​ពលរដ្ឋ និង​គ្រូ​បង្រៀ​ន​ ព្រួយបារម្ភ​​ពី​បញ្ហា​សុវត្ថិភាព​សិស្សានុសិស្ស ខណៈ​ខ្សែភ្លើង​ធ្លាក់​រាយ​ពេញ​​​ដី ​

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ ក៏​ដូច​ជា​លោកគ្រូ អ្នកគ្រូ ដែល​កំពុងធ្វើការ​បង្រៀន​នៅក្នុង​សាលា​មួយ កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​​សុវត្ថិភាពដល់​សិស្សានុសិស្ស ខណៈ​ខ្សែភ្លើង​ជា​ច្រើន​ខ្សែ​បាន​ធ្លាក់​​រាយ​ពាស​ពេញ​​ផ្ទៃដី​ជា​យូរ​ថ្ងៃខែ​​​​មក​ហើ​យ តែ​គេ​​មិន​​ឃើញ​មាន​​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​អគ្គិសនី​ណា​ម្នាក់​​ចុះ​ទៅ​ត្រួតពិនិត្យ និង​លើក​​ខ្សែភ្លើង​ទាំងនោះ​​​​ឡើយ ។

ជាក់ស្តែង​ កាលពី​វេលា​ម៉ោង០​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ​ធ្នូ ​២០១៥ នេះ គេ​​​ឃើញ​ខ្សែភ្លើង​ជា​ច្រើន​ខ្សែ​កំពុង​ធ្លាក់​ពីលើ​​បង្គោល​នៅ​​រាយ​ពេញ​ផ្ទៃដី​​ដដែល ស្ថិត​នៅ​ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​​៥៧ ទល់មុខ​​​សាលា​បឋម​សិក្សា​បឹង​​ព្រលិត ក្នុងភូមិ​បឹង​ព្រលិ​ត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​​ពី​ពលរដ្ឋ​ជា​ច្រើន​នាក់​​រស់នៅ​ក្បែរ​នោះ​​បាន​លើក​ឡើង​ថា ខ្សែភ្លើង​ជា​ច្រើន​ខ្សែ​ដែល​ធ្លាក់​ពី​បង្គោល​រាយ​​ពាស​ពេញ​ផ្ទៃដី​មុខ​សាលារៀន​នេះ បាន​កើត​ឡើងជា​យូរ​ថ្ងៃខែ​មក​ហើយ ។ បើ​ទោះបីជា​ពួក​គាត់​បាន​រាយការណ៍​​ជូន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​អគ្គិសនី​​ជា​ច្រើន​លើក​ច្រើន​សារ​​យ៉ាងណា ក៏​គ្មាន​អ្នក​យកចិត្តទុកដាក់​ចុះ​ទៅ​ត្រួត​ពិនិត្យ​មើល ឬ​លើកដាក់​លើ​បង្គោល​ភ្លើង​វិញ​នោះ​ដែរ ពោល​​គឺ​ធ្វេសប្រហែសបណ្តែត​ប​ណ្តោយ​ខ្សែភ្លើង ដែល​អាច​​ឆក់​មនុស្ស​នៅ​បែប​នេះ​ដដែល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព