ច្រករបៀង​ឆ្លង​ដែន​ខុសច្បាប់​ចូល​លេង​កាស៊ីណូ

ច្រករបៀង​ឆ្លង​ដែន​ខុសច្បាប់​ចូល​លេង​កាស៊ីណូ

ខេត្ត​ប៉ៃលិន ៖ ច្រករបៀង​លួចលាក់​មួយ​កន្លែង ស្ថិត​នៅ​និរតី​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ ទល់មុខ​កាស៊ីណូ​ក្រោ​ន ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​គេ​បើក​ឱ្យ​ជនបរទេស ជា​ពិសេស​ជនជាតិ​ថៃ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ ចូល​មក​លេងល្បែង​នៅ​កាស៊ីណូ​ក្នុង​ទឹកដី​ខ្មែរ​ជា​យូរ​ខែ​ឆ្នាំ​មក​ហើយ ។

សកម្មភាព​នេះ ធ្វើ​ឱ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​សុវត្ថិភាព ព្រោះ​អត់​មាន​មន្ត្រី​សមត្ថកិច្ច​ណា​ម្នាក់​ប្រចាំការ​ដើម្បី​ត្រួតពិនិត្យ និង​ឆែកឆេរ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ ដោយ​គ្រាន់តែ​មាន​អ្នក​ឈរ​ចាំ​កត់​ឈ្មោះ​យក​លុយ​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​បញ្ហា​នេះ​អាច​បង្ក​ទៅ​ជា​ឱកាស​ដល់​ជនខិលខូច​មួយ​ចំនួន ដែល​លួច​បន្លំ​នាំ​ចូល​នូវ​គ្រឿងញៀន និង​លុយ​ក្លែងក្លាយ​ឆ្លង​ដែន​ក៏​អាច​ថា​បាន តាម​ច្រក​មួយ​នេះ​ចូល​មក​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​និង​ធូររលុង ។ 

ការ​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​លួចលាក់​មួយ​នេះ ត្រូវ​បាន​គេ​សាងសង់​កូនខ្ទម​មួយ​នៅ​បាំង​ពីមុខ ហើយ​សង់​ស្ពានឈើ ដែល​មាន​ទទឹង​ជាង​១​ម៉ែត្រ មាន​បង្កាន់ដៃ និង​បណ្តោយ​ជាង​៥០​ម៉ែត្រ ដើម្បី​ឱ្យ​ជនបរទេស​ដែល​ឆ្លង​ដែន​ខុសច្បាប់​ចេញចូល​មក​លេងល្បែង​នៅ​កាស៊ីណូ​ទាំងអស់​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ការ​ឆ្លង​ដែន​នេះ គេ​ឃើញ​មាន​សន្តិសុខ​កាស៊ីណូ​ម្នាក់​ឈរ​យាម​ចាំ​មើលផ្លូវ និង​មាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ឈរ​ចាំ​រាប់​ចំនួន ហើយ​ការ​បង់​លុយកាក់​ទំនងជា​មិន​បាន​ចូល​ទៅ​ក្នុង​ថវិកាជាតិ​ឡើយ គឺ​ចូល​ទៅ​ក្នុង​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់​ក្រុម​ជន​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត គេ​ឧស្សាហ៍​ឃើញ​មាន​បញ្ហា​កើត​ឡើងជា​រឿយ​ៗ​នៅ​ក្បែរ​នោះ​ផង​ដែរ ខណៈ​ជនល្មើស​បង្កហេតុ​តែង​រត់​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​វិញ​យ៉ាង​រលូន ដោយ​គ្មាន​សមត្ថកិច្ច​ណា​ចាប់​យក​មក​ផ្តន្ទាទោស​បាន​ឡើយ ។

សាធារណ​មតិ មាន​សំណូមពរ​ឱ្យ​ជនបរទេស​ទាំងអស់​ចូល​មក​លេងល្បែង​នៅ​កាស៊ីណូ​ខាងលើ ត្រូវ​តែ​ឆ្លង​ដែន​តាម​ច្រក​ទ្វារ​អន្តរជាតិ ដើម្បី​ចៀសវាង​បញ្ហា​អសន្តិសុខ​ផ្សេង​ៗ ហើយ​ក៏​អាច​នាំ​មក​នូវ​ចំណូល​ដល់​ថវិកាជាតិ​ផង​ដែរ​។

លើស​ពី​នេះ​ទៀត អ្នក​ឆ្លង​ដែន​ទាំងអស់​ត្រូវ​តែ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដើម្បី​បង្ការ​ការ​នាំ​ចូល​គ្រឿងញៀន ។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភ្នាក់ងារ​ព័ត៌មាន មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺលោក សួ​ស សុខ​ដា​រ៉ា ប្រធាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំ​បាន​ទេ​។

ចំណែក​លោក ធៀ​ម សា​រឿ​ន អនុប្រធាន​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ខាងលើ បានឱ្យ​ដឹង​ថា ខាង​លោក​ធ្លាប់​ស្នើ​សុំ​ទៅ​ថ្នាក់លើ ដើម្បី​បិទ​ច្រក​ទ្វារ​មួយ​នេះ​ចោល​ដែរ ព្រោះ​ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​ផ្សេង​ៗ​កើតឡើង ដែល​នាំ​ឱ្យ​ពាក់ព័ន្ធ​ដល់​សមត្ថកិច្ច តែ​ខាង​ថ្នាក់លើ​សុំ​ឱ្យ​រង់ចាំ​មួយ​រយៈពេល​សិន​។ លើស​ពី​នេះ ខាង​លោក​ក៏​ធ្លាប់​ជម្រាប​ទៅ​អាជ្ញាធរ​ខេត្ត​ដែរ ប៉ុន្តែ​ពុំ​ទាន់​មាន ដំណោះស្រាយ​ណាមួយ​នៅឡើយ ។

លោក ហែម ឫ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត បានឱ្យ​ដឹង​ថា ខាង​ខេត្ត​បានឱ្យ​បិទ​ច្រក​នេះ​រួចរាល់​អស់ហើយ បើសិនជា​នៅ​មាន​ទៀត​ខាង​ខេត្ត​នឹង​ចាត់វិធានការ​។ ទោះបីជា​បែប​ណា រហូត​មក​ដល់​ពេល​នេះ​ច្រករបៀង​លួចលាក់​មួយ​នេះ នៅ​បើក​ឱ្យ​ជនបរទេស​ចូល​មក​លេងល្បែង​នៅ​កាស៊ីណូ​យ៉ាង​គគ្រឹកគគ្រេង​ដដែល ៕