គ្រូបង្រៀន​​៧​នាក់​រងរបួស បន្ទាប់ពីស្រវឹង​បើករថយន្ត​បុក​របង​វត្ត​

កំពង់ចាម:  គ្រូបង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន ចំការលើ ៧​នាក់​របួសធ្ងន់​-​ស្រាល ខ​ណះបើករថយន្ត​ក្នុង​ល្បឿន​លឿន ទាំង​ស្ថាន​ភាពស្រវឹង ហើយ​បាន​​ជ្រុល​ទៅបុក​របង​វត្តភ្នំ​ទែ​ត​ក្រៅ​យ៉ាង ពេញទំហឹង កាលពី​វេលា​ម៉ោង​១២ និង​៣២​នាទី​រំលងអធ្រាត្រឈានចូល​ថ្ងៃទី​០៥ ធ្នូ ២០១៥ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៧១​ភូមិ​បុសខ្នុរ ឃុំបុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

​ជនរងគ្រោះ​ទាំង​៧​នាក់ ទី​១-​ឈ្មោះ​ជាង ណៃ អាយុ​៣២​ឆ្នាំ​។​ទី ២-​ឈ្មោះ​យ៉ាវ យានអាយុ​៤៥​ឆ្នាំ​។​ទី ៣-​ឈ្មោះ​សែម សុផាន់​នេ​ត អាយុ​២៧​ឆ្នាំ​។​ទី ៤-​ឈ្មោះ​ចាន់ ថុលអាយុ​៣១​ឆ្នាំ​។​ទី ៥-​ឈ្មោះ​ឈិ​ម សំបូរ អាយុ​២៨​ឆ្នាំ ទាំង​៥​នាក់​រស់នៅ​ភូមិ​ថ្នល់បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ​។​ទី ៦-​ឈ្មោះ​ជុំ សិប អាយុ​២៩​ឆ្នាំ រស់នៅភូមិ​ប្រមាត់ដី ឃុំ​ស្វាយទាប ។​និង​ទី​៧-​ឈ្មោះ​យន់ ស៊ី​ណាត អាយុ​២៥​ឆ្នាំរស់នៅ​ភូមិ​អង្គរជ័យ​២ ឃុំ​កំណាត់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត ទាំង​៧​នាក់​ជាគ្រូបង្រៀន​នៅ​វិទ្យាល័យ​ហ៊ុន សែន ចំការលើ ។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​តា​កូ​ម៉ាមួយគ្រឿង បាន​បោះពួយ​យ៉ាង​លឿន​លើផ្លូវ​ជាតិ​លេខ​៧១ ហើយក៏​ជ្រុល​ទៅបុករបង​វត្តភ្នំ​ទែ​ត​ក្រៅ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៧​នាក់​ជិះ​ក្នុងរថយន្ត​រងរបួស​ធ្ងន់​-​ស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​នគរបាល ស្រុក​ចំការលើ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បណ្តាលមកពីអ្នកបើកបរ​រថយន្ត​មាន​ជាតិ​អាល់កុល និង​ងងុយដេក ទើប​ជួបហេតុការណ៍​បែបនេះ ។​ចំណែក​រថយន្ត​ត្រូវបាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​បុសខ្នុរព្រោះ​រង​ការខូចខាត​ជា​ដំណំ និង​បែក​កង់​រថយន្ត​អស់​៣​គ្រាប់​ផងដែរ​៕​