ប៉ូលីស FBI៖ សកម្មភាពបាញ់ប្រហារ នៅឯរដ្ឋកាលីហ្វ័រញ៉ា ជាអំពើភេរវកម្ម

សហរដ្ឋអាមេរិក៖ ក្រោយពីមានហេតុការណ៍ នាឯទីក្រុង San Bernadino នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងអំឡុងសប្តាហ៍នេះ ដែលបានបង្កឲ្យមនុស្ស ១៤នាក់ស្លាប់បាត់បង់ជីវិត រួចមកក្រុមមន្ត្រីប៉ូលីស FBI ក៏បានបើកការស៊ើបអង្កេត យ៉ាងក្តៅគគុក ជុំវិញករណីមួយនេះ។

យោងតាមប្រភពព័ត៌មាន BBC ដែលបានដកស្រង់ សម្តីរបស់លោក James Comey ប្រធាននាយកនៃ អង្គភាពប៉ូលីស FBI បានឲ្យដឹងថា ហេតុការណ៍ដ៏សែនអាក្រក់នោះ គឺជាសកម្មភាពមួយដែល បង្ហាញអំពីលក្ខណៈនៃអំពើ ភេរវកម្ម ហើយម្យ៉ាងវិញទៀត ក្រុមជនដៃដល់ដែល មាន២នាក់ជាប្តីប្រពន្ធនឹងគ្នានោះ គឺជាពួកសកម្មជន ភេរវករផ្ទាល់តែម្តង។

ប៉ូលីស FBI៖ សកម្មភាពបាញ់ប្រហារ នៅឯរដ្ឋកាលីហ្វ័រញ៉ា ជាអំពើភេរវកម្ម
ខ្មាន់កាំភ្លើងដែល ជាប្តីប្រពន្ធនឹងគ្នា ត្រូវបានប៉ូលីសបាញ់សម្លាប់ ក្រោយពីពួកគេធ្វើសកម្មភាព

ក្នុងនោះដែរក៏មាន ការបញ្ជាក់អំពីអត្តសញ្ញាណ នៃក្រុមខ្មាន់កាំភ្លើងទាំងនោះ ដែលមានដូចជា Tashfeen Malik វ័យ២៧ឆ្នាំ ត្រូវជាប្រពន្ធ និងម្នាក់ទៀតឈ្មោះថា Syed Rizwan Farook វ័យ២៨ឆ្នាំ ត្រូវជាប្តី ពួកគេទាំង២នាក់ ត្រូវបានប៉ូលីសបាញ់សម្លាប់ ក្រោយពីបានធ្វើសកម្មភាព បាញ់ប្រហារនាទីក្រុង San Bernadino។

លោក James Comey បានបញ្ជាក់បន្ថែមថា “ពួកគេទាំង២ អាចនឹងត្រូវទទួលបាន ការបញ្ចុះបញ្ចូល ពីសំណាក់ ក្រុមភេរវករ ក្រៅប្រទេស មុននឹងសម្រេចចិត្ត ធ្វើសកម្មភាពវាយប្រហារ មួយនេះហើយអ្វី ដែលយើងកំពុងតែសង្ស័យ នោះគឺថាពួកគេអាចមាន ទំនាក់ទំនងជាមួយ ក្រុមឥស្លាមជ្រុលនិយម ISIS តែមកទល់ពេលនេះ ពួកយើងមិនទាន់មាន ភស្តុតាងច្រើនពិតប្រាកដ ដើម្បីបញ្ជាក់ឲ្យរឹតតែច្បាស់ នៅឡើយនោះទេ យ៉ាងណាមិញ ពួកយើងក៏កំពុងតែ ធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ បន្តទៅទៀតហើយដែរ”។

ប៉ូលីស FBI៖ សកម្មភាពបាញ់ប្រហារ នៅឯរដ្ឋកាលីហ្វ័រញ៉ា ជាអំពើភេរវកម្ម
វត្ថុផ្ទាល់ខ្លួនមួយចំនួន របស់ជនដៃដល់ ជាខ្មាន់កាំភ្លើង

គូសបញ្ជាក់ផងដែរថា មានមនុស្សប្រហែលជា ៧៥ទៅ៨០នាក់ បានចូលរួមប្រជុំនៅក្នុង មជ្ឈមណ្ឌល Inland Regional Center ក្នុងអំឡុងពេលដែល មានការវាយប្រហារពី ក្រុមខ្មាន់កាំភ្លើង ទាំងនោះ ហើយជនរងគ្រោះដែលបានស្លាប់ នៅក្នុងហេតុការណ៍នេះ សរុបទាំងអស់គឺ១៤នាក់ ដែលក្មេងបំផុតមានអាយុ២៦ឆ្នាំ និងចាស់បំផុតមានអាយុ ៦០ឆ្នាំ ក្នុងនោះក៏មានមន្ត្រីប៉ូលីស ២រូប ទទួលរងរបួសផងដែរ៕

ប៉ូលីស FBI៖ សកម្មភាពបាញ់ប្រហារ នៅឯរដ្ឋកាលីហ្វ័រញ៉ា ជាអំពើភេរវកម្ម
ទិដ្ឋភាពពេលដែល ក្រុមអាជ្ញាធរជួយសង្រ្គោះ ជនរងគ្រោះពីអំពើបាញ់ប្រហារ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត