ឃុបឃិត​ជាមួយ​ស​ង្សា​រ​ចាស់​រៀបចំ​អន្ទាក់ស្នេហ៍​នាំ​សង្សារ​ថ្មី​រួមរ័ក​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ

ឃុបឃិត​ជាមួយ​ស​ង្សា​រ​ចាស់​រៀបចំ​អន្ទាក់ស្នេហ៍​នាំ​សង្សារ​ថ្មី​រួមរ័ក​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​មាន​ករណី​វាយ​សម្លាប់​យុវជន​ម្នាក់ យក​សព​មក​ប្លុង​ចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ទល់មុខ​ហាង​នំ​ប៉័​ង​ភ្នំពេញ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៤ ធ្នូ ។

នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​វាយ​សម្លាប់​នេះ បាន​កើតឡើង​ខណៈ​ពេល​សមត្ថកិច្ច​កំពុង​តែ​ជិះ​ម៉ូតូ ល្បាត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន មក​ដល់​មុខ​ហាង​នំ​ប័​ុ​ង​ភ្នំពេញ ក៏​ឃើញ​នារី​ម្នាក់​ឈរ​រេរា​ៗ ។ ដោយ​សង្ស័យ សមត្ថកិច្ច​ក៏​ឈប់​ម៉ូតូ​សួរនាំ​នារី​នោះ​ថា មក​ធ្វើ​អ្វី​នៅ​ទី​នេះ ព្រោះ​ជា​កន្លែង​ស្ងាត់​ណាស់ ។ កំពុង​តែ​សួរនាំ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ទៀត​ដើរ​ចេញពី​ក្នុង​ព្រៃ​ដី​ឡូត៍​មួយ​កន្លែង ដោយ​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម ។

ស្ថានភាព​គួរ​ឱ្យ​សង្ស័យ​បែប​នេះ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ប្រុស​ស្រី​ពីរ​នាក់​នេះ ដើម្បី​សួរនាំ ។ សួរនាំ​ចុះឡើង នារី​សង្ស័យ​នេះ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា នាង​ត្រូវ​គេ​ចាប់រំលោភ​ក្នុង​ដី​ឡូត៍​នេះ តែ​បាន​បុរស​ម្នាក់​នេះ​ឃើញ​ទាន់ ក៏​មក​ជួយ​នាង ។ ដោយនៅ​តែ​មិនដឹង​រឿង​ច្បាស់ សមត្ថកិច្ច​ក៏​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​ដី​ឡូត៍​នោះ ក៏​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ព្រៃវែង 1G-4092 និង​ឃើញ​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ ។

នគរបាល​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​នេះ យក​ទៅ​ប៉ុស្តិ៍​ជ្រោយចង្វា ដើម្បី​សួរនាំ​ឱ្យ​បាន​កាន់តែ​ច្បាស់ ព្រោះ​ករណី​នេះ​អាច​ជា​រឿង​ឃាតកម្ម​រៀបចំ​ទុកជា​មុន​របស់​ជនល្មើស ។

សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ថា ត្រូវ​ជនសង្ស័យ​វាយ​នឹង​ដំបង​បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់ ហើយ​ក៏​អូស​សព​មក​ប្លុង​ចោល នៅ​ក្នុង​ព្រៃ​ដី​ឡូត៍​នេះ ។

ជន​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ នារី​ឈ្មោះ អួ​ច ស្រី​រ័​ត្ន អាយុ​១៨​ឆ្នាំ ជា​អ្នកបម្រើ​ការ​នៅ​ហាង​មនោ​រម្យ មាន​លំនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​បុរស​ឈ្មោះ​គឿ​ន គី​ម អាយុ​២២​ឆ្នាំ មាន​លំនៅ​ភូមិ​ម្កាក់ ឃុំ​អូ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ចំណែក​សព ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ គឺ​ឈ្មោះ យុន តុលា អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ស្ត្រី​រូប​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ នាង​ត្រូវ​បាន​បុរស​រង​គ្រោះ​ដឹក​ពី​សង្កាត់​ស្ទឹង​មាន​ជ័យ​ក្នុង​គោលបំណង់​ដើរ​លេង ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ នាង​ឱ្យ​ម៉ូតូ​ឈប់​ដើម្បី​បត់ជើង ហើយ​ត្រូវ​បាន​បុរស​នោះ​ចូល​ទៅ​តាម ប្រុង​ចាប់រំលោភ​ទើប​នាង​ស្រែក​ឱ្យ​គេ​ជួយ ក៏​ត្រូវ​បាន​គេ​វាយ​ស្លាប់​តែ​ម្តង ។

