FUSO ផ្ទុះ​កង់​លាន់​ដូច​គ្រាប់បែក​លើ​ផ្លូវជាតិ​លេខ​៧ ផ្អើល​អ្នកស្រុក​ទាំង​កណ្តាលអធ្រាត្រ

ខេត្តត្បូងឃ្មុំ ៖ រថយន្ត​ម៉ាក Fuso មួយ​គ្រឿង​ដឹក​ទំនិញ​ពេញ​ហៀរ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-7591 ត្រូវ​គេ​ដឹង​ថា ជា​របស់​​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ បាន​ផ្ទុះ​កង់​លាន់​ដូច​គ្រាប់បែក​ ដែល​ហេតុការណ៍​នេះ បង្កឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ម្រាម​ទា​ឃ ឃុំ​ជី​រោ​ទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ដោយ​រថយន្ត​ឈប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧អស់​ជា​ច្រើន​ម៉ោង រហូត​ដល់​ព្រឹក​​តែ​ម្តង ។

ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា ខណៈ​ដែល​ពួក​គាត់​កំពុង​ដេក​លង់លក់​នោះ ស្រាប់តែ​ឮ​ស្នូរ​សំឡេង​ផ្ទុះ​ជា​ខ្លាំង លុះ​ពេល​នាំ​គ្នា​ចេញ​មក​មើល ស្រាប់តែ​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​១​គ្រឿង​ដឹក​ទំនិញ​ពេញ​បែក​កង់​២​គ្រាប់​ឡើង​ផ្អៀង​លើ​ទ្រូង​ថ្នល់ ។

រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៥ គេ​ឃើញ​កម្មករ​កំពុង​នាំ​គ្នា​ដោះ​ដូរ​កង់​រថយន្ត​ដែល​ផ្ទុះ ដើម្បី​ដាក់​ថ្មី​រួច​បន្តដំណើរ​ទៅ​មុខ​ទៀត ។