សង្គម​ស៊ីវិល​ចំនួន​១៦​ខេត្ត​ផ្ដើម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ពី​ថ្ងៃ​ទី​៦-​​១០ ​ធ្នូ

បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នានា នៅ​ក្នុង​ខេត្ត​ចំនួន ១៦ នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ក្រោម​ប្រធានបទ​ផ្ដោត​រួម​លើ​យុត្តិធម៌។ ស្របគ្នា​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០០០​នាក់ នឹង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ភ្នំពេញ ដើម្បី​បង្ហាញ​សារ និង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ទាក់ទង​ទៅ​នឹង​យុត្តិធម៌​សង្គម។

​ក្រុម​មិត្ត ១០ ធ្នូ ដែល​ជា​អ្នក​រង​ផល​ប៉ះពាល់​ជម្លោះ​ដីធ្លី បណ្ដាញ​យុវជន សហជីព សមាគម ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ដោយ​ការ​បង្ហែ​ក្បួន​នៅ​តាម​មូលដ្ឋាន​របស់​គេ​រៀងៗ​ខ្លួន។

​តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ឱរ៉ាល់ លោក ម៉េង ប៊ុនរឿន ឲ្យ​ដឹង​ថា នឹង​មាន​មនុស្ស​ជាង ៥០០​នាក់ ជួប​ជុំ​គ្នា​បង្ហែ​ក្បួន​ពី​ផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​ទៅ​សាលា​ខេត្ត​ពោធិ៍សាត់។ លោក​ថា ក្រោយ​ប្រារព្ធ​ពិធី​នេះ​នៅ​ខេត្ត​រួច​ហើយ ក្រុម​សហគមន៍​នឹង​នាំ​គ្នា​មក​ភ្នំពេញ នៅ​ថ្ងៃ​១០ ធ្នូ៖ «ខ្ញុំ​យល់​ឃើញ​ថា ទិវា ១០ ធ្នូ ជា​ទិវា​មួយ​ដាស់តឿន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​មិន​បាន​គិត​ថា គាត់​មាន​សិទ្ធិ​សេរីភាព»

នៅ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ក្រុម​មិត្ត ១០ ធ្នូ ដែល​ប្រារព្ធ​ខួប​ទី​៦៧ ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ  ឲ្យ​ដឹង​ថា ខ្លឹមសារ​ញត្តិ​របស់​ពួកគេ ៥​ចំណុច​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ដូចជា ស្នើ​សុំ​ដោះស្រាយ​បញ្ហា​ដីធ្លី កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដោះលែង​អ្នក​ការពារ និង​សកម្មជន​សិទ្ធិមនុស្ស ដំឡើង​ប្រាក់​ឈ្នួល បញ្ឈប់​អំពើ​ហិង្សា​ដែល​គាំទ្រ​ដោយ​អាជ្ញាធរ​រដ្ឋ និង​ចំណុច​ចុង​ក្រោយ គោរព​សេរីភាព​បញ្ចេញ​មតិ ជួប​ជុំ​គ្នា​ដោយ​អហិង្សា។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​ដឹង​ថា គោលបំណង​មិត្ត ១០ ធ្នូ នឹង​ហែ​ក្បួន​ពី​មុខ​សួន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាត់​ទន្លេ ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​ដាក់​ញត្តិ។ លោក​ថា សំណើ​សុំ​ហែ​ក្បួន​នេះ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ​ទេ ខណៈ​សាលា​រាជធានី អនុញ្ញាត​ឲ្យ​មាន​ការ​ជួបជុំ​តែ​មិន​ឲ្យ​ហែ​ក្បួន៖ «ការ​ប្រារព្ធ​ពិធី​នេះ ក្រៅ​ពី​បង្ហាញ​សារ​រំលឹក​ទិវា ១០ ធ្នូ ក៏​យើង​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ស្ថាប័ន​ពាក់​ព័ន្ធ រិះរក​មធ្យោបាយ​លើក​កម្ពស់​សិទ្ធិមនុស្ស ជា​ពិសេស​គឺ​យុត្តិធម៌​សង្គម»

​ទន្ទឹម​នឹង​ការ​រៀបចំ​របស់​អង្គការ​សមាគម​នេះ​ដែរ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នឹង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ នា​ទីស្នាក់ការ​របស់​ខ្លួន​នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ក្រុម​មិត្ត ១០ ធ្នូ គ្រោង​រៀបចំ​វេទិកា​សាធារណៈ ដាក់​ញត្តិ និង​សម្ដែង​ល្ខោន​ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។