មេដឹកនាំ​សហជីព​ស្នើ​ឲ្យ​អន្តរជាតិ​ជួយ​ទប់ស្កាត់​ការអនុម័ត​ច្បាប់​សហជីព​

កិច្ចប្រជុំ​ធំ​មួយ​របស់​មេដឹកនាំ​សហជីព​ទូទាំង​កម្ពុជា​នឹងត្រូវ​បានរៀបចំ​ឡើង នៅ​ថ្ងៃទី​៧ ខែធ្នូ​ខាងមុខនេះ​។ ការជួប​ជុំគ្នា​នេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​នៃ​ការទប់ស្កាត់​នូវ​ការអនុម័ត​ច្បាប់​ស្តីពី​សហជីព​។
 
តំណាង​ស្ថាប័ន​សហជីព​ទាំងអស់​នឹង​ពិ​ភា​ក្ស​រួមគ្នា ជុំវិញ​បញ្ហា​នៃ​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​។ គោលបំណង​ធំ​បំផុត​នៃ​កិច្ចប្រជុំ​នេះ គឺ​ការ​ពិនិត្យឡើងវិញ នូវ​មាត្រា​ទាំងអស់​នៃ​ច្បាប់​សហជីព ហើយ​ស្នើ​ឲ្យ​រដ្ឋសភា​ពិនិត្យ​សាជាថ្មី និង​សុំ​ឲ្យ​កែប្រែ​ចំណុច​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សិ​ទិ្ធ​សេរីភាព​របស់​កម្មករ និង​សហជីព​។ ជាងនេះទៅទៀត មេដឹកនាំ​សហជីព​នឹង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ទប់ស្កាត់​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នាពេល​រសៀល​នេះ​។​

លោក​បន្ថែម​យ៉ាងនេះ​ថា​៖ «​បើ​រដ្ឋសភា​នៅតែ​មិន​ទទួលយក​សំណើរ​របស់​យើង យើង​នឹង​បន្ត​ស្នើ​ទៅ​អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ ជាពិសេស​អង្គការ ILO  រួមទាំង​អ្នកបញ្ជា​ទិញ​អន្តរជាតិ​ទាំងឡាយ ឲ្យ​ជួយ​ទប់ស្កាត់​ការអនុម័ត​ច្បាប់​នេះ​»​។

កាលពី​ថ្ងៃទី​៣ ខែធ្នូ តំណាង​សហជីព​ប្រមាណ​ជា​២០ បាននាំគ្នា​យក​ញត្តិ​ទៅកាន់​វិមាន​រដ្ឋសភា​ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​នេះ ពន្យារពេល​អនុម័ត ហើយ​ពិនិត្យឡើងវិញ​ចំពោះ​ច្បាប់​សហជីព​។ ក្រោយមកទៀត កាលពី​ថ្ងៃទី​៤ ធ្នូ ម្សិលមិញ ក្រុម​សហជីព​ទាំងនោះ បាន​បន្តទៅ​ជួប​លោក កឹម សុខា បន្ថែមទៀត ដើម្បី​ស្នើ​ឲ្យ​បក្សប្រឆាំង​ធ្វើយ៉ាងណា ជួយ​ទប់ស្កាត់​ការកើតឡើង​នូវ​ច្បាប់​នេះ​។

សហជីព មានការ​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​ច្បាប់​នេះ​។ ពួកគេ​ហ៊ាន​អះអាងថា ប្រសិនបើ​ច្បាប់​សហជីព​ត្រូវបាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​ការកែប្រែ នោះ​ស្ថាប័ន​សហជីព អាច​នឹង​ដួលរលំ ដោយសារតែ​ភាព​រឹតត្បិត​នៃ​ច្បាប់​នេះ​។  

សូមរ​ម្លឹ​ង​ថា សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ មាន​៧​ជំពូក និង​១០០​មាត្រ ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត និង​បញ្ជូន​ទៅកាន់​រដ្ឋសភា កាល​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ ។ រដ្ឋសភា​អាច​នឹង​បើក​កិច្ចប្រជុំ ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ខាងមុខ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​