រនាំង​ផ្លូវ​នៅ​ស្ដុប​ដេអ៊ិន បន្ទើស​ផ្លូវ​ជន​ស្រវឹង​បើក​ឡាន​ផ្លាក ខ.ម

រនាំងថ្មចែកផ្លូវ នៅស្តុដេអ៊ិន ត្រូវបានដួលបែកបាក់ អស់ជាច្រើនផ្ទាំង ទាំងកណ្តាលយប់ ដោយសារ​បុរស​ស្រវឹង​ស្រា​ម្នាក់ បើកឡានទៅបុក។ ហេតុការណ៍នេះ មិនបានបង្កឲ្យមនុស្សរងរបួស ឬស្លាប់នោះទេ តែឡាន និង​រនាំង​ផ្លូវ បាន​រណ្តំ​គ្នា​ខូចខាត ទាំងសងខាង។
រនាំង​ផ្លូវ​នៅ​ស្ដុប​ដេអ៊ិន បន្ទើស​ផ្លូវ​ជន​ស្រវឹង​បើក​ឡាន​ផ្លាក ខ.ម
រថយន្ដផ្លាក «ខ.ម» ត្រូវបានម្ចាស់ស្រវឹង បើកមកបុករនាំងចែកផ្លូវ មុននឹងជ្រុលទៅបុកជាមួយដើមឈើ។ (រូបថត monoROOM.info/ H. Vuthy)

រនាំងផ្លូវបានដួលបែកបាក់ អស់ជាច្រើនផ្ទាំង ព្រោះទើសផ្លូវ របស់ជនស្រវឹងស្រា ដែលកាន់ចង្កូតឡាន មាន​ពាក់​ផ្លាកលេខ «ខ.ម»។ ជាលទ្ធផល ទាំងរនាំងផ្លូវទាំងរថយន្ដ បានខូចខាតទាំងសងខាង ខណៈមិនមាន​នរណា​ផ្សេង រងរបួស ឬមានគ្រោះថ្នាក់អ្វីផ្សេងឡើយ។

សាក្សីម្នាក់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ កើតឡើងកាលពីវេលាម៉ោង ០១ រំលង​អធ្រាត យប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចជិតស្តុបដេអ៊ិន ក្នុងសង្កាត់មិត្តភាព ខណ្​ឌមករា រាជធានីភ្នំពេញ។ សាក្សីបន្តថា ឡានរងគ្រោះធុន Nissan Navara ពាក់ស្លាកលេខ​ ខេមរៈភូមិន្ទ ២-១២៥០ បើកបរដោយបុរស មិនស្គាល់អត្តសញ្ញាពីរនាក់ ទាំងអការៈស្រវឹង។

សាក្សីប្រាប់បន្ថែមទៀតថា ឡានបង្កបើកបរ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់កន្លែងកើតហេតុ ជិតស្តុបដេអ៊ិន បានរ៉េចង្កូត ទៅបុករនាំងថ្មចែកផ្លូវ​ពេញទំហឹង បណ្តាលឲ្យបាក់អស់ជាច្រើនផ្ទាំង។ ដោយ​ឡែកឡានបង្ក រងការខូចខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ដោយសារបុករនាំងផ្លូវមិនអស់ខ្យល់ បន្តទៅ​បុក​ដើមឈើ នៅមុខផ្ទះអ្នកនៅជិតនោះ មួយដើមទៀត។ រថយន្ដបានបញ្ឈប់​ឥទ្ធិពលជាស្ថាពរ បន្ទាប់ពី​កង់​ខាង​ឆ្វេងរបស់វា បានធ្លាយបែកនៅទីនោះ។

ក្រោយពេលកើតហេតុ ឡានបង្កត្រូវបាន​មន្រ្តីជំនាញ​ចររាចរណ៍ចុះមកវាស់វែង រួចស្ទូចទៅរក្សាទុក នៅ​ការិយាល័យ​ចររាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ ជាមួយម្ចាស់ នៅពេលក្រោយ៕