​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ ដែល​មិនល្អ ចំពោះ​សុខភាព

​ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ ដែល​មិនល្អ ចំពោះ​សុខភាព

​អ្នកធ្វើការ បុគ្គលិក​ក្រុមហ៊ុន កម្រ​នឹង​មាន​ពេលវេលា សម្រាប់​ធ្វើ​ម្ហូប​ណាស់ ដូច្នេះ អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ គឺ​គ្មាន​អ្វី​ក្រៅពី​សាំង​វិច កាហ្វេ នំប៉័ង ប័រ​ហ្គ័​រ អាហារ​ឆ្អិន​ស្រាប់ ដែល​លក់​តាម​ផ្លូវ ឬ​ភោជនីយដ្ឋាន​នោះទេ​។​

គេហទំព័រយើង បានសាកសួរយោបល់ បុគ្គលិកធ្វើការឯកជនពីរនាក់ ហើយលទ្ធផលដែលទទួលបានគឺ ៖

​កញ្ញា សូ​ន នី​តា បុគ្គលិក​ក្រុមហ៊ុន​ឯកជន ៖
“​នាង​ខ្ញុំ​គិតថា វា​ងាយស្រួល​ណាស់ ដោយ​គ្រាន់​កាន់​លុយ ដើរ​បន្តិច​ទៅ​ទិញ ហើយ​ញ៉ាំ គឺ​វា​ចប់​ហើយ​។ ពេល​មកដល់​ផ្ទះ បើក​ទូរ​ទឹកកក យក​អាហារ​មក​កម្តៅ ក្នុង​មីក្រូ​វ៉េវ​ជាការ​ស្រេច ហើយ​ចំណេញ​ពេលវេលា​ទៀត​”​។​

អ្នកនាង ងួន ណាវី បុគ្គលិក​ការិយាល័យ​រោងចក្រ ៖
“​មិនចាំបាច់​ដើរ​ផ្សារ រើស​ម្ហូប​ស្រស់ មិនចាំបាច់​ហាន់​បន្លែ មិនចាំបាច់​លាង​សាច់ មិនចាំបាច់​លាង​ខ្ទះ មិនចាំបាច់​លាងចាន ... ស្រួល​មែនទែន​។ ណាមួយ ខ្ញុំ​មិន​សូវ​ចេះ​ធ្វើ​ម្ហូប​ទៀត ចឹង​អាហារ​ភាគច្រើន គឺ​ទិញ​មក​ផ្សារ ឬ​ញ៉ាំ​វា​ជា​មួយ​មិត្តភក្តិ​”​។​

​តើ​វា​ពិត​ជា​ស្រួល​មែនឬ​?

​មិនមែន​ទេ​! មិនមែន​ទេ​! មិនមែន​ទេ​! អាហារ​ដូចដែល​យើង​រៀបរាប់​ខាងលើនេះ ពិតជា​មិន​បាន​ផ្តល់​នូវ​សុខភាព ចំពោះ​អ្នក​នោះ​ទេ ហើយ​ខាងក្រោម​នេះ គឺជា​ហេតុផល ដែល​អ្នក​គួរតែ ត្រឡប់​មក​ចម្អិន​អាហារ ដោយ​ខ្លួនឯង​ញ៉ាំ​វិញ ៖

១. វីតាមីន និង​សារធាតុចិញ្ចឹម​សិប្បនិម្មិត​
​អាហារ​កំប៉ុង ឬ​កញ្ចប់​ឆ្អិន​ស្រាប់​ភាគច្រើន ត្រូវបាន​ដក​យក វីតាមីន​អស់​ទៅហើយ ហើយ​វីតាមីន​ទាំងអស់ ភាគច្រើន នឹង​ត្រូវ​សូន្យ​ជា ថ្នាំ​គ្រាប់​វីតាមីន និង​អាហារ​បំប៉ន​សុខភាព​។​

២. អាហារ​តិច រាងកាយ​ទទួល​មិន​បាន​គ្រប់គ្រាន់​
​ពេលខ្លះ ដើម្បី​សន្សំ​លុយ អ្នក​ប្រហែលជា​ញ៉ាំ​អាហារ​តែ​បន្តិច ឬ​ជ្រើសរើស​អាហារ ដែល​មាន​តម្លៃថោក ហើយ​គ្មាន​ជីវជាតិ​។​

៣. គេ​លាយ​ប្រេង ឬ​គ្រឿងផ្សំ​មិន​ល្អ​ច្រើន​
​ដើម្បី​ប្រាក់ចំណេញ​ច្រើន អាហារ​ដែល​គេ​ធ្វើ ប្រហែលជា​មិន​ល្អ ដូច​យើង​ចម្អិន​ខ្លួនឯង​នោះទេ​។​

៤. មាន​លាយ​សារធាតុ​ជាច្រើន ដែល​យើង​មិនដឹង​
​អាហារ​វេច​ខ្ចប់ ដែល​អ្នកទិញ​នៅ​តាម​ហាង​ទំនើប ប្រហែលជា​មាន​លាយ​គ្រឿងផ្សំ​ជាច្រើន ដែល​អ្នក​មិន​ធ្លាប់​ស្គាល់ ហើយក៏​មិន​ដឹង​ថា វា​មិន​សុវត្ថិភាព​ឬ​អត់ ពេល​ញ៉ាំ​ច្រើន​នោះ​។ សារធាតុ​ទាំងនោះ​មានដូចជា សារធាតុ​បំពាក់​ពណ៌ បន្ថែម​ក្លិន បន្ថែម​រសជាតិ ជាតិ​ស្ករ​សិប្បនិម្មិត ...​។​

៥. ប្រៃ ឬ​ផ្អែម​ពេក​
​ជាតិ​ស្ករ ឬ​ជាតិ​ប្រៃ​ច្រើនពេក អាច​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព​ជា​ច្រើន ដូចជា ជំងឺ​ទឹកនោម​ផ្អែម ជំងឺលើសឈាម ជំងឺ​ធាត់​លើស​ទម្ងន់ ជំងឺមហារីក​។​ល​។ ជាតិ​ស្ករ​ដែល​មាន​នៅក្នុង​ផលិតផល​ទាំងនោះ ភាគច្រើន គឺ​លើស​ពី​តម្រូវការ ហើយ​មិន​ដូច​ជាតិ​ស្ករ ដែល​មាន​នៅក្នុង​ផ្លែឈើ បន្លែ ឬ​ទឹកដោះគោ​ឡើយ និយាយ​រួម  គឺ​មិន​ល្អ​ចំពោះ​សុខភាព​៕
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។