ឧកញ៉ា អ៊ុក គឹម​សាន និង​មេការ​ឈ្មោះ សារ៉ាត់ បន្ត​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង យ៉ាង​មហន្តរាយ​

​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ហេតុនេះហើយ​ទើប​ឧកញ៉ា អ៊ុក គឹម​សាន និង​មេការ​ឈ្មោះ សារ៉ាត់ បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មេការ​របស់​ឧកញ៉ា អ៊ុក គឹម​សាន ឈ្មោះ សារ៉ាត់ ហ៊ាន​បង្ហាញ​ភាព​គឃ្លើន​ដាក់​សមត្ថកិច្ច​ជា​បន្តបន្ទាប់​ដោយសារតែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ ការពារ​មុខរបរ​ខុសច្បាប់​របស់ខ្លួន​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក ព្រោះ​ក្រុម​ជនល្មើស​មិន​ញញើត​និង​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ឡើយ​។ ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មោះ សារ៉ាត់ ជា​មេការ​របស់​ឧកញ៉ា អ៊ុក គឹម​សាន នៅតែ​បន្តធ្វើ​សកម្មភាព​ទិញ​ឈើ​ក្នុងស្រុក​ទាំង​៣​ខាងលើ ហើយ​ដឹកជញ្ជូន​ចូល​ឃ្លាំង​ដ៏​ធំ​មួយ​ក្នុង​ក្រុង​ស្ទឹងត្រែង​។ សកម្មភាព​របស់​ឈ្មោះ សារ៉ាត់ ទំនងជា​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរខេត្ត​ស្ទឹងត្រែង មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ប្រណីត​និង​ដឹកជញ្ជូន​ខុសច្បាប់​នៅក្នុង​ខេត្តស្ទឹងត្រែង ជាបន្ទាន់​។ ដោយសារ​ថា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ឧកញ៉ា អ៊ុក គឹម​សាន និង​មេការ​ឈ្មោះ សារ៉ាត់ បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង ហើយ​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការនេះ​បានធ្វើ​ឲ្យ​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស ក៏ដូចជា​ឧទ្យាន​ជាតិ​វីរៈ​ជ័យ កំពុង​ប្រឈម​នឹង​សេចក្តី​វិនាស ហើយ​ឧកញ៉ា អ៊ុក គឹម​សាន អាច​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ទៅវិញ​៕

ouk-rabun12​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ W@t-041227