តើ​អ្វី​ទៅជា សភា​តំបន់​អាស៊ី APA?

ភ្នំពេញ: សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​រៀបចំ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ សភា​តំបន់​អាស៊ី (​អេ​ភី​អេ​) លើក​ទី​៨ នា​សប្តាហ៍​ក្រោយនេះ​។ តើ​អ្វី​ទៅជា​សភា​តំបន់​អាស៊ី​នេះ​?

​សភា​តំបន់​អាស៊ី ដែល​ហៅ​កាត់​ថា APA មានឈ្មោះ​ពេញ​ថា “Asian Parliamentary Assembly”  ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៦ ដោយបាន​ប្តូរ​មកពី សមាគម​សភា​អាស៊ី ដើម្បី​សន្តិភាព ហៅ​កាត់​ថា AAPP​។ សភា​ប្រទេស​កម្ពុជា ជា​សមាជិក​ស្ថាបនិក AAPP ដែល​បាន​ប្រសូត្រ​ឡើង​នៅ​ឆ្នាំ​១៩៩៩​។

AAPP ជា​ស្ថាប័ន​មួយ ដែល​បាន​ប្រមូលផ្តុំ​សំឡេង អ្នកតំណាង​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​អាស៊ី ឲ្យ​រួបរួមគ្នា​ជា​ធ្លុង​តែមួយ ក្នុង​គោលដៅ​ស្វែងរក​សុខសន្តិភាព និង​ការផ្សះផ្សា​ប្រជាជាតិ​ទាំងឡាយ​នៅក្នុង​តំបន់​អាស៊ី​នេះ ឲ្យ​ក្លាយជា​មហា​គ្រួសារ​តែមួយ ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ស្មើៗ​គ្នា​ដោយ​ចីរភាព​។ បន្ត​បេសកកម្ម​ពី​សមាគម​សភា​អាស៊ី​ដើម្បី​សន្តិភាព​(AAPP), សភា​តំបន់​អាស៊ី​(APA) បាន​ពង្រីក​ទាំង​ទំហំ និង​ភារកិច្ច​របស់ខ្លួន​ជា​លំដាប់ ដែល​រហូតដល់​ពេលនេះ សភា​តំបន់​អាស៊ី មាន​សមាជិក​ចំនួន​៤២​ប្រទេស មាន​អ្នកសង្កេតការណ៍​ចំនួន​១៦​ប្រទេស និង​អង្គការ​ជា​ដៃគូ​ចំនួន​១០​។​

​ឈរលើ​គោលបំណង​នៃ​ការជំរុញ​នូវ​សុខសន្តិភាព និង​សមាហរណកម្ម​សម្រាប់​ប្រជាជាតិ​នៅក្នុង​តំបន់​អាស៊ី​APA បានកំណត់​ឲ្យ​មាន​ជំនួប​កំពូល​ជា​មហាសន្និបាត​នៃ​ថ្នាក់ដឹកនាំ​សភា នៃ​បណ្តា​ប្រទេស​ដែលជា​សមាជិក និង​កិច្ចប្រជុំ​គណៈកម្មាធិការ​នានា ជា​ទៀងទាត់​ប្រចាំឆ្នាំ ដើម្បី​ប្រមូល​នូវ​ឆ​ន្ទះ​រួម ដំណោះស្រាយ​រួម យុទ្ធសាស្ត្រ​រួម ដាក់ជូន​ដល់​អ្នកអនុវត្ត​ច្បាប់ គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​នៃ​រដ្ឋ​ជា​សមាជិក APA ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខសន្តិភាព សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​។​

​ក្នុង​រយៈពេល​១៦​ឆ្នាំ ដែល​កម្ពុជា​បាន​ចូលរួម​ជា​ស្ថាបនិក សមាគម​សភា​អាស៊ី​ដើម្បី​សន្តិភាព​មក សភា​កម្ពុជា​ធ្លាប់​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំសភា​តំបន់​អាស៊ី បានជា​ច្រើនលើក​មកហើយ ក្នុងនោះ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​លើក​ទី​២ របស់​សមាគម​សភា​អាស៊ី​ដើម្បី​សន្តិភាព នៅក្នុង​ឆ្នាំ​២០០១ ដើម្បី​ជំរុញ​ដំណើរការ​សមាហរណកម្ម​សភា​តំបន់​អាស៊ី និង​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​ស្តីពី “​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​អាស៊ី​” នៅ​ឆ្នាំ​២០០៩​។

​រហូតមកដល់​ពេលនេះ សភា​តំបន់​អាស៊ី​បានរៀបចំ​មហាសន្និបាត​ចំនួន ៧​លើក ព្រមទាំង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ជាច្រើនលើក​។ ក្រៅពី​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ជា​សមាជិក​ផ្សេងទៀត រួមមាន​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ឺ​រ៉ង ឥណ្ឌូនេស៊ី ស៊ី​រី និង​ប្រទេស​ប៉ា​គី​ស្ថាន សុទ្ធតែ​ធ្លាប់​បានទទួល​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ APA ។

