តុលាការខេត្ត​កំពង់ឆ្នាំង​ចាប់​មេ​កន្ទុយលេខ​ស្រី​ប្រុស​២​នាក់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ថា​សុំ​ចាប់​អោយអស់ កុំ​ធ្វើ​គ្រាន់តែ​គោះ​ទឹក​បង្អើល​ត្រី​ព្រោះ​នៅមាន​ច្រើនណាស់​

​ខេត្តកំពង់ឆ្នាំង​៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង បានសម្រេច​ឃុំខ្លួន អ្នក​កត់​កន្ទុយលេខ ២​នាក់ នៅ​រសៀល​ ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ចោទប្រកាន់​ពីបទ​បើក​ល្បែងស៊ីសង​ខុសច្បាប់ ដែល​សមត្ថកិច្ច​បាន​ចាប់ ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​កន្លែង​កត់​កន្ទុយលេខ​២​ផ្សេងគ្នា នៅក្នុង​ក្រុង​កំពង់ឆ្នាំង បន្ទាប់ពី​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង និង​សមត្ថកិច្ច​ធ្លាប់បាន​កោះហៅ​មក​ប្រជុំ​អប់រំ​ណែនាំ អោយ​បញ្ឈប់ ការលេង​កន្ទុយលេខ កាលពី​ខែ​មុន​កន្លងមក តែ​ពួកគេ​មិន​ព្រម​បញ្ឈប់​។ ​ ​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ អ្នក​កត់​កន្ទុយ​ទាំង​២​នាក់​ដែល ត្រូវ​តុលាការខេត្ត​ឃុំខ្លួន​មាន ១.​ឈ្មោះ​សឹង្ហ សាវឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ កណ្តាល សង្កាត់​កំពង់ឆ្នាំង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខ្លួន​នៅ​ខាងត្បូង​ផ្សារលើ ក្នុងភូមិ​ត្រពាំង​បី សង្កាត់ ផ្សារឆ្នាំង និង​២.​ឈ្មោះ សូ ឃ​ន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទី​១ សង្កាត់​ខ្សា​ម ចាប់ខ្លួន​នៅ ចំណុច​បេន​រ៉ឺម៉ក ផ្សារលើ ខណៈដែល​ពួកគេ​ទាំង​២​នាក់ កំពុង​កត់​កន្ទុយលេខ​។ វត្ថុតាង​ដែល​សមត្ថ កិច្ច​រឹបអូស​យកបាន មាន​ម៉ូតូ​១​គ្រឿង ប្រាក់រៀល ១.២៨៦.០០០​រៀល , ប្រាក់​ដុល្លា ៥២​ដុល្លា , ទូរស័ព្ទដៃ​៣​គ្រឿង , ម៉ាស៊ីន​គិត​លេខ​៤​គ្រឿង , ក្រដាស់​កត់​កន្ទុយលេខ​៧​ដុំ និង​ក្រដាស់​កា​បោ​ន​មួយចំនួន ទៀត​។ ​ ​

​សូមបញ្ជាក់ថា​៖ ក្នុង​ខែតុលា និង​ខែវិច្ឆិកា កន្លងមកនេះ តាម​ស្មារតី​អង្គប្រជុំ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បានអោយ​អាជ្ញាធរ​ក្រុង និង​ស្រុក​ចំនួន​៣ មាន​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់ត្រឡាច និង​ស្រុក​ទឹកផុស សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ កោះហៅ​មុខសញ្ញា​សង្ស័យ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង​អ្នក​កត់​ក​ន្ទុ យ​លេខ​នេះ​ផងដែរ មក​ប្រជុំ​ណែនាំ​អប់រំ​អំពី​ផ្លូវច្បាប់ និង​អោយ​បញ្ឈប់​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ពិសេស​គឺ​មេ​រង​កត់​កន្ទុយលេខ​នេះ ប៉ុន្តែ​អ្នកលេង​ល្បែង​មួយចំនួន​មិនបាន មក​ចូលមក​ប្រជុំ​ស្តាប់​ការអប់រំ​ណែនាំ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ឡើយ ទើប​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ចាប់ខ្លួន​ករណី​ខាងលើនេះ​។ តាមច្បាប់​បង្ក្រាប​ល្បែងស៊ីសង​មាត្រា​៥ អ្នកបើក​ល្បែងស៊ីសង ត្រូវ​ផ្តន្ទា ទោស ដាក់គុក​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ត្រូវ​ពិន័យ​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល​។​

​ករណី​បង្ក្រាប​ល្បែងស៊ីសង​ខាងលើនេះ មាន​ពាក្យ​ច​ចាម​អារាម​ថា មាន​អ្នក​រត់ការ​សុំអោយ សមត្ថកិច្ច​និង​តុលាការខេត្ត​ដោះលែង​អ្នក​កត់​កន្ទុយលេខ​ទាំង​២​នាក់​ខាង​ល​នេះ ជា​ថ្នូរ​និង​ការអោយប្រាក់​ពី​២​ពាន់ ទៅ​៥​ពាន់​ដុល្លា តែ​សមត្ថកិច្ច និង​តុលា​ការមិន​ដោះលែង​ឡើយ​។​

​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​រិះគន់ថា​៖ មាន​កន្លែង​កត់​កន្ទុយ​លេខ​ជាច្រើន កន្លែង ទៀត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ដែល​មួយចំនួន​ក៏​ជា​ប្រពន្ធ​កូនអ្នកមាន​បណ្តា​ស​ក្ក័​ផងដែរ មិន​ត្រូវបាន​បង្ក្រាប ចាប់ខ្លួន​ឡើយ ដែល​គេ​សង្ស័យថា ជា​បក្សពួក ឬ​អាច​ថា​ជា​ឆ្នាំងបាយ​ដែល​ត្រូវគេ​បិត​ភ្នែក​មើលរំលង ។ ប្រជាពលរដ្ឋ​សុំ​សំណូមពរ​ថា បើ​ចាប់​គួរតែ​ចាប់​អោយអស់ កុំ​ចាប់​តែ​អ្នក​កត់​កន្ទុយលេខ​តូចតាច ចំណែក​អា​ធំ​បន្លំ​ដេក​លេង​ម៉ា​ស្រឡាញ់​នោះ​ពិតជា​មិន​សុខ​ស្រួល​នោះទេ​លោក​សមត្ថកិច្ច​កុំ​ថា​ប្រជាពលរដ្ឋ​គាត់​មិនដឹង​អោយសោះ ៕ រិ​ទ្ធិ ជ័យ​ ​

KA-04-12-2015-07 KA-04-12-2015-08 KA-04-12-2015-09 KA-04-12-2015-10 KA-04-12-2015-11​ ​