ក្រុមហ៊ុនជីប​ ម៉ុង​ ​និងក្រុមហ៊ុនស៊ីម៉ង់ត៍របស់ចិន ចុះហត្ថលេខា​សាងសង់រោងចក្រ​ស៊ីម៉ង់ត៍ថ្មីនៅខេត្តកំពត​

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនជីប​ម៉ុង អ៊ី​ន​ស៊ី ស៊ី​ម៉ិ​ន បាន​​រៀបចំ​ពិធី​ចុះហត្ថលេខា​ជាមួយក្រុមហ៊ុនដ៏ធំមួយ​នៅចិន «CITIC Heavy Industries» ​កាលពីវេលា​ព្រឹក​​ថ្ងៃ​ទី​០៥ ​ធ្នូ ​២០១៥ នេះ ស្ថិតនៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​​ណា ដើម្បី​សាងសង់​រោង​ចក្រ​ផលិត​ស៊ីម៉ង់ត៍​​​ថ្មី​មួយទៀត​​នៅ​ខេត្ត​កំពត​ ។

ក្រុមហ៊ុន CITIC Heavy Industries ​​គឺជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​សម្ភារ​ផលិត​ស៊ីម៉ងត៍​ធំ​ជាងគេ​នៅ​លើ​ពិភពលោក ដើម្បី​សាង​សង់​រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយ ដែល​ត្រូវ​បាន​បំពាក់​ដោយ​សម្ភារ និង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​គេ​ពី​ប្រទេស​ចិន និង​អា​ល្លឺ​ម៉​ង់ ដោយ​​រោងចក្រ​ថ្មី​នេះ នឹង​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ខេត្តកំពត នា​ដើមឆ្នាំ​២០១៦ ​ខាង​មុខ​។

​លោកអៃ​ឌែ​ន ឡៃ​នែ​ម នាយក​ប្រតិបត្តិ ក្រុមហ៊ុន ជីប​ម៉ុង អ៊ី​ន​ស៊ី ស៊ី​ម៉ិ​ន បាន​ឲ្យ​ដឹង​ថា «​កិច្ច​សហប្រតិបត្តិការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា ជា​ពិសេស​ក្នុង​វិស័យ​សំណង់ ដែល​កំពុង​តែ​លូតលាស់​យ៉ាង​ខ្លាំង​ក្នុង​រយៈកាល​កន្លង​មកនេះ​» ​។

លោក​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​គ្រោង​នឹង​វិនិយោគ​ជា​ទឹកប្រាក់ ២៦២​លាន​ដុល្លារ​សហរដ្ឋអាមេរិក លើ​ការ​សាង​សាង់​រោងចក្រ​ស៊ីម៉ងត៍​មួយ​នេះ ដែល​រោងចក្រ​នេះ​នឹង​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន ៥,០០០​តោន​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ត្រូវ​បាន​សាងសង់​រួចរាល់​។ លោក​បាន​សង្កត់ធ្ងន់​ថា «​ក្រុមហ៊ុន​យើងខ្ញុំ​ផ្តល់​តម្លៃ​លើ​ភាព​ខ្លាំង គុណភាព និង​ការ​ជឿ​ទុកចិត្ត​»​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព