​អគារ​កម្ពស់ ១៣៦​ម៉ែត្រ ចំណាយ​ប្រហែល ៦០ លាន​ដុល្លារ នឹង​លេច​រូបរាង នៅ​កោះ​ពេជ្រ ក្នុង​ឆ្នាំ​២០១៨

ភ្នំពេញ: អគារ​កម្ពស់ ១៣៦ ម៉ែត្រ ដែលមាន​ឈ្មោះថា ដាយ​មេន ធ្វី​ន ថោ​វើ (DIAMOND TWIN TOWER) នឹង​លេច​រូបរាង​ឡើងនៅ​កោះ​ពេជ្រ ជា​អគារ​ភ្លោះ សម្រាប់​ការិយាល័យ និង​ខុន​ដូ លំដាប់​ពិភពលោក ត្រូវបាន​រចនា​ឡើង ដោយ​ក្រុម​ស្ថាបត្យករ ដ៏​ល្បីៗ​របស់​ត៉ៃ​វ៉ាន់ និង​ចិន​រួមគ្នា នឹងត្រូវ​សង់​ឡើង ក្នុង​ទីតាំង​យុទ្ធសាស្ត្រ ពិសេស​របស់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច នៃ​ទីក្រុង​ភ្នំពេញ​។​

​លោកស្រី ដាន បូរ៉ា​ពេជ្រ នាយក​គ្រប់គ្រង ក្រុមហ៊ុន​អចលនទ្រព្យ Chao Ting បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​គម្រោង ដាយ​មេន ធ្វី​ន ថោ​វើ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សូ​ហ្វី​ថែ​ល​ថា បន្ទាប់ពី​បានទទួល​លិខិត អនុញ្ញាត​សាងសង់ និង​វិញ្ញាបនបត្រ​សាងសង់ និង​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​អចលនវត្ថុ ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ បាន​ដំណើរ​ការបើក​ដ្ឋា​ន នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៥ រួចមកហើយ​។

​លោកស្រី ដាន បូរ៉ា​ពេជ្រ បាន​បន្តថា ដាយ​មេន ធ្វី​ន ថោ​វើ គឺជា​គម្រោង​អភិវឌ្ឍន៍ របស់​ក្រុមហ៊ុន "​ចៅ​ទីង អ៊ិន​ធឺ​ណេ​សិ​នណល រៀល​អេស​ស្តេត​" ដែល​បង្កើតឡើង​ដោយ មានការ​ចាប់​គូ​សហការគ្នា រវាង​ក្រុមហ៊ុន វិនិយោគ​ក្នុងស្រុក និង​ក្រុមហ៊ុន​ធំៗ ចំនួន​២​ទៀត គឺ CHAO CHI GROUP & HUNG TING Internationl Real Estate​។​

​លោកស្រី បាន​បន្ថែមថា ដោយសារតែ​អាស៊ាន នឹងធ្វើ​សមាហរណកម្ម នា​ចុងឆ្នាំ​២០១៥ ខាងមុខនេះ ហើយ​គួបផ្សំ​នឹង គោលនយោបាយ​បើកចំហរ របស់​ព្រះរាជាណាចក្រ​កម្ពុជា យើង​សម្លឹង​ឃើញថា នឹងមាន​ជម្រុញ​លើកកម្ពស់ វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​វិស័យ​សេវាកម្ម អោយ​រីកចម្រើន នា​ថ្ងៃ​អនាគត​។ ក្រុមហ៊ុន​ត្រៀម​ប្រាក់​ប្រហែល ៦០ លាន​ដុល្លារ អាមេរិក សម្រាប់​ការសាងសង់ អគារ​ការិយាល័យ និង​ខុន​ដូ​នេះ ក្នុងនោះ​មាន អគារ​ការិយាល័យ (SUNRISE) ចំនួន ១៦០ យូ​និ​ត , អគារ​ខុន​ដូ (PEACE) ចំនួន ៣២៨ យូ​និ​ត ស្ថិតនៅលើ​ផ្ទៃដី​សរុប ៥.២២៤ ម៉ែត្រការ៉េ ហើយ​គ្រោង​នឹង​បញ្ចប់ នា​ខែឧសភា ឆ្នាំ​២០១៨ ខាងមុខ​។​

​លោកស្រី បាន​បន្តទៀតថា ដាយ​មេន ធ្វី​ន ថោ​វើ (DIAMOND TWIN TOWER) ជា​គម្រោង​សំណង់​និមិត្តរូប នៃ​ការ​គូស​ប្លង់​សាងសង់ ជា​អគារ​ភ្លោះ ក្នុងនោះ​អគារ​មួយ ជា​អគារ​ការិយាល័យ​លំដាប់​ខ្ពស់ មាន​៣០​ជាន់ ដែលមាន​កម្ពស់​ជាន់​នីមួយៗ រហូតដល់​ទៅ ៣,៨ ម៉ែត្រ​។ រីឯ​អគារ​មួយទៀត ជា​អគារ​ពាណិជ្ជកម្ម​អន្តរជាតិ ដែលមាន ៣២​ជាន់ កម្ពស់​ជាន់​នីមួយៗ រហូតដល់​ទៅ ៣,៣​ម៉ែត្រ​។ ម្យ៉ាងទៀត​នៅ​ជាន់​ទី​៧ នៃ​អគារ មាន​រៀបចំ​ជា​កន្លែង​កំសាន្ត​ចម្រុះ សំបូរបែប គ្មាន​ដែន​កំណត់ មានដូចជា ៖  ឆ្នេរ​ខ្សាច់ រលក​សមុទ្រ នៅលើ​អាកាស ភោជនីយដ្ឋាន​ល្បីៗ អាង​ហែល​ទឹកធំ​ទូលាយ និង​កន្លែង​ហាត់ប្រាណ និង​នៅលើ​កំពូល​អគារ គឺជា SKY BAR និង​ភោជនីយដ្ឋាន​៕V​/S

​អគារ​កម្ពស់ ១៣៦​ម៉ែត្រ ចំណាយ​ប្រហែល ៦០ លាន​ដុល្លារ នឹង​លេច​រូបរាង នៅ​កោះ​ពេជ្រ ក្នុង​ឆ្នាំ​២០១៨

​អគារ​កម្ពស់ ១៣៦​ម៉ែត្រ ចំណាយ​ប្រហែល ៦០ លាន​ដុល្លារ នឹង​លេច​រូបរាង នៅ​កោះ​ពេជ្រ ក្នុង​ឆ្នាំ​២០១៨