ទោះបីជា​និយាយ​ដោះស្រាយ​បែប​ណា​ក៏​ដោយ សមត្ថកិច្ច​មានការ​សង្ស័យ​ថា ជន​រង​គ្រោះ​និង​ស្ត្រី​រូប​នោះ​ចូល​ក្នុង​ដី​ឡូត៍ គោលបំណង​រួម​ភេទ ហើយ​ត្រូវ​បាន​ក្រុម​ជន​ដៃដល់​ធ្វើ​សកម្មភាព​វាយ​នឹង​ដំបង​សម្លាប់​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច ។ សមត្ថកិច្ច​នៅ​តែ​មិន​ជឿ​លើ​ការ​រៀបរាប់​របស់​ស្ត្រី​រូប​នេះ ដោយសារ​ថា ការ​បត់ជើង​នោះ ហេតុ​អ្វី​ក៏​ចូល​ទៅ​ក្នុង​បរិវេណ​ដី​ឡូត៍​ជ្រៅ​ម្ល៉េះ​ចម្ងាយ​ប្រមាណ​ជិត​៥០​ម៉ែត្រ​ឯណោះ ហើយ​ងងឹត​ទៀត​ត្រូវ​ដើរ​កាត់​ខ្សាច់ ដូច្នេះ​ទាល់តែ​មាន​បំណង​អ្វីមួយ ទើប​ដើរ​ចុះ​ទៅ​ឆ្ងាយ​បែប​នេះ ។

តាម​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ការ​វាយ​សម្លាប់​ជន​រង​គ្រោះ​នេះ គឺ​ស្ដ្រី​រូប​នោះ​រៀបចំ​គម្រោង​ហៅ​បុរស​រង​គ្រោះ​ទៅ​កន្លែង​ស្ងាត់​ដើម្បី​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ឱ្យ​បុរស​ជា​ជនសង្ស័យ​នៅ​រង់ចាំ​នៅ​ទីនោះ​មុន ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ជន​ទាំង​ពី​នាក់​ដែល​បាន​ឃាត់ខ្លួន​នេះ ខំ​ឆ្លើយ​ប្រកែក​ថា ពួក​គេ​មិន​ដែល​ស្គាល់គ្នា​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ សមត្ថកិច្ច ដែល​ចុះ​ទៅ​ពិនិត្យ​សព បាន​រក​ឃើញ​ស្រោមអនាម័យ និង​ទូរស័ព្ទ​១​គ្រឿងក្នុង​ហោ​ប៉ាវ​ខោ​របស់​សព ។ សព​ត្រូវ​បាន​ឃាតករ​វាយ​ក្បាល​ពីក្រោយ​រង​របួស​ធ្ងន់ធ្ងរ ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ផ្កាប់មុខ ។ បន្ទាប់​ពី​ត្រួតពិនិត្យ​សព​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ប្រជុំ​សាគរ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

      ព័ត៌មាន​ចុង​ក្រោយ

នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល បុរស​និង​ស្ត្រី​សង្ស័យ​បាន​សារភាព​ហើយ គឺ​ពិតជា​ការ​រៀបចំ​គម្រោងការ​សម្លាប់​ជន​រង​គ្រោះ​ដើម្បី​ប្លន់​ម៉ូតូ​ពិតមែន ។ តាម​ការ​សារភាព​បាន​បង្ហាញ​ថា ស្ត្រី​ឈ្មោះ អូន ស្រី​រ័​ត្ន និង​ឈ្មោះ យុន តុលា ដែល​ស្លាប់​នេះ គឺជា​សង្សារ​ថ្មី ឯ​ជន​ដៃដល់​វាយ​សម្លាប់​នោះ គឺជា​សង្សារ​ចាស់ និង​ធ្វើ​ជា​សន្តិសុខ​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ផង​ដែរ ។

ជុំវិញ​ការ​សម្លាប់​នោះ គឺ​គេ​ឆក់​ឱកាស​ពេល​ដែល​បុរស​ជា​សង្សារ​ថ្មី​កំពុង​តែ​នេ​ប​និត្យ​ស្នេហា​ជាមួយ​ស្រី​ស្នេហ៍​រូប​នេះ សង្សារ​ចាស់​ក៏​យក​ដំបង​វាយ​ទៅ​លើក​ញ្ចឹ​ង​.​ក​ពីក្រោយ​រហូត​ដល់​ស្លាប់​។ ល្បែង​ស្នេហ៍​បែប​នេះ​ពិតជា​គ្រោះថ្នាក់ ៕