ប៉ូលីសថៃ មិនទាន់រកឃើញ ភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងសកម្មភាពរបស់ ISIS នៅឡើយទេ

បាងកក៖ មេបញ្ជាការប៉ូលីសលោក Chakthip Chaijinda បានបញ្ជាក់ថា អាជ្ញាធរថៃ នៅមិនទាន់រកឃើញសកម្មភាពណាមួយរបស់ជនជាតិស៊ីរី ដែលមានទំនាក់ទំនងជាមួយពួកឧទ្ទាមរដ្ឋឥស្លាមISIS នៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់អះអាងថា របាយការណ៍ព្រមានពីសំណាក់ភ្នាក់ងារស៊ើបការណ៍របស់រុស្ស៊ី គឺជាការពិត នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក ឧត្តមសេនីយ៍ប៉ូលីស Chakthip បានបញ្ជាក់ថា ឯកសារនេះគឺជាការពិត ហើយបន្ទាប់ពីទទួលបានដំណឹងនេះ ប៉ូលីសថៃ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលជាគោលដៅវាយប្រហាររបស់ពួកឧទ្ទាម ប៉ុន្តែរហូតមកទល់ពេលនេះ កម្លាំងប៉ូលីស មិនទាន់រកឃើញភាពមិនប្រក្រតីណាមួយ នៅឡើយទេ។ ក្នុងរបាយការណ៍ បានបង្ហាញថា គោលដៅវាយប្រហារទាំងនោះ រួមមាន នៅរាជធានីបាងកក ក្រុង ប៉ាតាយ៉ា និងភូកេត។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ សារព័ត៌មានក្នុងប្រទេស ថៃ បានរាយការណ៍ថា ភ្នាក់ងារស៊ើបការណ៍រុស្ស៊ី បានព្រមានដល់ការិយាល័យពិសេស របស់ប៉ូលីសថៃ ថា មានជនជាតិស៊ីរីចំនួន១០នាក់ ដែលមានទំនាក់ទំនង ជាមួយពួកឧទ្ទាម ISIS បានចូលមកទឹកដីថៃ ក្នុងអំឡុងថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ព្រមទាំងមានគម្រោងវាយប្រហារ ជនជាតិរុស្ស៊ី នៅក្នុងទឹកដីថៃ៕

ប៉ូលីសថៃ មិនទាន់រកឃើញ ភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងសកម្មភាពរបស់ ISIS នៅឡើយទេ