Q&A : តើ​នេះ​ជា​អារម្មណ៍​ស្នេហា​របស់​នាង​ខ្ញុំ​ពិតមែន​ទេ ?

​សំណួរ ៖ នាង​ខ្ញុំ​អាយុ ១៦ ឆ្នាំ មាន​បុរស អាយុ ២៥ ឆ្នាំ​សុំ​ស្រឡាញ់ ។ ដំបូងៗ​នាង​ខ្ញុំ​មិនបាន​ចាប់អារម្មណ៍​ជាមួយ​គាត់​ទេ ប៉ុន្តែ​មួយរយៈ​ចុង​ក្រោយនេះ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​អារម្មណ៍​ហាក់​ចូលចិត្ត​គាត់ និង ថ្ងៃ​ណា​មិនបាន​ជួប​មុខ​គាត់​មាន​អារម្មណ៍​តប់ប្រមល់​ណាស់ ។ នាង​ខ្ញុំ​ចង់ដឹងថា តើ​នេះ​ជា​អារម្មណ៍​ស្នេហា​កើតឡើង​ពិតមែន​ទេ? នាង​ខ្ញុំ​មិន​ចង់​មាន​ស្នេហា​នៅ​វ័យក្មេង​បែបនេះ​ទាល់តែសោះ តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច ?

​ចម្លើយ ៖ គេ​ថា​អត់បាយ​ទើប​ស្លាប់ ប៉ុន្តែ​បើ អត់​ស្នេហា​នោះ​មិន​ត្រឹម​សុខ​ស្រួលខ្លួន​ទេ វា​មាន​សិទ្ធិសេរីភាព​ថែមទៀត ។ អ្នក​នៅ​វ័យក្មេង​ណាស់ យក​ល្អ​ត្រូវ​ចៀស​ឱ្យ​ឆ្ងាយ​មិន​ត្រូវយក​អារម្មណ៍​ស្រឡាញ់​របស់ខ្លួន​មក​គិត​ឡើយ ។ ត្រូវ​ចងចាំ​ថា សេចក្តីស្នេហា​ពេលខ្លះ​ជា​ថ្នាំ​ពិស​មើល​មិនជា​ឡើយ ហើយ​បើ​លង់​នឹង​វា​អ្នកខ្លះ​អាច​កម្មក្រាស់​អស់​មួយជីវិត ។ អ្នក​នៅ​វ័យក្មេង​យក​ល្អ​ប្រើ​ខួរក្បាល​ដែល​កំពុង​ផូរផង់​របស់ខ្លួន​មក​ខិតខំ​រៀនសូត្រ​រក​ចំណេះ វិជ្ជា​ដាក់ខ្លួន​ទើប​ជីវិត​នៅ​ថ្ងៃ​ខាងមុខ​ភ្លឺ​ថ្លា ។ អ្នក​មិនត្រូវ​ងប់ងុល​នឹង​ការ​តាម​អង្វរ​លន់តួ​នោះទេ ត្រូវមាន​ចិត្ត​ដែក​ធ្វើ​មិនដឹងមិនឮ​ទើប​ប្រសើរ ។

ពិត​ហើយ​មនុស្ស​គ្រប់រូប​ត្រូវតែមាន​សេចក្តី ស្នេហា ប៉ុន្តែ​នៅ​វ័យ​របស់​អ្នក​វា​មិនទាន់​ដល់ពេល​ទេ ហើយ​វា​គ្រោះថ្នាក់​ណាស់​នៅពេល​អ្នក​មិន ទាន់​យល់ដឹង​ពី​បញ្ហា​សង្គម​គ្រប់គ្រាន់​ហើយ​ប្រឡូក​ជាមួយ​វា ។ អ្នក​ត្រូវ​ចេះ​សួរ​ខ្លួនឯង​ថា ឆាប់​មាន​សេចក្តីស្នេហា​វា​បានទទួល​អ្វី​មកវិញ គឺ​ក្រៅពី​ធ្វើឱ្យ​អ្នក​អវិជ្ជា ឬ ទទួល​ទុក្ខសោក​មកវិញ​ថែមទៀត ? អ្នក​ត្រូវ​គេច​ឆ្ងាយ​ពី​វា ហើយ​រក​ពេល​បំពេញការងារ​ផ្ទះ និង ខំរៀន​សូត្រ​ទើប​ប្រសើរ ។ ជឿជាក់ថា អ្នក​អាចធ្វើ​វា​បាន​បើ​អ្នកមាន​ការគិត​វែងឆ្ងាយ ៕

Related