អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង​លោក​ជា កុ​ណា​រ៉ា ជា​អ្នកកាង​បទល្មើស​ព្រៃឈើ​

បើទោះជា លោក ជា កុ​ណា​រ៉ា អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង​ដែល​រង​ការ​រិះគន់ថា​ជា​អ្នក​រត់ការ​បទល្មើស​ព្រៃ​ឈើ​មិនអាច​សុំ​ធ្វើការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន ដោយ​ទូរស័ព្ទ​របស់លោក​ត្រូវបាន​បិទ​ក៏ដោយ ក៏​ប្រភពពី​សមត្ថកិច្ច​ជំនាញ​នៅ​ក្រុង​បាន​លុង​ខេត្តរតនគិរី​បាន​បង្ហើប​ឲ្យ​ដឹងថា​លោក ជា កុ​ណា​រ៉ា បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​អាច​ដឹក​ចេញពី​ខេត្តរតនគិរី ឆ្លងដែន​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​ជា​បន្តបន្ទាប់​។​

​ទាក់ទិន​ករណី​ខាងលើ​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ច្រកទ្វារ និង​សមត្ថកិច្ច​យាម​តាម​ដងផ្លូវ​នៅ​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា រថយន្ត​ចំនួន​២​គ្រឿង ម៉ាក​យី​ឌុប ត្រូវ​គយ​ចល័ត​ចាប់បាន​តែមួយ​គ្រឿង ដោយ​មួយគ្រឿង​ទៀត​រត់​រួច​។ ប្រភព​ដដែល​បាន​រៀបរាប់ថា កន្លងមក​គយ​ចល័ត​បាន​ស្ទាក់​រថយន្ត​យី​ឌុប​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ 3A-0053 ចាប់​លើផ្លូវ​ជាតិ​លេខ​៧៨ ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ា ជំនួយការ​នាយដ្ឋាន​គ​យ និង​ស្រាវជ្រាវ​បទល្មើស ហើយ​នៅក្នុង​រថយន្ត​យី​ឌុប​មាន​សុទ្ធតែ​ឈើ​ប្រណីត ប្រភេទ​ធ្នង់ សរុប​ចំនួន​ជាង​៣០​ម៉ែត្រគូប ឈើ​ធ្នង់​ពាក់កណ្តាល គ្រញូង​ពាកកណ្តាល​។​

​ជុំវិញ​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ខាងលើនេះ មន្ត្រីរាជការ​ស្រុក​អូ​រយ៉ា​ដាវ​បាន​បង្ហើប​ប្រាប់​អ្នកយកព័ត៌មាន​ថា រថយន្ត​យី​ឌុប​ដែល​គយ​ចល័ត​ចាប់បាន​នោះ គឺ​ឈ្មោះ ជា កុ​ណា​រ៉ា អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ជា​អ្នក​រត់ការ រថយន្ត​យី​ឌុប​ទាំង​២​គ្រឿង ផ្ទុក​ឈើ​ប្រណី​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​យួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ការដែល​គយ​ចល័ត​ចាប់​បានតែ​១​គ្រឿង ព្រោះ​ឈ្មោះ ជា កុ​ណា​រ៉ា អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង រត់ការ​សមត្ថកិច្ច​តាម​ដងផ្លូវ​មិន​គ្រប់​ស្ថាប័ន​នោះទេ ទើប​សមត្ថកិច្ច​គយ​ចល័ត​ចាប់បាន​។​

​ប្រជាពលរដ្ឋ​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​រិះគន់ថា ប្រសិនបើ​ការ​ករណី​ខាងលើ​គឺជា​ការពិត​គឺជា​រឿង​សោកស្តាយ​ណាស់​សម្រាប់​សង្គម​ខ្មែរ ព្រោះ​ឈ្មោះ ជា កុ​ណា​រ៉ា អតីត​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង មាន​តួនាទី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ការពារ​ប្រយោជន៍​ជាតិ តែ​បែរជា​មក​រួម​ដៃ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ព្រឹ​ត្ត​បទល្មើស​ទៅវិញ​ដែល​បញ្ហា​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា​មន្ត្រី​មាន​តួនាទី​ការពារ​ព្រៃឈើ​បែរជា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទៅវិញ​៕

1da17372-6064-48c1-9106-5cae135a928b 2dd69cd0-48f0-4c7f-837e-85630924af83