ក្រុម​ចោរ​គាស់​ចំរឹង​បង្អួច​ផ្ទះ​បើក Wing មួយ​កន្លែង ចូល​ប្លន់​ទាំង​កណ្តាលអធ្រាត្រ

ខេត្តបាត់ដំបង ៖ ផ្ទះ​បើក​សេវា Wing មួយ​កន្លែង ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់ ធ្វើ​សកម្មភាព​គាស់​ចំរឹង​បង្អួច​ចូល​ភ្ជង់​ម្ចាស់ផ្ទះ ខណៈ​កំពុង​ដេក​លង់លក់ ដោយ​ត្រូវ​ក្រុម​ចោរ​ចាប់ចង​ស្លាក​សេក​គ្រប់​គ្នា រួច​រើ​កកាយ​ជជុះ​អីវ៉ាន់​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ នេះ ស្ថិត​​នៅ​ចំណុច​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ត្រូវ​បាន​ស្គាល់ ១-​ឈ្មោះ​អ៊ូច ងឿ​ន អាយុ​៤២​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បានឱ្យ​ដឹង​ថា ក្រុម​ចោរ​ទាំងនោះ​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង និង​ខ្លី​គ្រប់​ដៃ​បាន​យក​មក​ភ្ជង់​ពួក​គាត់ តែ​មិន​បាន​ប្រើ​ហិង្សា ឬ​បាញ់​នោះ​ទេ ។ ក្រុម​ចោរ​ទាំងនោះ រើ​កកាយ​ក្នុងផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​គិត​ជាបឋម មាន​ប្រាក់​ខ្មែរ​ចំនួន​៣០​លាន​រៀល​, ប្រាក់​ថៃ​៣​ម៉ឺន​បាត​, គ្រឿងអលង្ការ​ប្លា​ទី​ន​១៤​ជី និង​ម៉ូតូ​ធុន​C125 ស៊េរី​០១២​មួយ​គ្រឿង ។ ប្រភព​បន្ត​ថា ម៉ូតូ​ត្រូវ​ក្រុម​ចោរ​ជិះ​ចេញ​ទៅ ដោយ​ពួក​វា​យក​ទៅ​ប្លុង​ចោល​ចម្ងាយ​ពី​ផ្ទះ​១​គីឡូម៉ែត្រ រួច​គេចខ្លួន​អស់ ។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​ផ្តន្ទាទោស​ឱ្យ​ខាង​តែ​បាន ។