​សមត្ថកិច្ច​ចំរុះចុះ​ឈូស​ កំទេច​ចោល​សម្រាស់​ជាង ២០​កន្លែង​នៅ​ក្នុង​ឡូត៍ ​ស្តី​ដក​គង

 កំពង់ឆ្នាំង៖ បទល្មើសដាក់សម្រាស់ ទ្រង់ទ្រាយធំចំនួន ២៥កន្លែង ស្មើនឹងជាង ៥ពាន់សម្រាស់ ត្រូវបានសមត្ថកិច្ចចំរុះ ធ្វើការឈូសឆាយបំផ្លាញ ចោលពេញមួួយថ្ងៃ គឺថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ស្ថិតនៅក្នុងអតីតៈឡូត៍លេខ១០ ចំណុចព្រែកស្តីដកគង ព្រំប្រទល់ស្រុកជលគីរី និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

យោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានដកស្រង់ប្រសាសន៍លោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថា ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចចំរុះ ចូលរួមបង្ក្រាបរួមមាន ខ័ណ្ឌ ផ្នែកសង្កាត់រដ្ឋបាលជលផល, នគរបាល និងយោធាស្រុកជលគីរី ដែលមានការចូលរួម សម្របសម្រួលពីលោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងការបង្ក្រាបនេះ បានប្រើប្រាស់កាណូត ៧គ្រឿង, កម្លាំងសមត្ថកិច្ចចំរុះចំនួន ៣២នាក់។

លោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផល ជាអ្នកចូលរួមការបង្ក្រាបពេញមួយថ្ងៃនេះ បានឲ្យដឹងថា ការបង្រ្កាបនេះគឺឈូសឆាយកំទេច ចោលសម្រាស់ចំនួន ២៥កន្លែង ដែលមានទំហំប្រមាណជិត ២ពាន់ម៉ែត្រការ៉េ និងបានបំផ្លាញកសម្រាស់ប្រមាណ៥ពាន់មែកផងដែរ។

លោក យូ ទិត្យវឌ្ឍនៈ បានថ្លែងឲ្យដឹងទៀតថា ក្នុងពេលនេះ ជារដូវទឹកសំរកដែលទឹកនៅតាមព្រែក ត្រូវហូរចូលមកក្នុងទន្លេវិញ ករណីបទល្មើសដាក់សម្រាស់ខាងលើនេះ បណ្តាលឲ្យមានផលប៉ះពាល់ ទី១ ធ្វើឲ្យព្រែក និងទន្លេគោករាក់, ទី២ ធ្វើអោយបាត់បង់ព្រៃលិចទឹកដែលជាសំបុកត្រីពងកូន, និងទី៣ ធ្វើឲ្យត្រីកុំ វាជាទង្វើខុសនឹងច្បាប់ ស្តីពីជលផលដែលអាចប្រឈមមុខ នឹងការផ្តន្ទាទោសដាក់ពន្ធនាគារ។

សូមបញ្ជាក់ថា លោកព្រះរាជអាជ្ញា និងខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ប្រជានេសាទទាំងអស់ សូមកុំឲ្យនាំគ្នាប្រព្រឹត្តបទល្មើសដាក់សម្រាស់ដែលច្បាប់ហាមឃាត់ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សហការចង្អុលបង្ហាញទីតាំងបទល្មើសនេសាទផ្សេងៗទៀត ដល់សមត្ថកិច្ចចំរុះ ដើម្បីរួមគ្នាបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទឲ្យបានគង់វង្ស៕

​សមត្ថកិច្ច​ចំរុះចុះ​ឈូស​ កំទេច​ចោល​សម្រាស់​ជាង ២០​កន្លែង​នៅ​ក្នុង​ឡូត៍ ​ស្តី​ដក​គង