Samsung ចាញ់​ក្ដី​Apple មួយ​ករណី​អស់​​​ប្រាក់​ជាង ៥៤៨​លាន​ដុល្លារ ​តែ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៣​ករណី​ទៀត

Samsung ចាញ់​ក្ដី​Apple មួយ​ករណី​អស់​​​ប្រាក់​ជាង ៥៤៨​លាន​ដុល្លារ ​តែ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៣​ករណី​ទៀត

ការ​សម្រេច​ចុងក្រោយ​របស់​សាលាឧទ្ធរណ៍​​រដ្ឋ​កាលីហ្វ័រញ៉ា​សម្រេច​ឲ្យ​Samsung ចាញ់​ក្ដី និង​តម្រូវ​ឲ្យ​បង់​ថ្លៃ​ខូចខាត​ដល់​ភាគី​ដើម​ចោទ (Apple) ជាង ៥៤៨​លាន​ដុល្លារ​អាមេរិក សម្រាប់​ការ​ចាញ់​ក្ដី ១ករណី និង​ត្រូវ​ប្រឈម​មុខ​ផ្លូវ​ច្បាប់ ៣​ករណី​ផ្សេង​ទៀត ​​លើ​ជម្លោះ​ប៉ាតង់​ដ៏​រ៉ាំរ៉ៃ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដឹក​មុខ​លើ​ពាណិជ្ជកម្ម​ទូរសព្ទ​ដៃ ដែលអូស​បន្លាយ​ពេលវេលា​តាំង​ពី ២០១២​ម្ល៉េះ។

 

យ៉ាង​ណា​មិញ សំណង​ជា​សាច់​ប្រាក់​ក្នុង​ទំហំ​ខាង​លើ គឺ​ចំពោះ​តែ​តិចណូឡូជី “pinch-to-zoom” មួយ​ករណី​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​តុលាការ​ឧទ្ធរណ៍​របស់​រដ្ឋ​ដដែល នឹង​បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើក​ទី​ពីរ ប៉ុន្មាន​ករណី​ផ្សេង​ទៀត​ដូចជា​ការ​ចម្លង​​​បច្ចេកវិទ្យា “Slide-to-unclok”, “Autocorrect” និង “qucklink” ដែល​Apple អះអាង​ថា Samsungចម្លង នៅ​ឆ្នាំ​២០១៦។

 

Samsung មាន​ពេល​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល ប្រសិន​បើ​មិន​សុខ​ចិត្ត​លើ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រហូត​ដល់​ថ្ងៃ​ទី ១៤ ធ្នូ​នេះ។ ផ្ទុយ​ទៅ​វិញ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ការ​ទូទាត់​សាច់​ប្រាក់​ពី​Samsung ទៅ​ឲ្យ​Apple នឹង​ធ្វើ​ឡើង​នៅ​១០​ថ្ងៃ​បន្ទាប់ (សែក​វិក្កយបត្រ​ប្រាក់ ៥៤៨.១៧៦.៤៧៧ដុល្លារ apple បញ្ជូន​ទៅ​ដល់​ដៃ​ការិយាល័យ​Samsung​កាល​ពី​ថ្ងៃ​ទី ៤ធ្នូ​ម្សិលមិញ)ឯ​ភាគី​Samsung ក៏​យល់​ព្រម​បង់​ប្រាក់​ក្នុង​បរិមាណ​ខាង​លើ​ឲ្យ​ទៅ​ភាគី​ឈ្នះ​ក្ដី​ដែរ។

 

Samsung ចាញ់​ក្ដី​Apple មួយ​ករណី​អស់​​​ប្រាក់​ជាង ៥៤៨​លាន​ដុល្លារ ​តែ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៣​ករណី​ទៀត

 

មេធាវី​ដែល​តាមដាន​រឿង​ក្ដី​ខាង​លើ​លោក​ Marcus Thymian បាន​ឲ្យ​ដឹង​ថា “​សំណង​ច្រើន​លាន​ដុល្លារ​ណាស់ ប៉ុន្តែ​បើ​ធៀប​នឹង​ចំណូល​ពី​Smartphone ដែល​ពួក​គេ​រក​បាន គឺ​អត់​ច្រើន​ទេ”។

 

ជុំវិញ​ក្ដីក្ដាំ​ខាង​លើ​រវាង​ក្រុមហ៊ុន​គ្រាក់ៗ​ទាំង​ពីរ​នេះ (នៅ​រដ្ឋកាលីហ្វ័រញ៉ា) Apple ទាមទារ​សំណង​រហូត​ដល់ ១,០៨​ពាន់​លាន​ដុល្លារ ប៉ុន្តែ​តួលេខ​នេះ ត្រូវ​បាន​តវ៉ា​នៅ​សល់​ត្រឹម​តែ​ជាង ៥៤៨លាន​ដុល្លារ​ប៉ុណ្ណោះ។

 

Samsung ស្នើ​ឲ្យ​​តុលាការ​ពិចារណា​ឡើង​វិញ​លើ​ការ​សម្រេច​នេះ។ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ផ្សេង​ទៀត​ដូចជា Google, Facebook, HTC និង​ eBay ជា​ដើម ភាគី​រង​គ្រោះ​រួម​គ្នា​​សម្ដែង​ក្ដី​បារម្ភ​ថា ការ​សម្រេច​នេះ​បាន​បង្កើត​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា និង​ហាក់​បី​ដូចជា​លើក​ទឹកចិត្ត​​ម្ចាស់​ប៉ាតង់​ឲ្យ​បង្កើត “ការ​ប្ដឹងផ្ដល់” ធំៗ​ដោយ​មិន​ស្មើភាព។​

 

តើ​ប៉ាតង់​លើ​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​នឹង​បើក​សវនាការ​ជំនុំជម្រះ​នា​ឆ្នាំ ២០១៦​ខាង​មុខ Samsung ឬ​Apple ជា​អ្នក​ឈ្នះ?

 

 

ដោយ៖ ចិត្ត
ប្រភព៖ appleinsider, ​koreaherald​, ​fossbytes

នាំមកជូនដោយ

Samsung ចាញ់​ក្ដី​Apple មួយ​ករណី​អស់​​​ប្រាក់​ជាង ៥៤៨​លាន​ដុល្លារ ​តែ​ត្រូវ​ប្រឈម​មុខ​ច្បាប់ ៣​ករណី​ទៀត