លោក យ៉ែម បុញ្ញឫទ្ធិ​៖ រដូវ​បោះឆ្នោត​ជិត​មកដល់ ការចេញចូល ក៏​ចាប់ផ្ដើម​!

ភ្នំពេញ: ​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា រដូវ​បោះឆ្នោត​ជិត​មកដល់ ការចេញចូល ក៏​ចាប់ផ្តើម​។ ការលើកឡើង​ដូច្នេះ បន្ទាប់ពី​លោក អ៊ុក ស៊ុយ សមាជិក​គណៈកម្មាធិកា​រ​នាយក និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​លាលែង​ពី​គណបក្ស តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ថា "​រដូវ​បោះឆ្នោត​ជិត​មកដល់ ការចេញចូល​ក៏​ចាប់ផ្ដើម តាម​បំណងប្រាថ្នា​របស់ខ្លួន​រៀងៗ​ខ្លួន ហើយ​បាន​ព្យាយាម​បញ្ជាក់​ហេតុផល​នានា នោះ​វា​ជា​រឿង​ដដែលៗ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់ដឹង​ច្បាស់​ណាស់​ទៅហើយ​។ សូម​ជូនពរ​ឲ្យ​បាន​ជោគជ័យ​ក្នុងតួនាទី ភារកិច្ច​ថ្មី​"​។​

​ការបញ្ជាក់​របស់លោក​យ៉ែម​បុញ្ញឫទ្ធិ ខាងលើនេះ បានធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​លោក អ៊ុក ស៊ុយ សមាជិក​គណៈកម្មាធិកា​រ​នាយក និង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម របស់​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៣​ធ្នូ​។​

​លោក​អ៊ុក​ស៊ុយ បានដាក់​មូលហេតុ​នៃ​ការលាលែង​របស់លោក​ថា "​ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន និង​ជា​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ចំនួន​បួនរូប​ទៀត ដឹកនាំ​បក្ស​គ្មាន​សីលធម៌ និង​គ្មាន​គុណធម៌ មកលើ​ថ្នាក់ដឹកនាំ​ក្នុង​បក្ស ជាពិសេស​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ដែល​លោក​បាន​ខិតខំ​ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក​"​។​

​ក្នុង​លិខិត​លាលែង​នោះ លោក​អ៊ុក​ស៊ុយ បាន​គូសបញ្ជាក់ថា "​ការដឹកនាំ​គនបក្ស​សព្វថ្ងៃនេះ ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន ឃុបឃិត​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​បក្ស​ចំនួន​បួនរូប​ទៀត ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ផ្ទៃក្នុង​បក្ស តែងតាំង​មនុស្ស​ចាប់ពី​ថ្នាក់ជាតិ រហូតមកដល់​ថ្នាក់​រាជធានី​/​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ ហើយ​ខ្ញុំ​ក៏បាន​ស្នើសុំ​ឲ្យ​កែ​ចរិត​ដឹកនាំ​ក្នុងពេល​ប្រជុំ គណៈកម្មាធិការ​នាយក​ម្តងៗ ឯកឧត្តម​ប្រធាន ឯកឧត្តម​អនុប្រធាន យក​អង្គប្រជុំ​របស់​គណៈកម្មាធិកា​រ​នាយក​គនបក្ស ទាត់​លេង​ដូច​បាល់ ជាពិសេស​មិន​គោរព​សម្តី​របស់ខ្លួន ដែល​សន្យា មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ថា មិន​ចូល​រដ្ឋសភា តែ​ទីបញ្ចប់​ចូល ដើម្បី​យក​តំណែង រីឯ​ថា សំឡុត​មិន​ខ្លាច គេ​មិនទាន់​ដឹង​ធ្វើ​អី​ផង គ្រាន់តែ​ចេញ​ដីកាកោះ រត់​បាត់អស់​"៕​