ពៅ លីដា រីករាយ​ក្នុង​អាជីវកម្ម​លក់​ផ្អក​ត្រី របស់​នាង​និង​ម្តាយ

តារាសម្តែងរូបស្រស់កញ្ញា ពៅ លីដា កំពុងរីករាយសាទរ នឹងមុខរបរថ្មី ដ៏ពិសេសមួយ។ របរមួយនេះ មិន​ដែល​ត្រូវ​បាន តារា​ភាពយន្ត​​ជាទូទៅ និងជាច្រើនជំនាន់មកហើយ នឹកឃើញ យកចិត្តទុកដាក់ ចង់រកស៊ីនោះទេ។ តែ​ផ្ទុយ​ទៅ​វិញ កញ្ញា ពៅ លីដា កំពុង​ទទួល​បាន​ នូវភាពកាក់កប ដោយបានថ្លែងអំណរគុណ អតិថិជន​«ម៉ូយ»​ចាស់ និង​កំពុង​ស្វែង​រក​អតិថិជន​ថ្មី ឲ្យ​មកគាំទ្រផលិតផល របស់នាងនិងម្ដាយនេះទៀតផង។
ពៅ លីដា រីករាយ​ក្នុង​អាជីវកម្ម​លក់​ផ្អក​ត្រី របស់​នាង​និង​ម្តាយ
កញ្ញា ពៅ លីដា កំពុងធ្វើការលក់ដូរ ផ្អកត្រីរបស់នាង និងម្ដាយ ហើយថតបង្ហាញគេឯង។ (រូបថតហ្វេសប៊ុក)

បើសិនជា​អ្នកសិល្បៈ ឬតារាល្បីៗជាទូទៅ ចាប់អារម្មណ័ នៃការបើកអាជីវកម្មរបស់ពួកគេ ដោយបើកជាក្រុម​បង្ហាញ​ម៉ូដ ហាងលក់សម្លៀកបំពាក់ បើកហាងលក់ទឹកអប់ប្រេងម្សៅ ឬតែងសម្អាងជាដើមនោះ ចំណែកឯ​តារា​​សម្ដែង កញ្ញា ពៅ លីដា ឯណេះ បានចាប់អារម្មណ៍ និងកំពុងសម្ដែងការសាទរ នឹងរបរថ្មីដ៏ពិសេសមួយ របស់​​នាង​​និង​ម្ដាយទៅវិញ។

មុខរបរពិសេស​នោះ គឺការធ្វើផ្អកត្រីលក់ របស់ម្ដាយនាង ដែលតារាសម្ដែង ចាំបាច់ត្រូវធ្វើយុទ្ធនាការ ដើម្បី​ទាក់​ទាញ និងអរគុណ ដល់អតិថិជនរបស់នាង ដែលរាប់បញ្ចូលទាំងអ្នកសិល្បៈដូចគ្នាផង។

យុទ្ធនាការរបស់តារាសម្ដែង បានធ្វើឡើង នៅតាមបណ្ដាញសង្គម ដោយមានអមទៅរូបថត ដ៏ស្រស់​ស្អាត​របស់នាង ក្នុងឈុតសម្លៀកបំពាក់ស៊ីវីល័យ ដែលនាងបានថត ជាមួយអតិថិជន អ្នកទិញផ្អកត្រីជាច្រើននាក់ និងជាច្រើនដង។ ដោយមានសរសេរ ដាក់នូវលេខទូរស័ព្ទ សម្រាប់រាល់ទំនាក់ទំនងផងនោះ តារាសម្តែង​បាន​សរសេរ ផ្សាយពាណិជ្ជកម្មថា៖ «បើសិនជាពុកម៉ែបងប្អូនចូលចិត្តពិសា (ផ្អកត្រីធម្មជាតិ) ដែលជាស្នាដៃ របស់​អ្នកម្តាយនាងខ្ញុំ បងប្អូនអាចកុម្ម៉ង់បាន»។

សកម្មភាពធ្វើអាជីវកម្ម ផ្អកប្រហុករបស់តារាសម្ដែង បានបង្កការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រិយមិត្ត និង​ទស្សនិក​ជនរបស់នាង។ អ្នកគាំទ្ររបស់កញ្ញាម្នាក់ បានលើកឡើងថា៖ «រកស៊ីដល់ហើយ តារាម្នាក់នេះ អាង​តែ​គេមានស្រុកកំណើត សំបូរត្រីធ្វើផ្អក។ សុំភ្លក្សមួយក្រឡ សិនមុននឹងទិញ បាន(ឬ)ទេ?»។ ប្រិយមិត្តខ្លះ បាន​រិះគន់ថា មិនគួរលក់ដូររបស់របរ ដែលមិនស៊ីចង្វាក់ជាមួយ នឹងវិស័យសីល្បៈបែបនេះទេ គួរតែលក់​ជា​គ្រឿង​ក្រអូបវិញ។

ប៉ុន្តែអ្នកគាំទ្រជាច្រើន បានលើកសរសើរថា កញ្ញា ធ្វើនេះជាការល្អ កើតចេញពីដៃទាំងទ្វេ ហើយមុខរបរ​របស់​គ្រួសារកញ្ញា នឹងដើរទៅមុខ ដោយមានអ្នកគាំទ្រច្រើន។ ផ្អកប្រហុក ជាចំណូលចិត្តរបស់ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មិនអាចខ្វះបាន។ ម្យ៉ាងវិញទៀត មុខរបរណាក៏ដោយ មិនបានធ្វើឲ្យអ្នកសិល្បៈអាប់អោន ថោកទាប ឬ​មាន​ទាក់​ទង ដល់ទេពកោសល្យ​​ក្នុងសម្ដែង​នោះ​ទេ។ គ្មានទេវតាអង្គណាចារមក ថា​ឲ្យ​តែ​អ្នក​សិល្បៈ ត្រូវ​តែ​នៅ​​ជិត​​នឹង​​សម្ភារៈក្រអូប ឬហឺហាទាំងអស់ឡើយ៕