យក​ធៀប​ថ្លៃ​ជឿ​ថា​មាន​ចំណង​ដៃ​ច្រើន តែ​តាម​ពិត​គ្រាន់​ជា​ការ​ខ្ជះខ្ជាយ?

យក​ធៀប​ថ្លៃ​ជឿ​ថា​មាន​ចំណង​ដៃ​ច្រើន តែ​តាម​ពិត​គ្រាន់​ជា​ការ​ខ្ជះខ្ជាយ?

ការ​រៀប​អាពាហ៍ពិពាហ៍​​គេ​តែង​ប្រើ​ធៀប​ដើម្បី​អញ្ជើញ​ភ្ញៀវ​មក​ចូល​រួម​មង្គលការ។ តែ​មតិ​ខ្លះ​ថា​ពេល​រៀប​ការ​មិន​គួរ​យក​ធៀប​ថ្លៃ​ពេក​ទេ​ព្រោះ​ជា​ការ​ខ្ជះខ្ជាយ​លុយ។ តែ​ខ្លះ​ទៀត​មិន​គិត​អ៊ីចឹង​ឡើយ ព្រោះ​ធៀប​ការ​ដែល​ថ្លៃ​ហើយ​ស្អាត​ជួយ​លើក​តម្កើង​កិត្តិយស​និង​អាច​បាន​ចំណង​ដៃ​ច្រើន​ពី​ភ្ញៀវ​។​

 

 

យក​ធៀប​ថ្លៃ​ជឿ​ថា​មាន​ចំណង​ដៃ​ច្រើន តែ​តាម​ពិត​គ្រាន់​ជា​ការ​ខ្ជះខ្ជាយ?

 

 

ពាក់ព័ន្ធ​នឹង​រឿង​នេះ​កញ្ញា សុខ ណា​រី បញ្ចេញ​ទស្សនៈ​ថា បច្ចុប្បន្ន​ធៀប​មាន​ច្រើន​ប្រ​ភេទ​ហើយ​ពិធី​មួយ​ចំ​នួន​ម្ចាស់​ការ​ខ្លះ​ប្រើ​ធៀប​តម្លៃ​ថ្លៃ​តែ​ខ្លះ​ប្រើ​ធៀប​ធម្មតា ប៉ុន្តែ​លក្ខណៈ​របស់​វា​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។

 
ធៀប​ម៉ូដ​ស្អាត​មាន​តម្លៃ​ថ្លៃ​ពិត​មែន​តែ​កញ្ញា​រូប​នេះ​យល់​ថា​ វា​ជួយ​លើក​កិត្តិយស​និង​អាច​បាន​ចំណង​ដៃ​ច្រើន​ពី​ភ្ញៀវ​ក៏​ថា​បាន ដោយ​សារ​ធៀប​ថ្លៃ​មើល​ទៅ​មាន​អំណាច​ ធ្វើ​ឲ្យ​ភ្ញៀវ​គិត​ថា​គ្រាន់​តែ​ធៀប​ក៏​ឡូយ​ចុះ​ទម្រាំ​ពិធី​? ដូច្នេះ​មិន​អាច​ចង​ដៃ​តិច​បាន​ឡើយ។ មួយ​ទៀត ព្រោះ​គេ​គិត​ថា​មួយ​ជាតិ​ការ​ម្ដង ដូច្នេះ​គេ​ចង់​ឲ្យ​មាន​ភាព​អស្ចារ្យ​សម្រាប់​ពិធី​មង្គល​របស់​គេ បើ​ប្រើ​ធៀប​ធម្មតា​ពេក​ហាក់​ដូច​មិន​ស័ក្ដិសម។

 

 

ចំណែក​កញ្ញា ម៉ា​ណា បុគ្គលិក​នៅ​ក្រុម​ហ៊ុន Wing យល់​ថា ការ​ប្រើ​ធៀប​ថ្លៃ​គ្រាន់​ជា​ការ​ចំណាយ​លុយ​ច្រើន​ឥត​អំពើ ព្រោះ​គេ​គ្រាន់​មើល​មួយ​ភ្លែត​រួច​បោះ​ចោល​ប៉ុណ្ណោះ។

