ដំណាំ​សណ្តែកកួរ តាម​លក្ខណៈ​បច្ចេកទេស​ទទួល​ទិន្នផល​ខ្ពស់​

​សណ្ដែកកួរ​ជា​រុក្ខជាតិ​បន្លែ​មួយ​ប្រភេទ ដែល​ប្រជាកសិករ​មួយចំនួន​តែង តែ​ដាំ នៅ​គ្រប់​ទីក​ន្លែ និង គ្រប់​រដូវ​កាល ដើម្បី​យកទៅលក់​បម្រើ​តម្រូវការ​លើ​ទីផ្សារ​។ វិធីសាស្ត្រ​នៃ​ការដាំ​សណ្ដែកកួរ​របស់​ប្រជាកសិករ​ទាំងនោះ មាន​អ្នកខ្លះ​បានទទួល​ផល​ល្អ ខ្លះ​បាន​ទទួលផល​មិនសូវ​ល្អ​ទេ ព្រោះ​ពួកគាត់​ពុំ​ដាំ​តាម​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ។ បងស្រី សែត ណែម ជា​សមាជិក​គម្រោង​កាត់​បន្ថយ​ភាពក្រីក្រ និង អភិវឌ្ឍន៍​កសិកម្ម ខ្នាតតូច​តំបន់​បឹង​ទន្លេសាប​របស់​ADB នៅ​ភូមិ​រោល​ផ្អែម ឃុំ​ដូនតី​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​កសិករ​ដែល​ដាំ​សណ្តែកកួរ​តាម​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ ធ្វើឱ្យ​គាត់​បានទទួល​ជោគជ័យ​ក្នុង​ការដាំ​សណ្តែកកួរ​នេះ ។

បងស្រី​មានប្រសាសន៍ថា ការដាំ​សណ្តែកកួរ​នៅលើ​ផ្ទៃដី ១៥ ម៉ែត្រ គុណ ៦០ ម្រ៉ែ​ត ធ្វើ​ឲ្យ​គាត់​អាច​រកចំណូលបាន ២ លាន​រៀល​ក្នុង​មួយខែ បើ​គាត់​លក់រាយ​នៅក្នុង​ភូមិ មួយ​គីឡូក្រាម​ថ្លៃ ៣ ០០០ រៀល ហើយ​គាត់​លក់ដុំ​ឲ្យ​ផ្សារ​ទំនើប​ភ្នំពេញ​មួយ​គីឡូក្រាម​ថ្លៃ ២ ០០០ រៀល ។ ក្រោយពី​ការដាំ​សណ្តែកកួរ​របស់គាត់​បា​ន​ទទួលជោគជ័យ ប្រជាកសិករ​នៅក្នុង​ភូមិ​ជាច្រើន​គ្រួសារ​ទៀត បាននាំគ្នា​រៀន​បទពិសោធ​ពី​គាត់ និង ដាំ​សណ្តែកកួរ​នេះ ។ ជាការ​ពិតណាស់​របៀប​នៃ​ការដាំ​សណ្ដែកកួរ បើ​យើង​គិត​ទៅ​គឺ​ទំនងជា​ងាយស្រួល​ដាំ ហើយ​មិនមាន​ការព្រួយបារម្ភ​អំពី​ការថែទាំ ហើយ​បាន ទទួលផល​ឆាប់ ។

ផ្ទុយទៅវិញ ការដាំ​សណ្ដែកកួរ​តាម​បច្ចេកទេស គឺអាច​ធ្វើឱ្យ​ចំណេញ​ពេលវេលា ហើយ​បើសិនជា​យកទៅលក់​ក៏បាន​តម្លៃ​ថ្លៃ​គួរសម​ដែរ ។ ការដាំ​សណ្ដែកកួរ​តាម​បច្ចេកទេស គឺអាច​ចំណេញ​ពេលវេលា ហើយ​ទទួល​ទិន្នផល​ល្អ និង អាច មានតម្លៃ​ថ្លៃ​នៅលើ​ទីផ្សារ​ទៀត ។ បងស្រី សែត ណែម បានបង្ហាញ​អំពី​របៀប​ដាំ​សណ្តែកកួរ​នេះ​ថា គាត់​បានទទួល​ឯកសារ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ដែល​បានបង្ហាញ​ពី​បច្ចេកទេស​នៃ​ការដាំ​បន្លែ​សណ្ដែក កួរ ដែលមាន​ដំណាក់កាល​ធំៗ​រួមមាន ៖​ ​

*​ការលើក​រង​
​ដំបូង​ត្រូវ​សម្អាត​ដីចម្ការ ហើយ​រើស​ស្មៅ​ចេញ​ឱ្យអស់ ភ្ជួរ​រាស់​ដី​ឱ្យបាន​ម៉ដ្ឋ​ល្អ ហើយ​ហាល​ឱ្យបាន​ពី ១០ ទៅ ១៥ ថ្ងៃ និង ភ្ជួរ​ដី​ជម្រៅ​ពី ១៥ ទៅ ២០​សង់ទីម៉ែត្រ ។ ធ្វើ​រង​ឲ្យ​បាន​ទទឹង​ប្រវែង ១ ម៉ែត្រ និង បណ្ដោយ​ទៅតាម​លទ្ធភាព​ដី តែ​មិន​គួរឱ្យ​លើសពី​១៥ ម៉ែត្រ ដែល​ធ្វើឱ្យ​ពិបាក​ក្នុង​ការថែទាំ ដូចជា​ស្រោច​ទឹក និង ដកស្មៅ​ជាដើម ហើយ​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ អាចមាន​ចន្លោះ ០,៥ ម៉ែត្រ ។ កម្ពស់​វិញ នៅ​រដូវប្រាំង រង​មាន​កម្ពស់​ពី ២០ ទៅ ៣០​សង់ទីម៉ែត្រ នៅ​រដូវវស្សា​ត្រូវធ្វើ​រង​កម្ពស់​ពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ ។ ត្រូវដាក់​លាមក​សត្វ​ស្ងួត ឬ​ជី​កំ​ប៉ុស្ដិ៍​ចំនួន​ពី ១ ទៅ ២ គីឡូក្រាម ក្នុង​ផ្ទៃដី​រង ១​ម៉ែត្រការ៉េ កប់​ទ្រាប់​បាត​រង ដោយ​ច្របល់​វា​ឱ្យ​សព្វ​ល្អជា​មួយ​ដី​រង ។

ត្រូវ​គ្រ​បរង ដើម្បី​ទប់ស្កាត់​ការហូរ​ច្រោះ​រង​ការពារ​សំណើម​ដី កាត់បន្ថយ​ការ​ដុះ​ស្មៅ ។ យើង​អាចធ្វើ​រង​បាន ២ ប្រភេទ ដូចជា​ការធ្វើ​រង​ប្រើ​ប្លា​ស្ទិ​ក​គ្រប​ដី និង ធ្វើ​រង​ដោយ​ប្រើ​ចំបើង​គ្រប​ក៏បាន ។ ការធ្វើ​រង​ប្រើ​ប្លា​ស្ទិ​ក​គ្រប​ដី ទី ១ ប្រើ​ខ្សែ​ទាញ​តម្រង់ ដើម្បី​ចោះ​រណ្ដៅ​ដាំ​កូន និង ប្រើ​ខ្នាត​សម្រាប់​ចោះ​រណ្ដៅ​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ ។ ទី ២ ប្រើ​កំប៉ុង​ក្ដៅ​សម្រាប់​ចោះ​រណ្ដៅ ទី ៣ រៀបចំ​ទ្រើង​សំណាញ់ ឬ កូនឈើ​ឱ្យ​ហើយ មុននឹង​ដាំ​កូន ឬ គ្រាប់ ។ ការធ្វើ​រង​ដោយ​ប្រើ​ចំបើង​គ្រប​មិនមាន​អ្វី​ស្មុគស្មាញ​នោះទេ ដោយ​គ្រាន់តែ​យក​ចំបើង​គ្រប​ជាការ​ស្រេច ។​

