គ្រូបង្រៀន​៧​នាក់​របួសធ្ងន់​-​ស្រាល បន្ទាប់​បើករថយន្ត​តាកូម៉ា​បុក​របង​វត្ត

ខេត្ត​កំពង់​ចាម ៖ រថយន្ត​ម៉ា​ក​តា​កូ​ម៉ា​​មួយ​គ្រឿង ​បាន​បោះពួយ​យ៉ាង​លឿន​​លើ​ផ្លូវជាតិ​លេខ​​៧១ ហើយ​ក៏​ជ្រុល​ទៅ​បុក​របង​វត្ត​ភ្នំ​ទែ​ត​ក្រៅ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​​ចំនួន​៧​នាក់​ជិះ​ក្នុង​រថយន្ត​រង​​របួសធ្ងន់​-​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ហើយ​រថយន្ត​ត្រូវ​រង​ការ​ខូចខាត​យ៉ាង​ដំណំ ។

ហេតុការណ៍​នេះ ​កើតឡើង​កាល​ពីវេលា​ម៉ោង​១២ និង​៣២​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ ស្ថិត​នៅ​ភូមិ​បុសខ្នុរ ឃុំ​​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៧​នាក់ ១-​ឈ្មោះ​ជាង ណៃ អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ​យ៉ាវ យាន អាយុ​៤៥​ឆ្នាំ​, ៣-​ឈ្មោះ​សែ​ម សុ​ផា​ន់​នេ​ត អាយុ​២៧​ឆ្នាំ​, ៤-​ឈ្មោះ​ចាន់ ថុ​ល អាយុ​៣១​ឆ្នាំ ៥-​ឈ្មោះ​ឈិ​ម សំបូរ អាយុ​២៨​ឆ្នាំ ទាំង​៥​នាក់​រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​, ៦-​ឈ្មោះ​ជុំ សិប អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ប្រមាត់ដី ឃុំ​ស្វាយ​ទាប និង​៧-​ឈ្មោះ​យន់ ស៊ី​ណាត អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អង្គរ​ជ័យ​២ ឃុំ​កំណាត់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត ទាំង​៧​នាក់​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន ចំការលើ ។

នគរបាល​ ស្រុក​ចំការលើ​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​មាន​ជាតិ​អាល់កុល និង​ងងុយ​ដេក ទើប​ជួប​ហេតុការណ៍​ខាងលើ​នេះ ។ រថយន្ត​ត្រូវ​បាន​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បុសខ្នុរ​ស ព្រោះ​រង​ការ​ខូចខាត​ជា​ដំណំ និង​បែក​កង់​រថយន្ត​អស់​៣​គ្រាប់​ផង​ដែរ ។