លោក សុខ អាន ៖ សារមន្ទីរ​សព្វទស្សន៍​អង្គរ ជួយ​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​ដ៏​រុងរឿង របស់​ប្រទេស​កម្ពុជា ឲ្យ​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​

សៀមរាប: ​សារមន្ទីរ​សព្វទស្សន៍​អង្គរ ដ៏​ស្រស់ស្អាត​បំពាក់​ដោយ​សម្ភារៈ​ទំនើបៗ មាន​ទីតាំង​ស្ថិត​នៅជាប់​រង្វង់​មូល​ផ្លូវ ៦០ ម៉ែត្រ​ក្រុង​សៀមរាប ត្រូវបាន​សម្ពោធ​បើក​ដំណើការ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូល​ទស្សនា​ជា​ផ្លូវការ នា​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា មន្ត្រី​អ្នកមុខអ្នកការ​ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​ដ៏​ច្រើន​កុះករ​។​

​សារមន្ទីរ​ដែល​ស្ថាបនា​ឡើង​តាម​រចនាបទ​ខ្មែរ ដ៏​ល្អ​ប្រណីត​នេះ ចាប់​ដំណើការ​សាងសង់ឡើង​តាំងពី​ខែសីហា ឆ្នាំ​២០១១ ដោយ​ក្រុមហ៊ុន MansudaeNewtechCorporration Ltd នៅលើ​ផ្ទៃដី ៦.១១៥ ម៉ែត្រការ៉េ មាន​ទំហំ​បណ្តោយ ៨៣,៥ ម៉ែត្រ​ទទឹង ៥៤,៣ ម៉ែត្រ​កំពស់ ៣៤ ម៉ែត្រ ចំណតរថយន្ត​ផ្លូវ​ដើរ និង​ទីតាំង​ផ្សេងៗ​មួយចំនួនទៀត ដែល​សាងសង់​រួចរាល់​នា ខែកញ្ញា ឆ្នាំ​២០១៥​នេះ ដោយ​ចំណាយ​អស់​ទឹកប្រាក់​ជាង ២៤ លាន​ដុល្លារ​អាមេរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន Mansudae Oversaes Project Gruop of Companies នៃ​ប្រទេស​កូរ៉េខាងជើង​។​

​ក្នុងការ​រៀបចំ​តាំងពិព័រណ៍​ផ្សេងៗ ត្រូវបាន​បែងចែក​ជាច្រើន​ផ្នែក​សំខាន់ៗ ដូចជា ផ្នែក​រូបថត និង​គំនូរ អំពី​ប្រវត្តិ​នៃ​ប្រាសាទ និង​ភូមិដ្ឋាន​អ្នកស្រុក​ក្នុង​រមណីយដ្ឋាន​អង្គរ នា​សម័យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ផ្នែក​គំនូរ​សព្វទស្សន៍​ដែល​និយាយ​ពី​ដំណាក់កាល​សំខាន់​ទាំង​៣ ក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺ​ដំណាក់កាល​យុទ្ធសាស្ត្រ​ការពារ​ដំណាក់កាល​សាងសង់​ប្រាសាទបាយ័ន និង​ដំណាក់កាល​ស្រុក​រុងរឿង​រោងភាពយន្ត 3D ដែល​អាច​ទទួលភ្ញៀវ​ចូល​ទស្សនា​ម្តង​បាន ២០៤ នាក់​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ភេសជ្ជៈ ព្រមទាំង​មាន​កន្លែង​បញ្ចាំង​វីដេអូ​ឯកសារ ស្តីពី ប្រវត្តិ​ប្រាសាទ​និង​ទីតាំង​បុរាណ​នានា ដែល​អាច​ឲ្យ​អ្នកស្រាវជ្រាវ និស្សិត សិស្ស សាធារណជន អាច​ចូលទៅ​សិក្សា​ស្វែងយល់បាន​ទៀតផង​។​
​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​តំបន់​សៀមរាប​-​អង្គរ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន មានប្រសាសន៍ថា ៖ ការវិនិយោគ​របស់​ក្រុមហ៊ុន Mansudae Oversaes Project Gruop of Companies នេះ មិន​ត្រឹមតែ​ជាការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​ក​ម្ពុ​ជា​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ដែលមាន​តាំងពី​យូរ​មកហើយ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ សារមន្ទីរ​សព្វទស្សន៍​អង្គរ បានផ្តល់​នូវ​ផលប្រយោជន៍ ២ សំខាន់​គឺ ទី​១-​បាន​ជួយ​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​ដ៏​រុងរឿង របស់​ប្រទេស​កម្ពុជា ឲ្យ​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក បាន​ស្គាល់​និង​យល់ដឹង​។ ទី​២ បានផ្តល់​តម្លៃ​យ៉ាង​ធំធេង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម តាមរយៈ​ចំណូល​ពី​វិស័យ​ទេសចរ​ដែល​ចូល​ទស្សនា​។​

​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ប្រកបដោយ​និរន្តរភាព រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ ដោយ​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​វិនិយោគ ពី​វិស័យ​ឯកជន​ប្រកបដោយ​តម្លាភាព និង​ស្មើភាព ដូច​ករណី​សារមន្ទីរ​សព្វទស្សន៍​អង្គរ​នេះ​ជា​ទឹក​តាង​ស្រាប់​៕​

លោក សុខ អាន ៖ សារមន្ទីរ​សព្វទស្សន៍​អង្គរ ជួយ​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​ដ៏​រុងរឿង របស់​ប្រទេស​កម្ពុជា ឲ្យ​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​

លោក សុខ អាន ៖ សារមន្ទីរ​សព្វទស្សន៍​អង្គរ ជួយ​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​ដ៏​រុងរឿង របស់​ប្រទេស​កម្ពុជា ឲ្យ​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​

លោក សុខ អាន ៖ សារមន្ទីរ​សព្វទស្សន៍​អង្គរ ជួយ​បង្ហាញ​ពី​តម្លៃ​នៃ​វប្បធម៌​ដ៏​រុងរឿង របស់​ប្រទេស​កម្ពុជា ឲ្យ​ភ្ញៀវទេសចរ​ទូទាំង​ពិភពលោក​