 
ងាក​មក​លោក សិទ្ធ ស័ក្ក ជំនួយ​ការ​គ្រូ​នៅ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា ប្រាប់​ថា​ពេល​ចង​ដៃ​លោក​មិន​ដែល​គិត​ដោយ​សារ​ធៀប​ស្អាត​ឬ​អន់​នោះ​ទេ គឺ​ចង​តាម​សម្ព័ន្ធ​មិត្ត​។ បើ​មិត្ត​ជិត​ស្និទ្ធ​ស្រលាញ់​រាប់​អាន​គ្នា គឺ​ចង​ច្រើន​ៗ​ទោះ​ឲ្យ​ធៀប​យ៉ាង​ម៉េច​ក៏​មិន​ប្រកាន់​ឬ​មើល​ងាយ​អី​ដែរ។​

 
រី​ឯ អ្នក​នាង ដា ទើប​រៀប​មង្គលការ​រួច​ហើយ​ថ្មី​ៗ និយាយ​ថា ពេល​រៀប​ការ​អ្នក​នាង​ជ្រើស​ធៀប​​តាម​លុយ​ដែល​មាន ដោយ​មិន​គិត​សម្លឹង​ថា​ត្រូវ​ចង់​បាន​ចំណង​ដៃ​ដោយ​សារ​ធៀប​នោះ​ទេ ព្រោះ​គិត​ថា​ធ្វើ​អ៊ីចឹង វា​មិន​ចំណេញ​ឡើយ។

 

 

យក​ធៀប​ថ្លៃ​ជឿ​ថា​មាន​ចំណង​ដៃ​ច្រើន តែ​តាម​ពិត​គ្រាន់​ជា​ការ​ខ្ជះខ្ជាយ?

 រូបតំណាង

 

“ខ្ញុំ​ជ្រើស​យក​ធៀប​ការ​មាន​តម្លៃ​៦​កាក់ ព្រោះ​ខ្ញុំ​គិត​ថា​សមរម្យ​សម្រាប់​លុយ​ដែល​ខ្ញុំ​មាន។ រៀប​ការ​ចេះ​តែ​ចង់​បាន​ហើយ​ធៀប​ស្អាត​ឡូយ​ហើយ​ថ្លៃ ប៉ុន្តែ​ក៏​ត្រូវ​គិត​តាម​លទ្ធភាព​ដែរ មិន​អាច​ជោរ​តាម​គេ​ទេ”។​ អ្នក​លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​ច្បារ​អំពៅ​ជឿ​ថា ធៀប​ថ្លៃ​ពិត​ជា​លើក​កិត្តិយស​ម្ចាស់​ការ​មែន បើ​គេ​មាន​លុយ​គេ​គួរ​ជ្រើស​យក​អ្វី​ដែល​សម​នឹង​ទឹក​លុយ​គេ ព្រោះ​ស័ក្ដិសម​នឹង​ពិធី​ដែល​គេ​ប្រារព្ធ តែ​បើ​អ្នក​មាន​លុយ​តិច​តួច គឺ​គួរ​យក​ធៀប​តម្លៃ​ធម្មតា​ល្អ​ជាង។

 
ជុំវិញ​រឿង​នេះ​សម្រាប់ កញ្ញា ភេ ម៉ូ​លីន​ដា កូន​ស្រី​ម្ចាស់​ហាង​លក់​ធៀប​ការ​បាយ័ន ប្រាប់​ថា ពិធី​អាពាហ៍ពិពាហ៍​មិន​ចាំ​បាច់​ប្រើ​ធៀប​ការ​ដែល​មាន​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ គឺ​គួរ​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន។ “ធៀប​មិន​សំខាន់​ទេ​ពេល​ការ ម្ហូប​ទើប​សំខាន់​ជាង​ព្រោះ​ភ្ញៀវ​​ចង​ដៃ​តាម​ប្រភេទ​ម្ហូប។ បើ​ធៀប​ឡូយ តែ​ម្ហូប​អន់ គេ​មើល​ងាយ​ទៅ​វិញ ហើយ​ចំណង​ដៃ​ក៏​ត្រូវ​កាត់​តាម​នោះ​ដែរ”។

 

 

ចុះ​អ្នក​វិញ​បើ​រៀប​ការ នឹង​ជ្រើស​ធៀប​ការ​មាន​លក្ខណៈ​បែប​ណា?

 

 

សូមអាន   ​​ពេលា​ណា​ខ្លះ​ល្អ​សម្រាប់​កូន​កំលោះ​ក្រមុំ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ ?​​​
អត្ថបទ៖ លឹម សុ​នា