ផ្អាក​ការអនុវត្ត​សាលដីកា​ស្ថាពរ​តុលាការ​កំពូល ប្រគល់​ដីជូ​ន​លោកតា​លោកយាយ​វិញ​

ភ្នំពេញ: គណៈកម្មការ​ចម្រុះ ដឹកនាំ​ដោយ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចុះ​អនុវត្ត​សាល ដីកាស្ថាពរ​របស់​តុលាការ​កំពូល បន្ទាប់ពី​តុលាការ​គ្រប់​ជាន់ថ្នាក់​បានសម្រេច​ឱ្យលោកស្រី ស៊ុយ សុផាន ដែល​ល្បី​ខាង​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ស្លូតត្រង់ "​ចាញ់ក្តី​"ហើយ​ប្រគល់​សិទ្ធិ​ឱ្យ លោកតា​លោកយាយ​មាន​សិទ្ធិ​គ្រប់គ្រង​ដី​នេះ​ស្របច្បាប់ឡើងវិញ ។​

​ប៉ុន្តែ​ការអនុវត្ត​នេះ បាន​ផ្អាក​ទៅ​ថ្ងៃក្រោយ​វិញ ដោយសារ​មានការ​ជំទាស់​ពី​មេធាវីលោកស្រី ស៊ុយ សុផាន ដោយ​អះអាងថា ម្ចាស់បំណុល​បាន​ចង្អុល​ខុស​ទីតាំង​ដីទំនាស់ ។​

​ជាមួយគ្នានេះ នឹងមាន​ការបង្កើត​គ​ណៈ​កម្ម​ការ​ចម្រុះ​មួយ​ដើម្បី​ធ្វើការ​វាស់វែង​ដីជាក់ស្តែង ដោយមាន​ការចូលរួម​ពី​មន្ត្រី​សុរិយោដី និង ភាគី​ពាក់ព័ន្ធ តាមប័ណ្ណកម្មសិទ្ធិ​ដែល​បាន សម្រេច​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ទើបធ្វើការ​បោះបង្គោល​ព្រំដី ហើយ​ប្រគល់ឱ្យ​ម្ចាស់បំណុល​នៃ​ការអនុវត្ត​គ្រប់គ្រងតទៅ​តាមច្បាប់ ។​

​លោកតា អៀ សេងហួរ និង លោកយាយ លឹម វណ្ណា ត្រូវបាន​តុលាការ​កំពូលបានសម្រេច​ជា​ស្ថាពរ​ប្រគល់​ដី​ទំហំ​ជិត​៤​ហិច​តា ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិវាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដែល​ពីមុន​ជា​ស្រុក​កៀនស្វាយខេត្តកណ្តាល មកឱ្យ​លោកតា​និង​លោកយាយ​គ្រប់គ្រង​វិញ ។​

​ម្ចាស់បំណុល បានឱ្យដឹងថា លោកស្រី ស៊ុយ សុផាន បាន​រំលោភ​យក​ដី​នេះ​ទាំងបំពាន​ច្បាប់ ដោយមាន​ការឃុបឃិត​គ្នា​ជា​មន្ត្រី​សុរិយោដី ។ លោកស្រី ស៊ុយសុផាន តែងតែ​ប្រឆាំងនឹង ដីកា​សម្រេច​របស់​តុលាការ ជា​បន្តបន្ទាប់ ជាអាទិ៍ការមិន​គោរព​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ ដែល​មិនឱ្យ​ប៉ះពាល់ ឬធ្វើ​សកម្មភាព លើដី​ទំនាស់ តែ​ឈ្មោះ ស៊ុយ សុផាន ពុំដែល​អនុវត្តតាម​ឡើយ រហូតមានការ​សាងសង់​សំណង់​រឹងមាំ​លើដី​ទំនាស់​ថែម​ទៀតផង ។​

​ទោះបីយ៉ាងណា នៅ​ទីបំផុត​តុលាការ​កំពូល បានសម្រេច​កាត់សេចក្តី​ឱ្យ​លោកស្រីស៊ុយ សុផាន ចាញ់ក្តី និង សម្រេច​ប្រគល់​ដី​ទំហំ​ជិត​៤​ហិច​តា​មកឱ្យលោកតា អៀ សេងហួរ និង លោកយាយ លឹម វណ្ណា គ្រប់គ្រង​វិញ ។​ដោយឡែកលោកស្រី ស៊ុយ សុផាន បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយបញ្ជាក់ថា ពុំបាន​រំលោភ​ដី​នេះ​ទេ ៕​