ក​ម្លោះ​អភ័ព្វ​កើត​ជំងឺ​ស្ក​ន់​ជាន់​ប្រកាច់​ធ្លាក់​ពីលើ​គ្រែ​ចូល​ភ្នក់ភ្លើង​រលាក​មួយ​ចំហៀង​ខ្លួន អំពាវនាវ​រក​សប្បុរសធម៌

ខេត្តកំពង់ធំ ៖ បុរស​មាន​ជំងឺ​ស្ក​ន់​ជាន់​ម្នាក់​បាន​រលាកភ្លើង​ពេញ​មួយ​ចំហៀង​ខ្លួន ខណៈ​ពេលដេក​សុខ​ៗ​ក៏​ប្រកាច់​ធ្លាក់​ពីលើ​គ្រែ​ចូល​ភ្នក់ភ្លើង​ដែល​នៅ​ក្បែរ​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​បា​ជ័យ ឃុំ​សណ្ដ​តាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយឈ្មោះ ម៉ែ​ន វឿ​ន អាយុ​៤៥​ឆ្នាំ មាន​ប្តី​ឈ្មោះ យូ ផាត អាយុ​៥៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​របស់​គាត់​តាំងពី​ចាប់ដៃ​គ្នា​ជា​គូគ្រង​មក​មានកូន​៣​នាក់ សុទ្ធតែ​ប្រុស កូន​ទី​១​របស់​គាត់​ដែល​តែងតែ​ប្រកាច់​នេះ​ឈ្មោះ ភោគ តែ​ន អាយុ​៣០​ឆ្នាំ ជា​កូនច្បង មិន​ទាន់​មាន​ប្រពន្ធ​នោះ​ទេ រស់នៅ​ជាមួយ​ពួក​គាត់ ហើយ​មាន​អាកា​រៈ​របៀប​នេះ​ជា​ច្រើន​ដង​មក​ហើយ អ្នកខ្លះ​និយាយ​ថា វា​កើត​ជំងឺ​តេត​តា​ណុ​ស ពីព្រោះ​កាលពី​តូច​វា​ធ្លាប់​មុត​ដែកគោល និង​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ ដោយសារ​តែ​ជីវភាព​ក្រីក្រ​ពេក ពួក​គាត់​មិន​បាន​យក​កូន​ទៅ​ពេទ្យ​ចាក់​ថ្នាំ​ការពារ​នោះ​ទេ យូរ​ៗ​វា​ធ្វើទុក្ខ​ប្រកាច់​ម្តង ។

ជាក់ស្តែង​កាលពី​ម៉ោង​២​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ខណៈ​ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ និង​កូន​ៗ​ដ៏​ទៃ​ទៀត​នាំ​គ្នា​ទៅ​ដង​ជ័រ និង​បោច​វ​ល្លិ៍​ក្នុង​ព្រៃ ស្រាប់តែ​មាន​បងប្អូនរ​ត់ទៅ​ប្រាប់​គាត់​ថា កូន​គាត់​ដេក​លើ​គ្រែ​ក្បែរ​ភ្នក់ភ្លើង ស្រាប់តែ​ប្រកាច់​ធ្លាក់​ពីលើ​គ្រែ​ចូល​ភ្លើង​រលាក​ពេញ​ខ្លួន ពួក​គាត់​ក៏​នាំ​គ្នា​មក​មើល​កូន រួច​ដឹក​មក​រក​គ្រូពេទ្យ​នៅ​ឃុំ​ទំ​រីង​មើល តែ​ត្រូវ​ពេទ្យ​ប្រាប់​ថា​មិន​ហ៊ាន​មើល​ទេ រលាក​ខ្លាំង​ណាស់ ឲ្យ​ដឹក​ទៅ​ពេទ្យ​ស្រុក​សណ្តាន់​ទៅ នៅ​ពេល​មក​ដល់​ពេទ្យ​ស្រុក​សណ្តាន់ បាន​លាបថ្នាំ​ឲ្យ ដោយសារ​ឃើញ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យ​ស្រុក​សណ្តាន់​ដោយ​មានចិត្ត​មនុស្សធម៌ ក៏​បញ្ជូន​កូន​គាត់​តាម​រថយន្ត​មក​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ដោយ​មិន​យក​ប្រាក់​នោះ​ទេ ដោយសារ​ឃើញ​គាត់​ក្រីក្រ​ពេក ។

នៅ​ពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ដោយ​យកចិត្តទុកដាក់ គ្រូពេទ្យ​សួរ​រក​ប័ណ្ណ​ក្រីក្រ​ដែរ តែ​គាត់​ប្រាប់ថា​ប័​ណ្ឌ​នោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ឆេះ​អស់​បាត់​ទៅ​ហើយ ពុំ​ទាន់​បាន​សុំ​គេ​ធ្វើ​វិញ​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ករណី​ប្រកាច់​នេះ​ដែរ បើ​តាម​សម្តី​របស់​គ្រូពេទ្យ​ប្រាប់​ថា វា​មិនមែន​ជា​ជម្ងឺ​តេត​តា​ណុ​ស​នោះ​ទេ បើ​ជម្ងឺ​តេត​តា​ណុ​ស​ពេល​ណា​ប្រកាច់​គឺ​វា​ប្រកាច់​ទាល់តែ​ស្លាប់ មិនមែន​ដូច្នេះ​ទេ ហើយ​ជម្ងឺ​នេះ​គេ​តែង​ហៅ​ថា​ជំងឺ​ស្ក​ន់​ជាន់ ឬ​ក៏​ជំងឺឆ្កួតជ្រូក អ្នកខ្លះ​អាច​ព្យាបាល​ជា ហើយ​អ្នកខ្លះ​ទៀត​ព្យាបាល​មិនជា​ក៏​មាន​ដែរ ដូច​ជា​ករណី​កម្លោះ​​នេះ​ជាដើម នៅ​ពេល​ណាវក់​ម្តង​ៗ ឬ​ក៏​ប្រកាច់​នោះ នាំ​គ្នា​ចាប់​២-៣​នាក់​សឹង​មិន​ឈ្នះ ហើយ​និយាយ​ស្តី​ក៏​មិនដឹង​ខុស​ត្រូវ នោះ​ទេ ។

ដំណឹង​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​សប្បុរសជន និង​អង្គការ​ផ្សេង​ៗ​ សូម​មេត្តា​ជួយ​ដល់​គ្រួសារ​នេះ​ផង ពីព្រោះ​គាត់​ក្រីក្រ​ណាស់ ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ អាកា​រៈ​នៅ​មិន​ទាន់​ធូរស្បើយ​នៅឡើយ​ទេ ៕