ប្រុស​ប្រកាន់​ស្រី​ប្រកែក ល្បែង​ស្នេហ៍​ដែល​រុះ​រោយ បុរស​ក្លាយជា​អ្នក​ចាប់រំលោភ

ប្រុស​ប្រកាន់​ស្រី​ប្រកែក ល្បែង​ស្នេហ៍​ដែល​រុះ​រោយ បុរស​ក្លាយជា​អ្នក​ចាប់រំលោភ

ខេត្តបន្ទាយមានជ័យ ៖ រឿង​ក្ដី​ប្រុស​ប្រកាន់​ស្រី​ប្រកែក​បាន​ផ្ទុះ​ឡើង ហើយ​បុរស​ដែល​ជាប់ចោទ​ពី​បទ​ចាប់រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០៤ ខែធ្នូ​។ បុរស​ជាប់ចោទ​ឈ្មោះ សុខ សឿ អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ហូ​លី​ដេ ស្នាក់​នៅផ្ទះ​ជួល​ផ្កាយ​៣ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ថ្លែង​ថា ស្ត្រី​រង​គ្រោះ មាន​អាយុ​២៧​ឆ្នាំ បាន​ប្តឹង​ឈ្មោះ សុខ សឿ ពី​បទ​ចាប់រំលោភ រហូត​បាន​សម្រេច កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​០២ ខែធ្នូ ។ ប៉ុន្តែ​បុរស​ជាប់ចោទ​និយាយ​ថា ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​រហូត​បាន​សម្រេច​នោះ​គឺ​មិន​ពិត​ឡើយ ព្រោះ​ពួក​គេ​ស្រឡាញ់​គ្នា​យូរ​មក​ហើយ និង​មានការ​ចុះសម្រុង​នឹង​គ្នា​ទើប​អាច​ចូល​ទៅ​ដេក​ជាមួយ​គ្នា​តែ​ក្រោយមក​បែរជា​ប្តឹង​ចោទប្រកាន់​ពី​បទ​រំលោភ​ទៅ​វិញ​។

លោក​អធិការ​ថ្លែង​ថា ជនជាប់ចោទ​ក្រោយ​ពេល​ស្ត្រី​រង​គ្រោះ​ប្តឹង ក៏​បាន​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់ ។

ជា​ការ​កត់សម្គាល់ រឿង​ក្ដី​បែប​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​ជុំវិញ​រឿងរ៉ាវ​ស្នេហា ដែល​ទីបំផុត​តួ​បុរស​ៗ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​មុន​នឹង​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ដៃគូ​ស្នេហា ។ ចូរ​គិត​ថា បើសិនជា​នាង​ចោទ​ថា​ចាប់រំលោភ​នោះ តើ​មាន​ពាក្យ​អ្វី​ដោះសា​ទៅ ខណៈ​នាង​ទាមទារ​អ្វីមួយ​ហើយ​មិន​បាន​នោះ?