អ៊ុយក្រែន ខ្ចីប្រាក់ពី​ជប៉ុន​ ប្រមាណ​៣០០ ​លាន​ដុល្លារ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​

គៀវ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ថា រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន បានសុំខ្ចីថវិកា ប្រមាណ៣០០លានដុល្លារ ពីប្រទេសជប៉ុន ដើម្បីយកមករៀបចំ និងស្តារសេដ្ឋកិច្ច ឡើងវិញ ។

រដ្ឋាភិបាលអ៊ុយកែ្រន បានឲ្យដឹងនៅលើ គេហទំព័រដ្ឋាភិបាលរបស់ខ្លួនថា ប្រាក់កម្ចីនេះ មានរយៈពេល២០ឆ្នាំ និងអនុគ្រោះសង ក្នុងអំឡុងពេល ៦ឆ្នាំម្តង ។ ទឹកប្រាក់នេះ ត្រូវបានប្រគល់ដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយទទួលបានអត្រាការប្រាក់ ប្រចាំឆ្នាំ១ភាគរយ ។

លោក Natalie Jaresko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ុយក្រែន បានថ្លែងបញ្ជាក់ទៅលើមូលនិធិនេះថា ជាថវិកាដើម្បីយកមកជួយបង្កើន ភាពរីកចម្រើន និងតម្លាភាព សម្រាប់ជួយដល់វិស័យ សាធារណៈ និងស្រោចស្រង់សេដ្ឋកិច្ច ។

ជាមួយគ្នានេះដែរ ឥណទានខាងលើ នឹងត្រូវបានយកទៅប្រើប្រាស់ ជាប្រយោជន៍ដើម្បីប្រឆាំងនឹងអំពើពុករលួយ និងអនុវត្ត លើវិស័យនានា ក្នុងការកែទម្រង់ ដែលនឹងត្រូវជួយដល់កាត់បន្ថយ លើការប្រើប្រាស់ថាមពលខ្ពស់ សម្រាប់អ៊ុយក្រែន និងសម្រួលដល់ហិរញ្ញវត្ថុ ។

គួរបញ្ជាក់ថា ទឹកប្រាក់កម្ចីនេះ ជាផ្នែកមួយនៃកញ្ចប់ថវិកា ប្រមាណ៤០ពាន់លានដុល្លារ ដែលជាជំនួយអន្តរជាតិ ផ្តល់ដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់ ដើម្បីកែទម្រង់នានា ក្នុងនោះមានថាមពល ហិរញ្ញវត្ថុ ធនាគារ និងរដ្ឋបាល នៅក្នុងរយៈពេល៤ឆ្នាំបន្ទាប់ ៕