រាជរដ្ឋាភិបាល នឹង​ពិនិត្យ​ខ្លឹមសារ​ នៃ​លិខិត​សមាជិក ​សភា​សហរដ្ឋអាមេរិក ចំនួន​១៦នាក់​

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សកាន់អំណាច ឲ្យដឹងថា រាជរដ្ឋាភិបាលនឹងពិនិត្យមើល ខ្លឹមសារដែលសមាជិក សភាសហរដ្ឋអាមេរិក ចំនួន១៦រូប ផ្ញើមកកាន់ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ហើយថាចំពោះការអនុវត្ត វាជាសិទ្ធរបស់រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច។

ការលើកឡើងរបស់លោក សុខ ឥសាន ធ្វើឡើងបន្ទាប់ពី សមាជិកសភាសហរដ្ឋអាមេរិក ចំនួន១៦នាក់ បានសរសេរលិខិត មួយទៅ សម្ដេច ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្តែងការព្រួយបារម្ភ ចំពោះការធ្វើឱ្យអាក់ដំណើរការ ដល់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាជាពិសេស ការបណ្តេញលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងការវាយតប់អ្នកតំណាងរាស្ត្រ ដោយក្រុមដែលគាំទ្រ គណបក្សកាន់អំណាច។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រ វិទ្យុសំឡេង សហរដ្ឋអាមេរិក VOA។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃសៅរ៍ទី០៥ខែធ្នូនេះលោក សុខ ឥសាន បញ្ជាក់ថា «ការសសេរលិខិតជាសិទ្ធរបស់គាត់។ ដូច្នេះផ្ញើមករដ្ឋាភិបាល ធ្វើឫមិនធ្វើជាជំហរ របស់រដ្ឋាភិបាលនឹងគណបក្សកាន់អំណាច»។

បើតាម លោក សុខ ឥសាន ការសសេរលិខិតមកកាន់សម្ដេច ហ៊ុន សែន នេះមិនមែនជាការជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់សហរដ្ឋអាមេរិកនោះទេ។ លោកថា «លើកលែងតែលិខិតនោះដាក់កំហិតមកកម្ពុជាឲ្យធ្វើតាមទើបជាការលូកដៃ»។

តាមការចុះផ្សាយរបស់VOAដដែល សមាជិកសភាទាំង១៦ក៏បានអំពាវនាវដល់សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យបញ្ឈប់ជាបន្ទាន់ការយាយីរំខាន និងការធ្វើទុក្ខបុក្ខម្នេញ បក្សប្រឆាំង ក្នុងប្រទេសកម្ពុជា លុបចោលដីកាចាប់ខ្លួនលោកសម រង្ស៊ី និងប្រគល់តំណែងក្នុងសភាឱ្យគាត់វិញ បោះបង់ចោលរាល់ទម្រង់ នៃហិង្សានយោបាយ និងលើកកម្ពស់បរិយាកាសមួយ ដែលលទ្ធិប្រជាធិបតេយ្យ អាចរីកលូតលាស់បាន៕