ពលករ​ខ្មែរ​នៅ​ប្រទេស​សៀម​នៅតែ​ត្រូវបាន​ថៅកែ​រំលោភបំពាន​ក្នុង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ​ដដែល​

​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​អាស៊ី លោក​ភី​ល រ៉ូ​ប៊ឺ​ត​សាន់  ថ្មីៗ​នេះ បាន​សម្តែង​ការព្រួយបារម្ភ​ពី​លក្ខខណ្ឌ​ការងារ​របស់​ពលករ​បរទេស​នៅ​ប្រទេស​សៀម ថា​ប្រហាក់ប្រហែល​ទៅនឹង​របប​ទាសភាព ដោយសារតែ​ថៅកែ​ជនជាតិ​សៀម​នៅតែ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ពល​ករប​រទេស ពិសេស​ក្នុង​ផ្នែក​នេសាទ​លើ​ផ្ទៃសមុទ្រ​។ អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​អាស៊ី​ដដែល​នេះ សង្កត់ធ្ងន់ថា  រដ្ឋាភិបាល​ប្រទេសជិតខាង​ដែលមាន​ពលរដ្ឋ​ខ្លួន​ជា​ញឹកញាប់​ជា​ជនរងគ្រោះ​ពី​ការជួញដូរ​ក្នុងប្រទេស​សៀម រាប់ទាំង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ផង​នោះ គួរតែ​ប្រើប្រាស់​មធ្យោបាយ​សមស្រប​ណាមួយ  ទទូច​ឲ្យ​រដ្ឋាភិបាល​សៀម មាន​ចំណាត់ការ​ពិតប្រាកដ​ចំពោះ​ទុក្ខលំបាក​របស់​ពលករ ដោយ​មិនត្រូវ​សម្តែងឡើង​ត្រឹមតែ​ការព្រួយបារម្ភ​ធម្មតា​នោះទេ​។​

​គួរ​កត់សម្គាល់ថា ការខ្វះខាត​ពលករ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ព្រៃផ្សៃ​របស់​ប្រទេស​សៀម បាន​បណ្តាល​ឲ្យ​មាន​ពលករ​បរទេស​ប្រមាណ​២០​ម៉ឺន​ទៅ ៣០ ម៉ឺន​នាក់ ទៅ​ពី​ប្រទេស​កម្ពុជា ឡាវ និង មី​យ៉ាន់​ម៉ា ដើម្បី​ចាប់យក​ឱកាស​ការងារ​គួរ​ឲ្យ​ខ្លាច​នៅលើ​ផ្ទៃសមុទ្រ​។ ទន្ទឹមនឹងនេះ ប្រទេស​សៀម ត្រូវបាន​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ រាប់ទាំង​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក  រិះគន់​ជា​យូរ​មកហើយ ចំពោះ​ការកេងប្រវ័ញ្ច​ទៅលើ​ពលករ​បរទេស ខណៈ​ការសន្យា និង​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ពលករ​បរទេស មិន​ត្រូវបាន​អនុវត្តន៍​អស់​ជាច្រើន​ឆ្នាំ  ហើយ​នេះ​ជា​បញ្ហា​ដែល​រដ្ឋាភិបាលយោធា​រប​ស់លោក ប្រា​យុទ្ធ ចាន់​អ៊ូ​ចា បាន​ទទួលស្គាល់ថា​ត្រូវតែ​កែលម្អ​ឡើងវិញ​។​

​ចំពោះមុខ​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​មកលើ​បញ្ហា​ពលករ​នៅ​ប្រទេស​សៀម ប្រមុខ​របប​យោធា​សៀម លោក ប្រា​យុទ្ធ ចាន​អ៊ូ​ចា ត្រូវបាន​ស្រង់​សំដី​នៅក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា ប្រ​ទេ​សៀម​បាន​ចាត់វិធានការ​មួយចំនួន​កាលពី​អតីតកាល ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ​បរទេស ប៉ុន្តែ វិធានការ​ទាំងនោះ​មិនដែល​ត្រូវបាន​អនុវត្តន៍​ទេ​។ ដូច្នេះ​ត្រូវការ​កែលម្អ​ទាំង​ប្រសិទ្ធភាព និង​បញ្ហា​ច្បាប់ ។ ប៉ុន្តែ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស នៅតែ​បន្ត​ដាក់​ការសង្ស័យ​ចំពោះ​ការប្តេជ្ញា​របស់​របប​ដឹកនាំ​ប្រទេស​សៀម ហើយ​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រទេសជិតខាង​សៀម គប្បី​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​ការពារ​ពលករ​របស់​ខ្លួន ដែល​កំពុង​ត្រូវគេ​រំលោភបំពាន​លើទឹក​ដី​សៀម​។​

​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​បាន​លើកឡើងថា ក្រុម​ខ្លួន​នឹង​រង់​ចាំមើល​ផែនការ​ថ្មី​របស់​រដ្ឋាភិបាលយោធា​សៀម តែ​ជាទូទៅ គេ​សង្កេតឃើញថា ស្ថានភាព​អាក្រក់​របស់​ពលករ​ចំណាកស្រុក​កម្ពុជា​នៅតែ​កើតមាន​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​លោក​ហ៊ុន សែន មួយរូប​បាន​បង្ហើប​ថា  ប្រទេស​កម្ពុជា​តែងតែ​រត់​ពីក្រោយ​ប្រទេស​សៀម ហើយ​ប្រទេស​សៀម​តែងតែ​មិន​ឲ្យ​តម្លៃ​៕

Khmer-workers,-_CEN_9_3_15-(1) 140614-vod-meta-d-gg-thai-take-worker-cambodia-back-raise-5-01 eree