អ្នកនាំពាក្យ​ព្រឹទ្ធសភា បញ្ជាក់​ហេតុផល ៣ ចំណុច ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត ចូល​ថតរូប ពេល​ព្រឹទ្ធសភា ប្រជុំ​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានបញ្ជាក់​នូវ​ហេតុផល ៣ ចំណុច ដែល​ព្រឹទ្ធសភា មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត ចូល​ថត​រុ​ប នៅពេល​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​។

​អ្នកនាំពាក្យ​ព្រឹទ្ធសភា បញ្ជាក់ថា "​ជា​ទម្លាប់​សភា​នៃ​ប្រទេស​នានា​នៅលើ​សកលលោក មិនដែល​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ថតរូប​ក្នុងសម័យ​ប្រជុំ​នោះទេ​។ អង្គភាព​ព័ត៌មាន​នៃ​សភា​ទាំងនោះ ជា​អ្នករ៉ាប់រង ទាំងស្រុង​នូវ​ការថត និង​ផ្សព្វផ្សាយ​រូបភាព​នៃ​សម័យប្រជុំ​ទាំងនោះ​"​។​

​អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​បញ្ជាក់ថា ​មូលហេតុ​ជា​ចំបង​នៃ​ការមិន​អនុញ្ញាត​នោះ អាស្រ័យ​ដោយ​កត្តា​ដូចតទៅ​៖
​ទី​១៖ ការរំខាន​ដែល​អាច​កើតមាន​ដល់​ដំណើរការ​សម័យប្រជុំរ​បស់​សភា​
​ទី​២៖ ភាព​រសើប​នៃ​រូបភាព​ខ្លះៗ ដែល​អ្នកសារព័ត៌មាន​តែង​ចូលចិត្ត​ផ្តិត​យក​ភាពមិនប្រក្រតី​ទៅធ្វើ​អាជីវកម្ម ដែល​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័ន និង​សមាជិកសភា​
​ទី​៣៖ រូបភាព និង​ខ្លឹមសារ​ទាំងស្រុង នៃ​សម័យប្រជុំ​សភា​ទាំងឡាយ តែង​ត្រូវ​សភា​ចាត់ចែង​យកទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​ជានិច្ច​៕​