អាដហុក​ខេត្ត​ត្បូងឃ្មុំ​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស​ដល់​តំណាង​ពលរដ្ឋ

តំណាង​ពលរដ្ឋ​មក​ពី​តំបន់​មាន​បញ្ហា​ផ្សេងៗ នៅ​ខេត្ត​ត្បូងឃ្មុំ មក​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ទីស្នាក់ការ​សមាគម​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៤ ខែ ធ្នូ ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ទៅ​លើ​ពួកគាត់​ដែល​ជួប​ប្រទះ​កន្លង​មក។ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក បញ្ជាក់​ថា គោលបំណង​ដែល​ពួកគាត់​ជួប​ជជែក​គ្នា គឺ​ដើម្បី​ពន្យល់​ឱ្យ​តំណាង​ពលរដ្ឋ​យល់​ពី​បញ្ហា​ច្បាប់​មួយ​ចំនួន​ទាក់ទង​សិទ្ធិមនុស្ស។

តំណាង​ពលរដ្ឋ​មកពី​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ដូច​គ្នា​ថា ការ​ចូលរួម​របស់​ពួកគាត់ គឺ​មាន​សារសំខាន់​ដើម្បី​បាន​ជា​គំនិត និង​បទពិសោធន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ខ្លួន​ជួបប្រទះ។ ពួកគាត់​ថា ការ​ចងក្រង​ជា​បណ្ដាញ គឺ​ធ្វើ​ឱ្យ​​សហគមន៍​មាន​មាន​ភាព​រឹងមាំ ជាពិសេស​ថែម​ទៀត​នោះ គឺ​ពួកគាត់​បាន​យល់​ដឹង​ពី​បញ្ហា​សិទ្ធិមនុស្ស​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

តំណាង​សហគមន៍​មក​ពី​ឃុំ​រការពរប្រាំ ស្រុក​ត្បូងឃ្មុំ ដែល​មាន​បញ្ហា​ដី​ព្រៃ​លិច​ទឹក​ជា​ច្រើន​ពាន់​ហិកតារ ត្រូវ​បាន​ឈ្មួញ​ឈូស​ឆាយ អ្នកស្រី ជុន ចាន់ថា ឱ្យ​ដឹង​ថា ការ​ចូលរួម​ពិភាក្សា​បញ្ហា​ផ្សេងៗ​របស់​ខ្លួន គឺ​មាន​សារសំខាន់​ណាស់។ អ្នកស្រី​យល់​ថា កន្លង​មក​ដោយសារ​តែ​ប្រជាពលរដ្ឋ​មិន​បាន​យល់​ដឹង​ពី​សិទ្ធិ​សេរីភាព​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​របស់​ខ្លួន ទើប​បណ្ដាល​សម្បត្តិ​ធម្មជាតិ​យ៉ាង​ច្រើន​ត្រូវ​បាន​ក្រុម​អ្នក​មាន​ប្រាក់ មាន​អំណាច​គ្រប់គ្រង។

អ្នកស្រី​ថា ដោយសារ​មូលដ្ឋាន​ផ្នែក​ច្បាប់​ផង ព្រម​ទាំង​ការ​ចូលរួម​ពី​បណ្ដាញ​សហគមន៍ និង​ប្រជាពលរដ្ឋ​ផង ទើប​ធ្វើ​ឱ្យ​ការ​ទាមទារ​របស់​ពលរដ្ឋ​បាន​សម្រេច​មួយ​ចំនួន៖ «ព្រៃ​តំបន់​ទឹក​លិច​អ៊ីចឹង​គេ​ឈូស​គេ​ឆាយ​រាប់​ពាន់​ហិកតារ ទើស​ចិត្ត​ណាស់។ បុគ្គល​តែ​ពីរ​បី​នាក់​សោះ​ហ៊ាន​ទៅ​ឈូស​ឆាយ​ដី​ហ្នឹង​អស់​រាប់​ពាន់»

​ស្រដៀង​គ្នា​នេះ តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​កំពាន់ ស្រុក​មេមត់ លោក ដួង ថេត មាន​សាសន៍​ថា ដោយសារ​ប្រជាពលរដ្ឋ​មិន​មាន​ចំណេះ​ដឹង គ្មាន​បទពិសោធន៍ ម្យ៉ាង​មិនសូវ​យល់​ពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ផង គឺ​ធ្វើ​ឱ្យ​ពួកគាត់​ងាយ​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ឈ្មួញ​ដី​អាជ្ញាធរ និង​តុលាការ​ជាដើម៖ «មាន​តែ​អ្នក​ចេះ​ច្បាប់​ទម្លាប់​អំពី​សិទ្ធិ ទើប​គាត់​អាច​ជួយ​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​បាន»

តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០​នាក់ ដែល​បាន​ចូលរួម​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន ដូចជា​ដីធ្លី បញ្ហា​ធនធាន​ធម្មជាតិ រួម​មាន​ព្រៃ​លិច​ទឹក ព្រៃ​សហគមន៍ និង​បញ្ហា​នេសាទ​ជាដើម។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា មូលហេតុ​ខាង​លោក​រៀបចំ​ឱ្យ​ប្រជា​សហគមន៍​បាន​ជួប​ពិភាក្សា​គ្នា គឺ​ដើម្បី​ពង្រឹង​ពួកគាត់​ឱ្យ​យល់​ពី​បញ្ហា​សិទ្ធិមនុស្ស​ជា​សំខាន់។ លោក​ថា ភាគ​ច្រើន​បញ្ហា​មួយ​នេះ គឺ​មិន​សូវ​បាន​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នោះ​ទេ ដូច្នេះ​មាន​តែ​តំណាង​ប្រជាពលរដ្ឋ​ទាំង​នេះ​ដែល​អាច​ពាំនាំ​ចំណេះ​ដឹង​ទាំង​ឡាយ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​បាន៖ «អ៊ីចឹង​ហើយ​បាន​ជា​សមាគម​អាដហុក​នេះ មាន​វិធីសាស្ត្រ​មួយ​នៅ​ក្នុង​គម្រោង​មួយ គឺ​ពង្រឹង​បណ្ដាញ ប្រជុំ​បណ្ដាញ ឱ្យ​យល់​ពី​បញ្ហា​សិទ្ធិ​មនុស្ស»

​បណ្ដាញ​សហគមន៍​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក គឺ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា តាំង​ពី​​ឆ្នាំ​២០០២ ដោយ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ។ ចំណែក​ផែនការ​ទៅ​មុខ​ទៀត លោក នាង សុវ៉ាត បញ្ជាក់​ថា ក្រោយ​ពេល​ប្រជុំ​បណ្ដាញ​សហគមន៍​ថ្នាក់​ខេត្ត ខាង​អាដហុក នឹង​រៀបចំ​ប្រជុំ​បណ្ដាញ​សហគមន៍​ថ្នាក់​តំបន់​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ឱ្យ​ពួកគាត់​ទទួល​បាន​ចំណេះ​ដឹង ព្រម​ទាំង​បទពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។