ប៉ូលីសថៃ អះអាងថា ក្រុម ISIS អាចនឹងវាយប្រហារ ក្នុងប្រទេសថៃ ពិតប្រាកដមែន!

ថៃ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីសថៃ បានអះអាង និងបញ្ជាក់ថា ក្រុម ISIS អាចនឹងធ្វើការ វាយប្រហារ នៅក្នុងប្រទេសថៃ ពិតប្រាកដមែន។

កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង បន្ទាប់ពីមាន សំបុត្រមួយច្បាប់ របស់អង្គភាព ប៉ូលីសពិសេសថៃ ផ្សាយចេញ ដើម្បីដាស់តឿន ដល់ប្រជាជនថៃ ចំពោះបញ្ហា គំរាមគំហែង វាយប្រហារ ពីក្រុមនៃរដ្ឋអ៊ីស្លាម ISIS។ រហូតមកដល់ ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ក៏មានការអះអាង និងបញ្ជាក់ ពីប៉ូលីសថៃ ចំពោះសំបុត្រ មួយច្បាប់នោះ ទៀតផង។

ប៉ូលីសថៃ អះអាងថា ក្រុម ISIS អាចនឹងវាយប្រហារ ក្នុងប្រទេសថៃ ពិតប្រាកដមែន!

អ្នកនាំពាក្យប៉ូលិស លោក​វរសេនីយ៍ឯក Krisana Pattanacharoen បាននិយាយថា «ខ្ញុំអាចបញ្ជាក់បានថា វាជាលិខិតមួយច្បាប់ ដែលផ្សាយចេញដោយ សាខាពិសេស របស់យើង»។

គួរឲ្យដឹងផងដែរថា ខ្លឹមសារនៅក្នុងសំបុត្រនោះ គឺបានបញ្ជាឲ្យប៉ូលីស បង្កើនការការពារសន្តិសុខ នៅក្នុងតំបន់សំខាន់ៗ បន្ទាប់ពីមាន ការព្រមានមួយ ពីអ្នកស៊ើបការណ៍សម្ងាត់រុស្ស៊ី ថាមានជនជាតិស៊ីរី ដែលពាក់ព័ន្ធ នឹងក្រុម ISIS ចំនួន១០នាក់ បានចូលមកក្នុង ប្រទេសថៃ នៅចន្លោះថ្ងៃទី ១៥ ដល់ ៣០ តុលា ឆ្នាំ២០១៥ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ នៅក្នុងសំបុត្រ ក៏បានបញ្ជាក់ច្បាស់ថា ក្នុងចំណោមជនជាតិស៊ីរី ទាំង១០នាក់នោះ គឺមាន ៤នាក់ បានធ្វើដំណើរ ទៅកាន់រមណីយដ្ឋាន ក្នុងទីក្រុងប៉ាតាយ៉ា, ២នាក់ ទៅកាន់ ភូកេត, ២នាក់ ទៅកាន់ ទីក្រុងបាងកក និង ២នាក់ ផ្សេងទៀត ទៅកាន់ទីតាំង មិនច្បាស់លាស់ ក្នុងទឹកដី ប្រទេសថៃ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសថៃ បានឲ្យដឹងថា ពួកគេកំពុងតែ ស្ថិតក្នុងដំណើរការ នៃការផ្ទៀងផ្ទាត់ របាយការណ៍ដែលទទួលបាន ពីអ្នកស៊ើបការណ៍សម្ងាត់ របស់រុស្ស៊ី ខណៈវិធានការសន្តិសុខ ត្រូវបានពង្រឹងឡើង នៅស្ថានទូតបរទេស និងកន្លែងសំខាន់ៗ នៅជុំវិញប្រទេសថៃ។

លោក​វរសេនីយ៍ឯក Krisana បានឲ្យដឹងទៀតថា «យើងមានទំនុកចិត្ត ១០០ភាគរយ ចំពោះអ្វីដែលយើងបានធ្វើ។ យើងមិនត្រឹមតែ ដាក់ពង្រាយកងកម្លាំង កាន់តែច្រើននោះទេ ប៉ុន្តែយើងក៏បង្កើន ការផ្លាស់ប្តូរព័ត៌មាន ជាមួយអ្នកស៊ើបការណ៍សម្ងាត់ របស់យើង ផងដែរ។»

ប្រធាន​ប៉ូលិស​​​ទីក្រុង​បាងកក​ លោក​ឧត្តម​សេនីយ៍​ឯក Sanit Mahathavorn បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលីសថៃ នៅមិនទាន់រកឃើញ ជនជាតិស៊ីរី ទាំង១០នាក់នោះ នៅឡើយទេ ប៉ុន្តែប៉ូលីសថៃ នឹងបន្តស្វែងរក តទៅទៀត។ «យើងបានរៀនសូត្រ ច្រើនណាស់ ពីបទពិសោធន៍ ដែលយើងឆ្លងកាត់ ដូចជាហេតុការណ៍ អីចឹង ដូច្នេះហើយ ប៉ូលីសទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន។»

យ៉ាងណាមិញ អ្នកវិភាគខាងសន្តិសុខ លោក Anthony Davis បាននិយាយថា លទ្ធភាពនៃការវាយប្រហារ នៅក្នុងប្រទេសថៃ គឺមានកម្រិតទាបណាស់ ដោយសារតែប្រទេសនេះ មិនមានជាប់ពាក់ព័ន្ធ ចំពោះការប៉ះទង្គិច ជាមួយនឹង ប្រទេសស៊ីរី៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត