំណេកមានលក្ខណះប្រហាក់ប្រហែលខាងលើផងដែរ។ មានវិបត្តផ្លូវចិត្តមួយចំនួនដែលធ្វើឲ្យអ្នកមានបញ្ហានិងការគេងដូចជាករណីអ្នកមានបញ្ហាការថប់បារម្មណ៍ (Anxiety) ការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ (Depression) និងអ្នកមានជម្ងឺវិកលចរិត(Schizophrenia) ជាដើម ។ល។ ក្នុងករណីនេះមានតែអ្នកចិត្តសាស្ត្រ ឬ គ្រូពេទ្យចិត្តវិកលទេទើបអាចធ្វើការសនិ្នដ្ឋានថាការគេងមិនបានឬការរំខានដំណេករបស់អ្នកគឺ ជារោគសញ្ញាឬជាសញ្ញាណអវិជ្ជមានដែលបណ្តាលមកពីវិបត្តផ្លូវចិត្តដែលកំពុងកើតមានចំពោះអ្នក។ អ្នកគួរចងចាំថាមិនមែនរាល់ការរំខានដំណេក ឬ ការគេងមិនបានរបស់អ្នក គឺជារោគសញ្ញាឬជាសញ្ញាណនៃវិបត្តផ្លូវចិត្តឬវិកលចរិតទាំងអស់នោះទេ។ ការសន្និដ្ឋានបែបនេះដោយបុគ្គលខ្លួនឯងផ្ទាល់ គឺជាការខុសឆ្គងយ៉ាងធ្ងន់ធ្ងរមួយផងដែរ។ ពីព្រោះថារាល់ការសនិ្នដ្ឋានថានរណាម្នាក់ប្រឈមមុខនឹងការគេងមិនលក់ឬការរំខានដំណេកដែលបណ្តាលមកពីវិបត្តផ្លូវចិត្ត គឺផ្អែកទៅលើកត្តារួមផ្សំជាច្រើនដែលមានតែអ្នកឯកទេសទេទើបជាអ្នកសាកសម ឬ ហ៊ានធ្វើការ  សនិ្នដ្ឋានប្រកបដោយសុក្រិតភាពខ្ពស់និងស្របតាមវិជ្ជាជីវៈ ។ក្នុងករណីខ្លះ វាមានការលំបាកក្នុងការសនិ្នដ្ឋានថា ការរំខានដំណេកគឺជាមូលហេតុដែលនាំឲ្យមានវិបត្តផ្លូវចិត្ត ឬផ្ទុយមកវិញថាតើវិបត្តផ្លូវចិត្តដែលអាចបណ្តាលឲ្យមានការរំខានដំណេក។ ទាំងនេះគឺទៀមទារឲ្យមានការវាស់វែងតាមបច្ចេកទេស និងមានការវាយតម្លៃក្នុងកម្រិត   វិជ្ជាជីវៈផងដែរ។
3. ការគេងមិនលក់ដោយមូលហេតុការប្រើប្រាស់ថ្នាំៈមានករណីការប្រើប្រាស់ថ្នាំមួយចំនួនដែលធ្វើឲ្យមានការរំខានដំណេកដែលអ្នកមិនអាចធ្វើការសនិ្នដ្ឋានថាវាបណ្តាលមកពីករណីដែលរៀបរាប់ខាងលើបាន។ ការប្រើប្រាស់ថ្នាំមួយចំនួនអាចមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទរបស់អ្នកក្នុងកម្រិតធម្មតាឬក្នុងកម្រិតធ្ងន់ ដែលអាចធ្វើឲ្យអ្នកមានបញ្ហាដំណេកផងដែរ។ 
ករណីខ្លះអាចធ្វើអ្នកគេងមិនបានឬផ្ទុយមកវិញគេងបានហួសប្រមាណ ។ ឧទាហរណ៏ៈ ករណីអ្នកមានជំងឺប៉ាគីនសាន់ (Parkinson’s disease) ជាដើម។ ការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺប្រភេទនេះអាចប្រឈមនឹងបញ្ហាដំណេកមួយចំនួនផងដែរ ឬ អ្នកដែលប្រើប្រាស់ថ្នាំបំបាត់រមាស បំបាត់ការឈឺចាប់ ថ្នាំក្អក ថ្នាំងងុយគេង ឬ ថ្នាំផ្តាសាយមួយចំនួន ។ល។ ប្រភេទថ្នាំទាំងនោះអាចធ្វើឲ្យអ្នកគេងច្រើនហួសប្រក្រតី ។ ចួរចាំថា រាល់ការប្រើប្រាស់ថ្នាំ ដាច់ខាតត្រូវមានការពិគ្រោះយោបល់ពីគ្រូពេទ្យជម្ងឺទូទៅជាមុនសិន ឬវិជ្ជបណ្ឌិតផ្នែកជម្ងឺទូទៅជាមុនគឺជាការល្អ ។ មួយវិញទៀត អ្នកដែលមានជម្ងឺរាំរ៉ៃមួយចំនួន ក៏អាចប្រឈមមុខនឹងបញ្ហារំខានដំណេកផងដែរ។ ដូចជាករណីអ្នកមានជម្ងឺមហារីកជាដើម។ ការទទួលរងជម្ងឺទាំងនេះក្នុងរយះពេលយូរអាចធ្វើឲ្យអ្នកជម្ងឺងាយទទួលរងនូវវិបត្តផ្លូវចិត្ត និងឈានទៅរកបញ្ហារំខានដំណេកធ្ងន់ធ្ងរផងដែរ។ 
4. បញ្ហាដំណេកដោយមូលហេតុការប្រើប្រាស់សារធាតុញៀនៈ បញ្ហាដំណេកដោយមូលហេតុការប្រើប្រាស់សារធាតុញៀន គឺបណ្តាលមកពីការប្រើប្រាស់សារធាតុញៀនមួយចំនួនដែលធ្វើឲ្យមានផលប៉ះពាល់ការគេង ។ ដូចជាគេងមិនលក់ គេងលក់មិនស្កប់ ឬគេងលក់ខុសពីប្រក្រតីដែលមិនមែនជាលក្ខណះធម្មជាតិរបស់មនុស្សនិងមិន  ផ្តល់ផលល្អដល់សុខភាព។ ទាំងនោះរួមមានអ្នកប្រើប្រាស់ថ្នាំពេទ្យមួយចំនួនដែលបណ្តាលឲ្យញៀន ឬអ្នកប្រើប្រាសថ្នាំញៀន និងថ្នាំដែលធ្វើឲ្យពុលដល់រាងកាយមួយចំនួនផងដែរ។ នៅក្នុងសៀវភៅ DSM-IV បានកំណត់ផងដែរថាជាតិ អាល់កុល (សុរាឬស្រាបៀរ) ជាតិថ្នាំ     អមហ្វេតាមីន (ថ្នាំញៀន) ជាតិកាហ្វេអ៊ីន ជាតិកូកាអ៊ីន អាភៀន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំសន្តំ និងសារធាតុមួយចំនួនទៀតអាចជាមូលហេតុទាក់ទងនឹងការរំខានដំណេកផងដែរ។ ចូរកុំច្រឡំថាការប្រើប្រាស់សារធាតុញៀនមួយចំនួនដូចជា សុរា ជួយឲ្យអ្នកគេងបានស្រួល។ ផ្ទុយមកវិញការគេងរបស់អ្នកក្រោមឥទ្ធិពលសារធាតុទាំងនេះ គឺស្ថិតក្នុងសភាពស្ទើរសន្លប់ឬសន្លប់តែម្តងក្នុងករណីធ្ងន់ធ្ងរទៅវិញទេ ដោយសារអ្នកពុលនឹងជាតិអាល់កុលក្នុងស្រា។  
បញ្ហាដំណេក ឬ ការគេងមិនលក់ដោយលោក ហឿ សេធុល អ្នកឯកទេសចិត្ដសាស្រ្ដ(ត)

សនិ្នដ្ឋានៈវាមានការលំបាកក្នុងការសនិ្នដ្ឋានថា នរណាម្នាក់មានបញ្ហាដំណេកដោយគ្រាន់តែមើលទៅលើភាពទូទៅរបស់អ្នកនោះឬការមានបញ្ហាដំណេកក្នុងរយះពេលកំណត់ណាមួយនោះ។ ដូចបានរៀបរាប់ខាងលើស្រាប់ តម្រូវការនៃការគេងរបស់មនុស្ស និងទម្លាប់នៃការគេងរបស់មនុស្សមានសភាពខុសៗគ្នា ។ ជាទូទៅមនុស្សត្រូវការគេងយ៉ាងតិច ៧ ទៅ ៩ម៉ោង។ ប៉ុន្តែ ទារកឬក្មេងតូចៗអាចត្រូវការគេងច្រើនជាងនេះ និងមនុស្សចាស់អាចត្រូវការគេងតិចជាងនេះផងដែរ ។ មានមនុស្សមួយចំនួនត្រូវការគេងតែ ៥ម៉ោងគឺគ្រប់គ្រាន់។ 
បើសិនជាអ្នកមានបញ្ហាដំណេកចូរសាកល្បងវិធីងាយៗជាមុនសិនមុននិងស្វែងរកជំនួយពីអ្នកឯកទេសចិត្តសាស្ត្រ ឬអ្នកឯកទេសចិត្តវិកលឬពីវិជ្ជបណ្ឌិតទូទៅ។ វិធីងាយៗទាំងនោះរួមមានៈ
• ការរៀបចំកន្លែងគេងឲ្យបានស្អាតសមរម្យ ផ្លាស់ប្តូរទីតាំងគេងឲ្យមានភាពប្លែកនិងទាក់ទាញចិត្ត។• អនាម័យទាំងរាងកាយនិងទីកន្លែងគេងកុំឲ្យមានធូលីហុយនិងក្លិនរំខាននានា ។• ធ្វើលំហាត់ប្រាណឲ្យបានសមរម្យនិងទៀងទាត់ យ៉ាងតិចបីដងក្នុងមួយសប្តាហ៏។• រៀបចំកាលវិភាគនិងពេលវេលាគេងឲ្យបានទៀងទាត់និងគោរពពេលគេង។• ជៀសវាងការប្រើប្រាស់សារធាតុញៀនមួយចំនួន ដូចជាកាហ្វេអ៊ីន (ផឹកកាហ្វេ) ប្រើប្រាស់សុរា ជាតិនីកូទីន (បារី) ឬថ្នាំដែលបណ្តាលឲ្យមានបញ្ហានឹងការគេង ជាពិសេសមុនពេលចូលគេង។• ជៀសវាងការញាំចំណីអារហារមួយចំនួនដែលមិនងាយរលាយ ជាពិសេសមុនពេលចូលគេង ។• សម្រួលអារម្មណ៍ឲ្យស្ងប់មុននឹងចូលគេង ដូចជាមុជទឹកក្តៅអ៊ុនៗ ឬ អានសៀវភៅដែលធ្វើឲ្យអ្នកស្ងប់អារម្មណ៍ ។• ជៀសវាងការមើលរឿងរន្ធត់ ឬ ទុក្ខព្រួយខ្លាំងដែលបណ្តាលឲ្យអារម្មណ៍មិនស្ងប់។• មិនគួរគេងននាលចុះឡើងនៅពេលអ្នកគេងមិនលក់ឬភ្ញាក់ពីគេងហើយនោះទេ  ។ បើអ្នកខំសំងំគេងហើយតែគេងមិនលក់ អ្នកគួរក្រោកឡើងញាំទឹកមួយកែវឬធ្វើអ្វីបន្ទិចមុនចូលគេងវិញ។• បើអាចធ្វើទៅបានគេងរហូតដល់ថ្ងៃរះ ក៏ជាការល្អផងដែរ។ អ្នកវិទ្យាសាស្ត្ររកឃើញថា ពន្លឺព្រះអាទិត្យពេលព្រឹក អាចជួយឲ្យរាងកាយយើងសម្របខ្លួននឹងបញ្ហាដំណេកបានល្អ និងជួយលើបញ្ហាសុខភាពរាងកាយបានប្រសើរផងដែរ។ 
បើសិនជាក្នុងករណីអ្នកនៅតែមានបញ្ហាដំណេក។ អ្នកគួរតែស្វែងរកជំនួយពីអ្នកឯកទេសផ្លូវចិត្ត ឬវិជ្ជបណ្ឌិតចិត្តវិកល និងវិជ្ជបណ្ឌិតទូទៅជាដើម ។ ចូរចងចាំថាគ្រប់បញ្ហាផ្លូវចិត្ត រូមទាំងបញ្ហាដំណេកផងដែរ ការប្រើប្រាស់ថ្នាំមិនគួរជាជម្រើសទីមួយនោះឡើយ។ អ្នកគួររកជម្រើស   ផ្សេងៗមកប្រើឲ្យអស់លទ្ធភាពដូចជា វិធីងាយៗខាងលើ ឬ ជួបជាមួយអ្នកឯកទេសផ្លូវចិត្តដើម្បីធ្វើការពិគ្រោះយោបល់ (Counseling or Psychotherapy) ឬជួបជាមួយវិជ្ជបណ្ឌិតទូទៅក្នុងករណីអ្នកកំពុងប្រើប្រាស់ថ្នាំព្យាបាលរាងកាយមួយចំនួន។ ការប្រើប្រាស់ថ្នាំប្រឆាំងនឹងវិបត្តផ្លូវចិត្តមួយចំនួនក៏អាចជាជម្រើសផងដែរ តែមិនគួរជាអាទិភាពទីមួយនោះទេព្រោះថារាល់ការប្រើប្រាស់ថ្នាំតែងមានផលប៉ះពាល់ក្នុងកម្រិតណាមួយមិនខាន៕
អត្ថបទ៖ ដេវីដ