រឿម វណ្ណៈ ប៉ះ Yorth Sayam សងសឹកជំនួសផល សោភ័ណ្ឌ ខណៈ ឈឿន ឆៃដែន ប៉ះថៃនៅ លើសង្វៀនSEA-TV នាពេលយប់

ភ្នំពេញ៖ អ្នកប្រដាល់ រឿម វណ្ណៈ សមាគមកីឡាក្រសួងការពារជាតិ ប្រកួតជាមួយអ្នកប្រដាល់ថៃ Phlav Fai ប្រកួត គ្នាក្នុងប្រភេទ ទម្ងន់៦៣,៥០០ គីឡូក្រាម ចំពោះ អ្នកប្រដាល់ ឈឿន ឆៃដែន ក្លឹបនិរោចមានជ័យ ប៉ះអ្នកប្រដាល់ Yorth Sayam ប្រកួតក្នុងទម្ងន់៦០ គីឡូក្រាម នៅក្នុងកម្មវិធីប្រដាល់ ពេលយប់ Black Cat លើសង្វៀនSEA-TV ថ្ងៃអាទិត្យ ទី០៦ ខែធ្នូ នេះ។

អ្នកប្រដាល់ថៃ Phlav Fai ធ្លាប់ត្រូវអ្នកប្រដាល់ ផល សោភ័ណ្ឌ ក្លឹបតាឡីដំរីមានរិទ្ធ វាយឲ្យសន្លប់ក្នុងទឹកទី២ម្តង មកហើយ។ Phlav Fai នេះនៅស្រុកថៃ គេជាអ្នកប្រដាល់ជើងខ្លាំងមួយដែរនៅក្នុងប្រភេទទម្ងន់៦៣,៥គ.ក្រនេះ។ អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតចំនួន៧៨លើក ឈ្នះ៦៧លើក ចាញ់១០លើក និង ស្មើ១លើក។ ចំណែក រឿម វណ្ណៈ ក៏អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជានេះ ធ្លាប់ប្រកួតជាមួយថៃបាន៤-៥ដងហើយ ដោយវាយឈ្នះ២លើក ស្មើមួយលើក និងចាញ់ថៃ២លើក។ វណ្ណៈ មានបទពិសោធន៍ច្រើនក្នុងការប្រកួត ដោយរូបគេវាយជាមួយថៃដូចវាយ ជាមួយខ្មែរគ្នាឯងដែរ គ្មានញញើតខ្លាចអ្វីបន្តិចទេ ហើយវណ្ណៈមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយ ស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។ វណ្ណៈ មានប្រវត្តិប្រកួតចំនួន៦២លើក ឈ្នះ៤៤លើក និងចាញ់១៨លើក ប៉ុណ្ណោះ។

រីឯអ្នកប្រដាល់ ឈឿន ឆៃដែន ក្លឹបនិរោចមានជ័យ ប៉ះអ្នកប្រដាល់ថៃ Yorth Sayam ប្រកួតក្នុងទម្ងន់៦០ គីឡូក្រាម។ អ្នកប្រដាល់កម្ពុជារូបនេះ ពុំមែនជាអ្នកប្រដាល់ធម្មតានោះឡើយ គេវាយល្អ និងខ្លាំង ដែលប្រកួតកម្រចាញ់ណាស់ ទោះប្រកួតជាមួយបរទេសណាស់។ ឈឿន ឆៃដែន ក្នុងការប្រកួត៧៤លើក វាយឈ្នះ៦១ ចាញ់១២លើក និងស្មើ១ លើក។ សម្រាប់ អ្នកប្រដាល់ថៃ Yorth Sayam នេះ មានកំណត់ត្រាប្រវត្តិ៧៦លើក ដោយវាយឈ្នះ៦៦លើក ចាញ់ ៩លើក និងស្មើ១លើក។

ចំពោះអ្នកប្រដាល់ យ៉ន ពិសី ក្លឹបសាលវ័ន្តកីឡាត្រូវជួបជាមួយអ្នកប្រដាល់ ប្រាក់ រ៉ាដេត ក្លឹបនិរោធមានជ័យ។ ចំណែកអ្នកប្រដាល់ ជួង ទីតា ក្លឹបខ្លារខិនមានរិទ្ធនឹងជួបអ្នកប្រដាល់ ម៉ូ រដ្ឋា ក្លឹបព្រៃទទឹងខេត្តបាត់ដំបង ប្រកួតគ្នា ក្នុងទម្ងន់៧០គីឡូក្រាម ៕

រឿម វណ្ណៈ ប៉ះ Yorth Sayam សងសឹកជំនួសផល សោភ័ណ្ឌ ខណៈ ឈឿន ឆៃដែន ប៉ះថៃនៅ លើសង្វៀនSEA-TV នាពេលយប់