*​ការដាំ​សណ្ដែកកួរ​ដោយ​បណ្ដុះ​គ្រាប់​មុន​ដាំ​
​មុននឹង​បណ្ដុះ​គ្រាប់​យើង​ត្រូវធ្វើ​រាន​បណ្ដុះ​កូន​សិន ការធ្វើ​រោង​បណ្ដុះ​កូន​បន្លែ​គឺអាច​ធ្វើឱ្យ​គ្រាប់​ដុះ​បានល្អ កាត់បន្ថយ​ការ​រលួយ​កូន និង អាច​ការពារ​កូន​ដំណាំ​បាន​ពី​ការឆ្លង​ជំងឺ​ពី​សត្វល្អិត​ចង្រៃ ។ រោង​បណ្ដុះ​កូន​បន្លែ​មាន ដូចជា ដំបូល​សម្រាប់​គ្រប​រាន​ត្រូវមាន​កម្ពស់​ពី ១,៨ ទៅ​២ ម៉ែត្រ ដើម្បី​ងាយស្រួល​ចេញចូល​ថែទាំ​កូន ហើយ​ចំណែក​កម្ពស់​រាន ពី ០,៨ ទៅ ១ ម៉ែត្រ និង មាន​ដំបូល​ការពារ​ទឹក​ភៀ​ង និង សំណាញ់​ការពារ​ពន្លឺ​ថ្ងៃ ហើយ​ត្រូវមាន​ជញ្ជាំង​ធ្វើ​ពី​សំណាញ់​មុង ការពារ​សត្វល្អិត ។

​ករណី​មួយទៀត ការរៀបចំ​ដី​បណ្ដុះ​កូន​សណ្ដែកកួរ ត្រូវយក​ដី​មាន​ជីជាតិ ១ ភាគ លាយ​ជាមួយ​ដី​លាមក​គោ​ស្ងួត ឬ ជី​កំ​ប៉ុស្តិ៍ ២ ភាគ និង ផេះ​អង្កាម​ពី ៣ ទៅ ៤ ភាគ ម្យ៉ាងទៀត​យក​ល្បាយ​ដែល​បាន​ច្របល់​គ្នា​ឱ្យ​សព្វ ហើយ​យកទៅ​លីង​រហូត​ក្ដៅ​សព្វ​ទាំងអស់ ។ ការរៀបចំ​បណ្ដុះ​គ្រាប់សណ្ដែក​កួរ​គឺ​ត្រូវ​រៀបចំ​បណ្ដុះ​គ្រាប់​ព្រម​ជាមួយគ្នា​នឹង​ការលើក​រង​ដាំ​ដែរ ហើយ​ការបណ្ដុះ​គ្រាប់សណ្ដែក​កួរ​នោះ​គឺ​ត្រូវយក​គ្រាប់​វា ១ គ្រាប់ ដាក់​បណ្ដុះ​ផ្ទាល់​ក្នុង ១ កន្ទោង ឬ ១​រន្ធ បន្ទាប់មក​រោយ​ដី​ស្ដើងៗ​ពីលើ​គ្រាប់ ត្រូវ​ស្រោច​ទឹក​រៀងរាល់​ព្រឹក​ឱ្យ​ជោក​ល្មម​ពី ១ ដង​ទៅ ២ ដង​ក្នុង​មួយថ្ងៃ ។​

*​ការដាំ​កូន​សណ្ដែកកួរ​
​បន្ទាប់ពី​គ្រាប់​ដុះ​បាន ៣ ថ្ងៃ​ហើយ យើង​ត្រូវ​ពង្រឹង​កូន​សណ្ដែកកួរ​សិន មុននឹង​យកទៅ​ដាំ ដោយ​ដាក់​កូន​សណ្ដែកកួរ​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ។ ការពង្រឹង​កូន​បែបនេះ​នឹង​ជួយ​ឱ្យ​កូន​សណ្ដែក​រឹងមាំ​ល្អ បន្ទាប់ពី​ដាំ​ហើយ​នោះ​។ ជា ការកត់សម្គាល់​កូន​សណ្ដែក​អាយុ​ចន្លោះ ពី ៦ ថ្ងៃ​ទៅ ៨ ថ្ងៃ​អាចយ​កវា​ទៅ​ដាំ បាន ។ របៀប​ដក​កូន​សណ្តែក​កួរ​ចេញ ពី​កន្លែង​បណ្ដុះ​ឬ ក៏​ថាស​បណ្ដុះ គឺ​យក​ម្រាមដៃ​រុញ​បាត​ថាស​ឡើងលើ ហើយ​ដៃ​ម្ខាង​ទៀត​ដក​កូន​សណ្ដែកកួរ​ថ្ម​មៗ ដើម្បី​កុំឱ្យ​ដាច់​ប្ញ​ស ។ យើង​អាច​ដាំ​កូន​សណ្ដែកកួរ​នៅពេល​រសៀល ។ ទាំង នេះ​ជាការ​ដាំ​សណ្ដែកកួរ​តាម​ការបណ្ដុះ មុននឹង​ដាំ​នៅលើ​រង ។ យើង​ក៏​អាច​ដាំ​សណ្ដែកកួរ​ដោយផ្ទាល់​លើ​រង​ក៏​បានដែរ ។​

*​ការថែទាំ​
​មុនដំបូង​យើង​ត្រូវដាក់​ជី​បំប៉ន និង ស្រោច​ទឹក​ឱ្យ​ទៀងទាត់​ជាប្រចាំ ពេលវេលា និង បរិមាណ​ជី​ត្រូវដាក់​អាស្រ័យ​ទៅតាម​ប្រភេទ​ដី ។ ដាក់​ជី​បំប៉ន​ឱ្យបាន​រៀងរាល់ ៧ ថ្ងៃ​ម្ដង បន្ទាប់ពី​ដាំ​កូន​សណ្ដែកកួរ ។ និយាយ​ពី​របៀប​ដាក់​ជី​បំប៉ន​នោះ មានដូចជា​រង​គ្រប ប្លា​ស្ទិ​ក ឬ គ្រប​ចំបើង ត្រូវយក​ឈើបុក​រណ្ដៅ​សងខាង​គុម្ព​វា​ទើប​ដាក់​ជី ។ ដាំ​កូន​វា​បាន​រយៈពេល ១៤ ថ្ងៃ ត្រូវដាក់​ជី​ចម្ងាយ​ពី ១៨ ទៅ ២៥ សង់ទីម៉ែត្រ ។ យើង​ត្រូវដាក់​ជី​បំប៉ន​ឱ្យ​ទៀង ទាត់​ចន្លោះ​ពី ៧ ថ្ងៃ​ទៅ ១៥ ថ្ងៃ​ម្ដង បន្ទាប់ពី​ដាំ​កូន​សណ្តែកកួ​រហើយ គឺ​អាស្រ័យ​តាម​ប្រភេទ​ដី ។

មិនត្រូវ​ដាក់​ជី​នៅពេល​ថ្ងៃ​ក្ដៅ ដើម្បី​ចៀសវាង​ការ​ប៉ះ​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង បន្ទាប់មក​ត្រូវ​ស្រោច ទឹក​ភ្លាម ក្រោយពី​ដាក់​ជី​រួច ។ ចំពោះ​ការ​ស្រោច​ទឹក​យើង​ត្រូវ​ស្រោច​ទឹក​នៅពេល​ព្រឹក តាម​ចន្លោះ​រង ។ បើ​ស្រោច​ទឹក​ពេល​ថ្ងៃត្រង់ ឬ ពេល​ល្ងាច​អាចធ្វើឱ្យ​សណ្ដែកកួរ​មាន​បញ្ហា ដូចជា​រលួយ​ជាដើម ។ យើង​ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ទៀងទាត់ មិនត្រូវ​ឱ្យ​ដី​ស្ងួត​ពេក​ទេ ជាពិសេស​បន្ទាប់ពី​ដាំ​កូន​ហើយ ឬ គ្រាប់​ដុះ​ហើយ ។​

*​ធ្វើ​ទ្រើង​
​យើង​អាចធ្វើ​ទ្រើង​សណ្ដែកកួរ​តាមរបៀប​ផ្សេងៗ​គ្នា គឺ​យើង​អាច​ចង ខ្សែ​ផ្គុំ​ខាងចុង​ផ្នែក​ខាងលើ ប្រើ​សំណាញ់ ទ្រើង ឬ ប្រើ​កូនឈើ​ប្ញ​ស្សី ។ កសិករ​ត្រូវ​ជ្រើសរើស​ប្រភេទ​ទ្រើង​ណា ដែល​រឹងមាំ ។ បន្ទាប់មកទៀត​យើង​ត្រូវ​ជម្រះ​ស្មៅ​ឱ្យបាន​ស្អាត​ទោះបីជា​រង​គ្រប​ចំបើង ឬ គ្រប​ប្លា​ស្ទិ​ក​ក៏ដោយ ។​

