ស្មោះត្រង់ និងគួរឲ្យសរសើរណាស់! សន្តិសុខវ័យជំទង់ម្នាក់ រើសបានប្រាក់ ជាងមួយម៉ឺនដុល្លាអាមេរិក រួចយកទៅឲ្យម្ចាស់គេវិញ

ថៃ៖ សន្តិសុខវ័យជំទង់ម្នាក់ ត្រូវបានគេសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ពីភាពស្មោះត្រង់របស់គេ បន្ទាប់ពីរើស បានប្រាក់ ៤​សែន​បាត (១១,១៤៤​ដុល្លារអាមេរិក) ហើយប្រគល់ទៅ ឲ្យម្ចាស់គេវិញនោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សន្តិសុខវ័យជំទង់ជនជាតិថៃខាងលើគឺមាន ឈ្មោះ Nattapong Rittidech អាយុ ១៩ឆ្នាំ ទើបតែចូលធ្វើការនៅឯក្រុមហ៊ុន Tesco Lotus ក្នុងមជ្ឈមណ្ឌល Sankong ខេត្ត Phuket ប្រទេសថៃ កាលពីថ្ងៃច័ន្ទ មុននេះ។ នៅក្នុងហេតុការណ៍នោះ សន្តិសុខវ័យជំទង់ Nattapong បាន​ប្រាប់​ឲ្យដឹង​ថា៖ “ពេល​នោះ​មាន បុរស​វ័យ​កណ្ដាល​ម្នាក់ ​កំពុង​​ឈរ​​បត់​ជើង​តូច​ក្បែរ​ខ្ញុំ​។ ដោយគាត់​បាន​ទុក​​កាបូប​​ពណ៌​ខ្មៅមួយ​​ នៅ​លើ​​ធ្នើរ​ត្រង់កន្លែង​បត់​ជើង​តូច​​ ​​​​បន្ទាប់ពីរួចរាល់ ​គាត់​ក៏​ដើរ​ចេញ​ទៅ​ដោយ​​ភ្លេច​យក​វាទៅ។ បន្ទាប់​ពី​ខ្ញុំ​បត់​ជើង​តូច​ រួចរាល់ ខ្ញុំ​ក៏​​រត់​ទៅ​រក​គាត់​ ប៉ុន្តែ​គាត់​បាន​ចេញ​ទៅ​បាត់​​​ហើយ ដូច​នេះ​ខ្ញុំ​ក៏​យក​កាបូប​នោះ​ទៅ​​កន្លែង​តុ​ផ្ដល់​ព័ត៌មាន។ ខ្ញុំក៏​មិន​បាន​បើក​មើល​ ថាមានអ្វីនៅ​ក្នុង​កាបូប​នោះ​ដែរ”។

ប្រហែលជា​ពីរ​ម៉ោង​ក្រោយ​ បុរស​ជាម្ចាស់​កាបូបនោះ ដែលមាន​ឈ្មោះថា Somkiet Jaturabandit ក៏បាន​ត្រឡប់ មក​​​​​​​មជ្ឈមណ្ឌល​ នោះវិញ ​ក្នុង​បំណង​ស្វែង​រក​​​កាបូប​ដែល​បាន​បាត់​ ដោយ​ភាពភ័យ​ព្រួយ។

ក្រោយពីខាង​បុគ្គលិក​​នៅតុផ្តល់​ព័ត៌មាន ​​​បាន​ប្រគល់​កាបូប​​លុយ​ទៅ​ឲ្យ​គាត់វិញហើយ គាត់ក៏បានឆែក មើលក្នុង កាបូប និងនិយាយ ទាំងសប្បាយចិត្តថា ទាំងអត្តសញ្ញាណប័ណ្ឌ និងឯកសារផ្សេងៗ គឺនៅក្នុងនោះទាំងអស់ មិនបាត់បង់នោះទេ ហើយលោកក៏ប្រាប់ឲ្យដឹងដែរថា គាត់ទើបតែដក ប្រាក់មួយចំនួនធំពី ធនាគារ មុនពេល ចូលក្នុងបន្ទប់ទឹកនេះឯង។  

ដោយការដឹងគុណ ម្ចាស់កាបូបនោះក៏បានឲ្យប្រាក់ ទៅសន្តិសុខក្មេងស្មោះត្រង់នេះ ចំនួន ៣ពាន់បាត (៨៤ដុល្លាអាមេរិក) ផងដែរ។ ចំណែក​សន្តិសុខ​ Nattapong រូបនេះ ក៏បាននិយាយថា ភាពស្មោះ​ត្រង់ទាំងនេះ គឺជាដំបូន្មានរបស់ម្ដាយ​ខ្លួន ដែលគាត់បានអប់រំ ទូន្មាន​​ ​ប្រៀន​ប្រដៅ​ កុំឲ្យយករបស់អ្នកដទៃ និងត្រូវស្មោះត្រង់នឹងការងារ។

គួរបញ្ជាក់ថា ជារៀងរាល់ថ្ងៃ សន្តិសុខ​ Nattapong ត្រូវធ្វើដំណើរ ៣០គ.ម ពីផ្ទះនៅឯ Sakoo មកធ្វើការនៅមជ្ឈមណ្ឌល ខាងលើ និង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ កូន៣នាក់ផងដែរ។ ជាចុងក្រោយ សន្តិសុខ​វ័យក្មេងរូបនេះ បាននិយាយថា រូបគេមិនអាចរកលុយច្រើនបានមែន តែរូបគេសប្បាយចិត្ដនឹងអ្វីដែលខ្លួនមែន ហើយប្រាក់ដែលទទួលបាន ៣ពាន់បាត នេះ រូបគេនឹងប្រគល់ទៅឲ្យម្ដាយ ៥០០បាត , ដាក់ចូលធនាគារ ១,៥០០បាត និង ទុក ១,០០០បាត សម្រាប់ថ្លៃចាក់សាំង៕

ស្មោះត្រង់ និងគួរឲ្យសរសើរណាស់! សន្តិសុខវ័យជំទង់ម្នាក់ រើសបានប្រាក់ ជាងមួយម៉ឺនដុល្លាអាមេរិក រួចយកទៅឲ្យម្ចាស់គេវិញ
រូបភាព សន្តិសុខវ័យក្មេង ស្មោះត្រង់ និងម្ចាស់កាបូប

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត