ពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ នៅ​សង្កាត់​បឹងកក់​ទី​១ ទទួលបាន​អំណោយ​ពី សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា

ភ្នំពេញ: អនុសាខា​កាកបាទក្រហម​ខណ្ឌទួលគោក សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​បាន​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា វេលា​ម៉ោង​៤:៣០​នាទី​រសៀល​នៅផ្ទះ​ដែលជា​សំណង់​មិន​រៀបរយ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ជាប់​តំបន់​អភិវឌ្ឍន៍​បឹងកក់ ក្រុម​៥៤ ភូមិ​១៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ចំនួន​២៨​គ្រួសារ ដើម្បី​ជាការ​រួមចំណែក​រំលែក​ទុក្ខលំបាក​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនេះ​។​

​ពិធី​នេះ​មានការ​ចូលរួម​ដោយ​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ ខឹម​សម្បត្តិ ជា​ព្រះចៅអធិការ​វត្ត​ញាណ​រង្សី និង​ជា​ប្រធាន សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធសាសនា​កម្ពុជា និង​ព្រះ​តេជគុណ ងិន ភី​ន អនុគណ​ខណ្ឌទួលគោក រួម​នឹង​លោក​សាំង សុភ​វិចិត្រ ប្រធាន​គណៈកម្មការ​អនុសាខា​កាកបាទក្រហម​ខណ្ឌទួលគោក​។​

​លោក​ម៉ែន សិរី អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌទួលគោក បាន​ឲ្យ​ដឹងថា អំណោយ​ដែល​បាន​យកមក​ប្រគល់ជូន​បងប្អូន​ទាំង​២៨​គ្រួសារ​នេះ គឺ​បានមកពី អាជ្ញាធរ​ខណ្ឌទួលគោក ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ ខឹម​សម្បត្តិ​រាជាគណៈ​ថ្នាក់​កិត្តិយស ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គ​មហាសង្ឃរាជ​ធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស និង​ជា​ព្រះចៅអធិការ​វត្ត​ញាណ​រង្សី ព្រះ​តេជគុណ ងឹ​ន ឃីម ព្រះចៅអធិការ​វត្ត​នាគ​វ័ន និង​សប្បុរសជន​ដែលជា​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​សង្កាត់​បឹងកក់​ទី​១​ផងដែរ​។​

​ជាមួយគ្នានេះ​ដែល​ព្រះ​តេជគុណ ខឹម សម្បត្តិ បាន​មាន​សង្ឃដីកា​ថា ការផ្តល់​អំណោយ​មនុស្សធម៌​នេះ​ជា​កុសល​ដ៏​ធំធេង​ដែលនាំឱ្យ​យើង​មាន​សេចក្តីសុខ ហើយ​អំណោយ​ដែល​ប្រគល់​ឲ្យ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​នេះ គឺ​ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក និង​ការខ្វះខាត​ផ្សេងៗ សំរាប់​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌ​នេះ​បាន​មួយគ្រា​ផងដែរ ។​

​ចំពោះ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន ត្រូវបាន​បែងចែក​ជា​២​ចំណែក ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់នោះ​មាន​ចំនួន​៥​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្គរ​៥០​គីឡូក្រាម មី​មួយ​កេស​តង់​១ ត្រីខកំប៉ុង​១០​កំប៉ុង ទឹកត្រី​៦​ដប ទឹកស៊ីអ៊ីវ​០៦​ដប ស្ករស​១​គីឡូក្រាម ទឹកដោះគោ​១ កំប៉ុង សារុង​១​សម្ភារៈ​ផ្ទះបាយ​មួយចំនួន​និង​ថវិកា​២២​ម៉ឺន​រៀល​។ ចំណែក​គ្រួសារ​ដែល​ជួល​បន្ទប់​ស្នាក់នៅ​ចំនួន​២៣​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្គរ​២៥​គីឡូក្រាម សារុង​១​និង​ថវិកា​១១​ម៉ឺន​រៀល​៕​