*​ការការពារ​ឬ​ថែទាំ​កុំ​ឲ្យ​មាន​ជំងឺ​
​នៅក្នុង​សណ្ដែកកួរ​អាចមាន​ជំងឺ​ម្យ៉ាង ដែល​គេ​ហៅថា​ទ្រី​ប ។ ទ្រី​ប​គឺជា​ជំងឺ​បង្ក​ឱ្យ​ផ្កា​ប្រែ​ពណ៌​ត្នោត ក្លាយជា​ស្ងួត ហើយ​រហ័ស​ជ្រុះ ។ ទ្រី​ប​ជា​ភ្នា​ក់ ងារ​ចម្លង​វីរុស ធ្វើឱ្យ​ដើម​លូតលាស់​មិនបាន​ល្អ ។ ចំពោះ​វិធីសាស្ត្រ​ការពារ​វិញ​គឺ​ត្រូវ​ចៀសវាង​ការដាំ​សណ្ដែកកួរ​ដដែលៗ​ក្នុង​ចម្ការ​តែមួយ​ប្រើ​ប្លា​ស្ទិ​ក​គ្រប​ដី ។ ម្យ៉ាងទៀត​យើង​អាច​កម្ចាត់​តាមរបៀប​ដោយ​បាញ់ថ្នាំ​ក៏បាន ។​សណ្ដែកកួរ​ក៏​អាចមាន​ចៃ​ដែរ ចៃ​វា​អាច​បំផ្លាញ​ដំណាំ​គ្រប់​ប្រភេទ ។ គេ​អាច​សម្គាល់​ចម្ការ​បន្លែ​មាន​ចៃ​បាន ដោយសារ​មាន​ស្រមោច​ជាច្រើន​ប្រភេទ​រោម ឬ តោង​ឡើងលើ​ដំណាំ ។ រយៈ ពេល​ពី ៣ ទៅ ៤ ថ្ងៃ ធ្វើឱ្យ​ស្លឹក​ដំណាំ​រួញ​ព្រោះ​ចៃ​អាច​ចម្លងជំងឺ ឬ វី​រ៉ុ​ស​ទៅ​ដំណាំ​បាន ។ ចំណែក​វិធានការ​ការពារ​វិញ គឺ​យើង​ត្រូវ​បេះ​សម្បុក​ចៃ​ដោយ​ដៃ​ឬ ប្រើ​ប្លា​ស្ទិ​ក​គ្រប​ដី​ដាំ​ដំណាំ ដោយ​ប្រើ​អន្ទាក់​ស្អិត​ជាដើម ។​

*​ការប្រមូល​ផល​
​យើង​ត្រូវ​បេះ​សណ្ដែកកួរ ទៅ តាម​ទំហំ​តម្រូវការ​ទីផ្សារ ត្រូវ​បេះ​នៅ ពេលព្រឹក​ដោយ​ប្រើ​កន្ត្រៃ​កាត់​ទង ។​បេះ​ផ្លែ​ដាក់​ក្នុង​សម្ភារ​ដែលមាន​ផ្ទៃ​រលោង ដើម្បី​ចៀសវាង​ការ​កកិត​និង​ជាំ​ផ្លែ​។​ច្រក​ថង់​ដែលមាន​បរិមាណ​សមស្រប​មានគុណ​ភាពស្វិត​ទន់ ថង់​ត្រូវ​ចោះ​រន្ធ​តូចៗ​ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល ។ ចៀសវាង​ច្រក​បន្លែ​ច្រើន​ហួស​បរិមាណ ហើយ​មិនត្រូវ​ប្រើ​សម្ភារ​គ្មាន​ខ្យល់​ចេញចូល ព្រោះ​វា​ធ្វើឱ្យ​បន្លែ​ឆាប់​ខូចគុណភាព និង អាច​រលួយ​បាន ៕ លី​លី​

​ ​ ​

Related