​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ប្រើ​អំពើហិង្សា វាយ​ទៅលើ​ស្ត្រី​ម្នាក់ រងរបួស​

​កណ្តាល: នគរបាល​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​ជនដៃដល់ ៤​នាក់ ដែល​បាន​ប្រើ​ហិង្សា វាយ​ទៅលើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​ភ្លាមៗត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យរាជធានី​ភ្នំពេញ​។​

​ហេតុការណ៍ ឃាត់ខ្លួន​ជនដៃដល់​នេះ បានធ្វើ​ឡើង​កាលពី វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ជនរងគ្រោះ ឈ្មោះ អ៊ុក ចិន្តា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ទីកន្លែង​កើតហេតុ មុខរបរ​កម្មករសំណង់​។ ចំណែក​ជនដៃដល​ទាំង​៤​នាក់ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ សន ឡៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​អង្គរក្ស នៅ​បន្ទាយ​សុវត្ថិភាព​ទួល​ក្រសាំង​។ ២-​ឈ្មោះ អ៊​ន សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងទង​។ ៣-​ឈ្មោះ ធែ​ន ថី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងទង​។ អ្នក​ទាំង​៣ នៅ​ផ្ទះជួល​ចំណុច កើតហេតុ​ខាងលើ​។ ៤-​ឈ្មោះ គឹម សាន្ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ថ្មី សង្កាត់​-​ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​ជាងភ្លើង​។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​ដកហូត​វត្ថុតាង រួមមាន​៖ ឈើច្រត់​មួយ​ប្រវែង ៧៤ សង់ទីម៉ែត្រ មាន​ដំ​ដែកគោល​ចំនួន​២​។

​គួរ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង ៩ បង​ជនរងគ្រោះ កំពុង​ឈ្លោះ​ជាមួយ​ប្រពន្ធ​របស់ខ្លួន​។ ពេលនោះ ក្រុម​ជនសង្ស័យ កំពុង​ផឹកស៊ី​នៅ​ជិត​កន្លែង​នោះដែរ ក៏បាន​ប៉ះ​សម្តី​ជាមួយគ្នា​។ ពេលនោះ បង​ជនរងគ្រោះ បាន​ដើរមក​សួរ នាំ​ក្រុម​ជនសង្ស័យ បន្ទាប់មក បាន​ប្រតាយប្រតប់​ជាមួយគ្នា​។ ឃើញ​ដូច្នោះ​ជនរងគ្រោះ បាន​រត់​ចូលទៅ​ជួយ តែ​ត្រូវបាន​ក្រុម​ជនសង្ស័យ វាយ​នឹង​វត្ថុតាង​ខាងលើ បណ្តាល​ឲ្យ​បាក់ឆ្អឹង​ក្តោងច្រមុះ និង​មុត​ដែកគោល បញ្ជូនទៅ​មន្ទីរពេទ្យ​រាជធានី ដើម្បី​ព្យាបាល​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិវិធី ៕V​/S