ឥណ្ឌូណេស៊ី​បារម្ភ​ពី​យុវជន​​រង​ឥទ្ធិពល​ IS ​វាយ​ប្រហារ​ក្នុង​ប្រទេស

ឥណ្ឌូណេស៊ី​បារម្ភ​ពី​យុវជន​​រង​ឥទ្ធិពល​ IS ​វាយ​ប្រហារ​ក្នុង​ប្រទេស

របាយការណ៍​ចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​យុវជន​ក្នុង​ប្រទេស​មួយ​នេះ​ជា​ច្រើន​នាក់​បានផុង​ខ្លួន​ចូល​ទៅ​ហ្វឹកហាត់​ក្នុង​ជំរុំ​របស់​ក្រុម ISIS នៅ​ប្រទេស​ស៊ីរី​ ដែល​​នាំ​ក្តី​ព្រួយ​បារម្ភ​​​​នៅ​ពេល​ពួកគេ​​វិល​ត្រឡប់​មក​វិញ​អាច​ទទួល​ឥទ្ធិពល​និង​​​​បង្ក​ភេរវកម្ម​ដូច​ការ​វាយ​ប្រហារ​​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។

 

ឥណ្ឌូណេស៊ី​បារម្ភ​ពី​យុវជន​​រង​ឥទ្ធិពល​ IS ​វាយ​ប្រហារ​ក្នុង​ប្រទេស

 

តួយ៉ាង​បុរស​ជនជាតិ​​ឥណ្ឌូណេស៊ី​​ពីរ​នាក់​ឈ្មោះ​ថា​ Afief Abdul Madjid ​និង​ Agung ​ដែល​បាន​ដើរ​លេង​នៅ​ប្រទេស​ទួរគី ត្រូវ​បាន​គេ​ហៅ​ទៅ​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម ISIS ។ ​ភ្នាក់ងារ​​​របស់​ពួក​សកម្ម​ប្រយុទ្ធ​បាន​ដើរ​​ស្វែង​រក​​​យុវជន​ដែល​ចង់​ចូលរួម​ប្រយុទ្ធ​ជាមួយ​ពួក ISIS ​ដោយ​មាន​ការ​លើក​ទឹកចិត្ត​និង​ឧបត្ថម្ភ​ជា​ច្រើន។

 

យុវជន​ទាំង​ពីរ​នាក់​ខាងលើ បាន​ស្នាក់​នៅ​ជំរុំ​ហ្វឹកហាត់​របស់​ ISIS ​ជា​ច្រើន​ខែ តាំង​ពី​ពួកគេ​មិន​ចេះ​កាន់​កាំភ្លើង​សោះ រហូត​អាច​ប្រើ​បាន​គ្រប់​ម៉ាក​ទាំង​អស់។ ពេល​រៀន​ចប់​គ្រប់​ជំនាញ ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០១៥​នេះ Afief Abdul Madjid ​ក៏​បាន​សម្រេច​ចិត្ត​ត្រលប់​មក​ប្រទេស​ឥណ្ឌូណេស៊ី​វិញ ខណៈ​ដែល​មិត្ត​របស់​គេ Agung ​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​យុទ្ធជន​ប្រយុទ្ធ​ឱ្យ ISIS ​នៅ​ប្រទេស​ស៊ីរី​។ ទៅ​ដល់​ស្រុក​កំណើត​វិញ Afief ​បាន​បាន​ទៅ​រក​លោក Abu Bakar Bashir មេ​ដឹក​នាំ​ក្រុម Jemaah Islamiah (JI) ​ដែល​ជាប់​ពន្ធនាគារតែ​ត្រូវ​គេ​ចាប់​​ខ្លួន​​និង​​​ដាក់​ឲ្យ​​ជាប់​គុក​រយៈ​ពេល ​៤ ​ឆ្នាំ។

 

រឿងរ៉ាវ​នេះ​បាន​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ការ​រឹត​បណ្ដឹង​សុវត្ថិភាព​ក្នុង​ស្រុក​ខ្លាំង​មែន​ទែន ដោយ​ខ្លាច​មាន​យុវជន​របស់​ខ្លួន​ផ្សេង​ទៀត​ ផុង​ខ្លួន​ចូល​ទៅ ISIS ​និង​អាច​បង្ក​ភេរវកម្ម​នៅ​ក្នុង​ប្រទេស ខណៈ​ដែល​ប្រទេស​ផ្សេង​ទៀត​ដូចជា ថៃ ​និង​ហ្វីលីពីន​ក៏​កំពុង​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​រឿង​ខាង​លើ​នេះ​ដែរ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ straitstimes