​ប្រធានបទ​សំខាន់ៗ ត្រូវបាន​លើកយក​មក​ពិភាក្សា​នៅក្នុង​ជំនួប​ប្រចាំឆ្នាំ​ទាំងនោះ​។ “​សាមគ្គីភាព​ក្នុង​តំបន់​អាស៊ី​ដើម្បី​សន្តិភាព និង​យុត្តិធម៌​” ជា​ប្រធានបទ​នៃ​មហាសន្និបាត​លើក​ទី​១ របស់​អេ​ភី​អ  ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​អ៊ីរ៉ង់ ក្នុង​ឆ្នាំ​២០០៦​។ “​តួនាទី​សភា​តំបន់​អាស៊ី ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅរក​វិបុលភាព សន្តិភាព និង​យុត្តិធម៌ នៅក្នុង​តំបន់ “​ជា​ប្រធានបទ​នៃ​មហាសន្និបាត​លើក​ទី​៤ ដែល​ប្រទេស​ឥណ្ឌូនេស៊ី ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០០៩​។

​ចំណែក​នៅ​ឆ្នាំ​២០១៤ កន្លងទៅនេះ មហាសន្និបាត​លើក​ទី​៧ របស់ APA ដែល​ប្រទេស​ប៉ា​គី​ស្ថាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ បាន​ពិភាក្សា​លើ​ប្រធានបទ ”​កិច្ច​ស្វះស្វែង​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​សភា​អាស៊ី ក្នុង​សតវត្ស​អាស៊ី​”​។

​ជាមួយគ្នានេះដែរ សមាជិកសភា​ដែលជា​សមាជិក​APA បាន​ឯកភាពគ្នា ធ្វើការ​សិក្សា​ដើម្បី​រក​មធ្យោបាយ​មួយ ធ្វើជា​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​ប្រែក្លាយ​ពី APA ទៅជា AP(​សភា​អាស៊ី​) នៅពេល​អនាគត​។​

​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ នេះ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សភា​តំបន់​អាស៊ី លើក​ទី​៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​រ៉េស៊ីដង់ ដោយមាន​ប្រធាន ឬ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ រដ្ឋសភា ព្រឹទ្ធសភា បណ្តា​ប្រទេស​ជា​សមាជិក​អេ​ភី​អេ យ៉ាង​តិ​ចំនួន​២៣​ប្រទេស​ចូលរួម ជាមួយនឹង​វត្តមាន​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ អង្គការ​ដៃគូ​របស់​អេ​ភី​អេ ជាច្រើន​ទៀត​។

​ហេតុអ្វី​បានជា​មហាសន្និបាត​លើក​ទី​៨ ជ្រើសរើស​ប្រធានបទ “​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី​”? “​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី​” អាច​ថា​ជា​ប្រធានបទ​មួយ មាន​លក្ខណៈ​សមស្រប​ទៅនឹង​ភាពជាក់ស្តែង​របស់​តំបន់​និង​ពិភពលោក​។ ប៉ុន្តែ​វា​ក៏​មិនមែន​ជាការ​ចៃដន្យ​ពេក​នោះទេ ដែល​ប្រធានបទ​នេះ ត្រូវ​លើក​យកមក​ជជែក​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​យើង​ជឿជាក់ថា រាល់​ទំនាស់​សុទ្ធតែ​អាច​ដោះស្រាយបាន​តាម​កិច្ចសន្ទនា​គ្នា ប្រសិនបើ​រាល់គ្នា​ប្តេជ្ញាចិត្ត បែរខ្នង​ដាក់​ការប្រើ​អំពើ​ហឹ​ង្សា ហើយ​វិល​មករក​ការដោះស្រាយ​តាម​កិច្ចសន្ទនា​វិញ​។​

​វប្បធម៌​សន្ទនា ជា​កេរដំណែល ដែល​បន្សល់​ពី​អតីត​ព្រះមហាវីរក្សត្រ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​ប្រើប្រាស់ ការសន្ទនា​ជាមួយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ផ្សះផ្សា បញ្ចប់​ជម្លោះ​ខ្មែរ​គ្រប់ភាគី រហូត​បង្កើតបាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​។

​នៅក្នុង​ការដឹកនាំ​ប្រទេស​តាម​គោលការណ៍​លិ​ទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី​ពហុបក្ស វប្បធម៌​សន្ទនា​បាន​បន្ត​អនុវត្ត​នៅ  កម្ពុជា រហូតមកដល់​ពេលបច្ចុប្បន្ន​។ ពិសេស​នៅក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ វប្បធម៌​សន្ទនា​ត្រូវបាន​ពង្រឹង និង​អនុវត្ត រវាង​គណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​។

​បទពិសោធន៍​ជាក់ស្តែង​ដ៏​ល្អ​ពី​ការអនុវត្ត​វប្បធម៌​សន្ទនា​នេះ គេ​រំពឹងថា កម្ពុជា​នឹង​ចែករំលែក​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងឡាយ នៅក្នុង​មហាសន្និបាត​លើក​ទី​៨ នៃ​សភា​តំបន់​អាស៊ី​នេះ​៕

តើ​អ្វី​ទៅជា សភា​តំបន់​អាស៊ី APA?