​ចង់ឲ្យ​កូន​កើតមក “​ឆ្លាត​ ហើយសុខភាពល្អ” ម្តាយ​គ្រប់រូប​គួរតែ …

​ចង់ឲ្យ​កូន​កើតមក “​ឆ្លាត​ ហើយសុខភាពល្អ” ម្តាយ​គ្រប់រូប​គួរតែ ...

​ការ​មាន​ផ្ទៃពោះ ជា​រឿង​លំបាក និង​តឹងរឹង​ជាទីបំផុត​។ ប្រសិនបើ​អ្នក​ធ្វើ​មិនល្អ ធ្វេសប្រហែស ឬ​មិន​យកចិត្តទុកដាក់ នោះ​លទ្ធផល ប្រហែល​ជា​ធ្ងន់ធ្ងរ រហូត​អ្នក​នឹកស្មាន​មិន​ដល់​ទៀតផង​។

ទោះបីជា​យ៉ាងណា យើង​មិន​ទាន់​ពិភាក្សា​អំពី​ផលវិបាក ឬ​ផលប៉ះពាល់​នៅ​ថ្ងៃ​នេះ​នោះ​ទេ ប៉ុន្តែ យើង​នឹង​ប្រាប់​អ្នក អំពី​ចំណុច​សំខាន់​មួយ​ចំនួន ដែល​អ្នក​គួរតែ​កត់ត្រា​ទុក ដើម្បី​បង្កើត​កូន​ដ៏​ឆ្លាត​វៃ និង​មាន​សុខភាព​ល្អ​ ៖

​រៀបរាប់​ដំណើរ​ជីវិត​ជា​ម្តាយ និង​កូន​
​ទោះបីជា​កូន​ក្នុង​ផ្ទៃ មិន​ទាន់​យល់​ពី​សំដី​ដែល​អ្នក​និយាយ ប៉ុន្តែ ការរៀបចំ ត្រៀមខ្លួន និង​រៀបរាប់ ពី​ដំណើរ​ជីវិត​របស់​អ្នក និង​កូន​ឲ្យគេ​ស្តាប់ អាច​មាន​ផល​ល្អ ចំពោះ​អារម្មណ៍​នៃ​សម្លេង​របស់​អ្នក​។ ជា​ការពិត កូន​អ្នក​នឹង​កត់ត្រា​ទុក ហើយ​ចង់ចាំ​វា​។​

​ហាលថ្ងៃ​ឲ្យបាន​ច្រើន​បន្តិច​
​ពន្លឺ​ថ្ងៃ នាំយក​នូវ​វីតាមីន D ដ៏​មាន​សារៈសំខាន់ ដែល​រាងកាយ​ស្ត្រី​ជា​ម្តាយ​ត្រូវការ​។ ចូរ​កំណត់​ម៉ោង​ជា​ទៀងទាត់ ដើម្បី​ស្រូប​យក​ពន្លឺព្រះអាទិត្យ (​ប្រហែលជា ២០ នាទី​ក្នុង​មួយថ្ងៃ នៅ​ពេល​ព្រឹក​ព្រលឹម មិនមែន​ថ្ងៃត្រង់​)​។​

​រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​កូន ដោយ​ការ​ម៉ាស្សា​
​ប្រសិនបើ​អ្នក​ខិតខំ​បន្តិច នោះ​អ្នកនឹង​អាច បង្កើត​ទំនាក់ទំនង​ល្អ រវាង​អ្នក និង​កូន​បាន​ដោយ​ងាយ​។ សិល្បៈ​នៃ​ការ​ស្ទាប ដើម្បី​ចងសម្ព័ន្ធភាព​នោះ គឺ​ការ​ម៉ាស្សា​ឲ្យ​កូន​។ ចូរ​ដាក់​ដៃ​លើ​ពោះ ហើយ​ស្ទាបអង្អែល​ថ្នមៗ ជា​រៀងរាល់ថ្ងៃ​។ ព្យាយាម​និយាយ​លេង​ជាមួយ​កូន ពេល​ម៉ាស្សា​បែបនេះ ហើយ​ឪពុក​ក៏​អាច​ធ្វើ​ដូចគ្នា​។ ការ​ម៉ាស្សា​បែបនេះ នឹង​ធ្វើឲ្យ​ខួរក្បាល​កូន លូតលាស់​បានល្អ​។​

​តន្ត្រី​ជួយ​ឲ្យ​គំនិត​កូន​រីករាយ និង​មាន​សុខភាព​ល្អ​
​ពេល​អ្នក​ច្រៀង​ឲ្យ​កូន​ស្តាប់ ទារក​ក្នុង​ផ្ទៃពោះ នឹង​បញ្ចេញ serotonin និង​អ័រម៉ូន​រីករាយ​ផ្សេងៗ​ទៀត​។ ប្រសិនបើ​អ្នក​មិន​អាច​ច្រៀង​បានទេ អ្នក​អាច​ចាក់​ឌី​ស ឬ MP3 ឲ្យគេ​ស្តាប់​បាន​។​

​ចំណីអាហារ ដែល​ផ្តល់​នូវ​សុខភាព​ល្អ​
​ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ទទួល​ទាន​អាហារ ឲ្យបាន​ច្រើន​មុខខុសៗ​គ្នា លើកលែង​តែ​អាហារ​មួយចំនួន ដូចជា អាហារ​មាន​ជាតិ​ខ្លាញ់ ហ្កាស និង​ជាតិ​បា​រ៉​ត​ច្រើន​ជាដើម​។ បន្លែ និង​ផ្លែឈើ ជា​របស់​ចាំបាច់ ដែល​ស្ត្រី​មាន​ផ្ទៃពោះ មិន​អាច​អត់​បាន​។​

​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​តុល្យភាព​
​ពេល​មាន​កូន អ្នក​ត្រូវ​ស្តាប់ និង​គោរព​រាងកាយ​របស់​អ្នក​។ មិន​ត្រូវ​ញ៉ាំ​ច្រើន និង​មិន​ត្រូវ​ញ៉ាំ​តាមចិត្ត​ចង់​នោះ​ទេ​។ យ៉ាងណាមិញ លំ​ហាត់ប្រាណ ជា​កត្តា​ចាំបាច់ ដែល​អ្នក​គួរ​ធ្វើ អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

​មិន​អនុញ្ញាត​ឲ្យមាន​បញ្ហា​ផ្លូវចិ​ត្ត​ឡើយ​
​ពេល​អ្នក​ដឹងថា ខ្លួនឯង​មាន​ផ្ទៃពោះ ចូរ​បំបាត់ទុក្ខ​កង្វល់ និង​ស្ត្រេ​ស​ចេញ​ឲ្យអស់ បើសិនជា​ចង់ឲ្យ​កូន​មាន​សុខភាព​ល្អ និង​ឆ្លាត​វៃ​នោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។