ចុះ​ចត​ជា​បន្ទាន់ ព្រោះ​យន្ដហោះ​ត្រូវ​ការ​«បត់​ជើង​តូច»!

តើមានរឿងអ្វី នឹងកើតឡើង នៅពេលយន្ដហោះ ដែលកំពុងហោះហើរ ហើយរាន់ចង់ចូលបន្ទប់ទឹក? វា​ត្រូវ​តែ​ចុះ​ចត​ភ្លាម​ហើយ តែ​បន្ទាប់​មក​ទៀត ត្រូវធ្វើយ៉ាងដូចម្ដេច?
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ នៃការចុះចតរបស់យន្ដហោះ ប៊ូអីង មួយគ្រឿង នៅព្រលានយន្ដហោះ ហ្វ្រង់ហ្វ័រ។

អាចជាគ្រោះថ្នាក់មួយខ្លាំងណាស់ នៅពេលដែលយន្ដហោះ ប៊ូអីង (Boeing 777) កំពុងហោះលើមេឃ ស្រាប់​តែ​តម្រូវការដ៏ចាំបាច់ បានកើតឡើងទាន់ហន់ បង្ខំឲ្យវាត្រូវធ្វើការចុះចតជាបន្ទាន់ ទោះជាមានភ្លៀងផ្គរ​ខ្យល់​ព្យុះ នៅ​ព្រលាន​យន្ដហោះក្រុង ហ្វ្រង់ហ្វ័រ (Francfort ប្រទេសអាល្លឺម៉ង់) ក៏ដោយ។

មកដល់ត្រឹមនេះ យើងខំប្រឹងតាមដានរូបភាព ថាតើយន្ដហោះនឹងចុះចតដោយរបៀបណា... រំពេចនោះ គ្រាន់​តែហៀបជាន់ជើងដល់ដី យន្ដហោះបានប្រែរូប ជាមនុស្សយន្ដ យកដៃខ្ទប់កន្លែងរាន់... ឱ ម្ចាស់ថ្លៃអើយ បន្ទប់​ទឹក​សម្រាប់យន្ដហោះ នៅឯណា?

អ្នកថតរូបភាព បានបន្តទៅតាមថតយន្ដហោះ ដែលប្រែក្លាយជាមនុស្សយន្ដនោះទៀត ឃើញយន្ដហោះ​មួយ​នេះ កំពុងអង្គុយ​លើ​ចានបង្គន់ អានកាសែតធ្វើមិនដឹង។ «ណ៎ែ... ម៉េចមកលួចថតខ្ញុំ កំពុងនៅក្នុង​បង្គន់​អញ្ចឹង? អ៎ូ... មកពីខ្ញុំភ្លេច​បិទ​ទ្វា។»

នេះជាស្នាដៃកាត់ត បញ្ជាន់រូបភាព បែប 3D និងដូចភាពយន្ដ «Transformer» ដែលត្រូវបានយកមក​បង្ហោះ ដោយ លោក «Michael Schmidt» នៅលើបណ្ដាញចែករំលែក យូធូប កាលពីថ្ងៃទី២ ខែធ្នូកន្លងមក​នេះ ហើយ​ទទួល បាន​ការចុចចូល​ទៅទស្សនា ប្រមាណជាង ២២២ ០០០ដងហើយ៕