ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​រ័​ត្ន មក​រា បញ្ជាក់​ពី​រឿង​ស្នេហា

រាជធានី​ភ្នំពេញ ៖ ឧស្សាហ៍​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​គ្នា ភាព​ស្និទ្ធស្នាល​...​តើ​វា​ជា​ស្នេហា​រវាង​តារាចម្រៀង​មនោសញ្ចេតនា​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​លោក​រ័​ត្ន មក​រា មែន​ទេ ? «​វា​មិនមែន​ទេ​» អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បដិសេធ​បែប​នេះ ។

ចាប់តាំងពី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បែកបាក់​គូ​អាពាហ៍ពិពាហ៍​មក មាន​រយៈពេល​៥​ទៅ​៦​ឆ្នាំ​ហើយ តែ​នាង​មិន​ទាន់​ទទួលយក​បុរស​ណា​ជា​គូគ្រង​ថ្មី​នៅឡើយ ។ ជា​និច្ចកាល​គេ​តែងតែ​ឃើញ​តារា​ប្រជាប្រិយ​រាង​តូច​ច្រឡឹង​រូប​នេះ រក្សា​គោល​ជំហរ​មើលថែ​កូនប្រុស​ស្រី​បាន​យា​៉​ង​ល្អ ទោះជា​នឿយហត់ និង​ត្រូវ​គេ​និយាយ​ចំអក​បែប​ណា​ក្តី ។ មូលហេតុ​បែប​នេះ​ហើយ​ទើប​ការ​លេចឮ​ព័ត៌មាន​ពី​ស្នេហា​ថ្មី​នេះ ធ្វើ​ឱ្យ​តារាចម្រៀង​សំនៀង​ដក់​ជាប់​អនុស្សាវរីយ​ម៉េ​ង កែវ​ពេ​ជ្ជ​តា ភ្ញាក់ផ្អើល ព្រោះ​វា​មិន​ដូច​អ្វី​ដែល​គេ​យល់​នោះ​ទេ ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ផ្សាយ​ព័ត៌មាន​នា​ពេល ថ្មី​ៗ កន្លង​មក ពី​រឿង​ស្នេហា​រវាង​នាង​ជាមួយ​លោក​រ័​ត្ន មក​រា ។ «​មូលហេតុ​អ្វី​បានជា​គេ​ចេះ​តែ​លើក​យក​រឿង​ស្នេហា​ខ្ញុំ​មក​ចុះ ម្តង​អ្នក​នេះ ម្តង​អ្នក​នោះ ។ និយាយ​ទៅ​ហាក់ដូចជា​មាន​អារម្មណ៍​ធុញទ្រាន់​ដែរ ព្រោះ​ការងារ​ធ្វើ​ច្រើន​រក​កម្លាំង​មិន​បាន បែរជា​ទៅ​អង្គុយ​គិត​រឿង​នេះ​ទៀត ។ ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ និង​ប្អូនប្រុស​មក​រា​អត់​មាន​ទាក់ទង​អ្វី​ក្រៅពី​មិត្តភាព​នោះ​ទេ ។ ជា​ធម្មតា​មនុស្ស​ប្រុស​ស្រី​ទៅ​ណា​មក​ណា​ពីរ​នាក់ ហើយ​មាន​ភាព​ប្លែក​ខុស​ពី​មុន ច្បាស់​ជា​មានការ​យល់​ខុស​បែប​នេះ ។

ប្រការ​ដែល​ខ្ញុំ​ប្រែជា​មក​ជិតដិត​គ្នា​ក៏​ព្រោះតែ​យល់​ឃើញ​ថា​លោក​មក​រា​គាត់​មាន​សំឡេង​ល្អ និង​ទេព​កោសល្យ​ក៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ម្យ៉ាងទៀត​គាត់​ចេះ​ច្រៀង​ចម្រៀង​បែប​មនោសញ្ចេតនា​ពី​ដើម​បាន​យ៉ាង​ពីរោះ និង​ចេះ​ស្ទើរតែ​គ្រប់​បទ​មានការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​មហាជន​ទើប​ចាប់​ដៃគូ​ច្រៀង ។ ការ​ចាប់​ដៃគូ​ច្រៀង​ក៏​មាន​សភាព​ស៊ីសង្វាក់​គ្នា មើលទៅ​ល្អ​ទើប​មានកម្ម​វិធី​មួយ​ចំនួន​យើង​ត្រូវ​សម្តែង​ជាមួយ​គ្នា​គ្មាន​ការ​គិត​ទៅ​លើ​បញ្ហា​ស្នេហា​ក្រៅពី​សិស្ស​ច្បង​សិស្ស​ប្អូន​ឡើយ​» ។

ចំពោះ​តារាចម្រៀង​លោករ​ត្ន័ មក​រា ដែល​តែងតែ​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី ដូច​ជា​នៅ​ទូរទស្សន៍​បាយ័ន និង​ស៊ី​ធី​អិន​ជាដើម ជាមួយ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា នោះ​បញ្ជាក់​ថា «​សូមកុំ​លើក​មក​និយាយ​អី រវាង​ខ្ញុំ​និង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មាន​គេ​និយាយ​កន្លង​មក​ច្រើន​ដែរ ។ ខ្ញុំ​អាច​និយាយ​បាន​ត្រឹមតែ​ថា គោរព​ស្រឡាញ់ និង​ចាត់​ទុក​បង​ពេ​ជ្ជ​តា​ជា​រៀមច្បង​សិល្បៈ​ម្នាក់ និង​ពេញចិត្ត​រួមការ​ងារ​ជាមួយ​គាត់ ។ ការ​ចូល​កៀក​ជាមួយ​គាត់​ទើបតែ​បាន​១​ឆ្នាំ​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​មានការ​ពេញចិត្ត​ពី​អ្នក​ជួល​ទៅ​ច្រៀង​ក្នុង​ពិធី ផ្សេង​ៗ គាត់​ថា​សម​គ្នា សំឡេង​ល្អ​ក្នុង​ការ​ច្រៀង​បទ​ពី​ដើម ។ អត់​មានគំនិត​អ្វី​គិត​លើ​គាត់​បែប​ចិត្ត​និង​ចិត្ត​ឡើយ​។ សូម​បញ្ចប់​ការ​យល់​ខុស​បែប​នេះ​ទៅ​គ្មាន​អ្វី​ក្រៅពី​ការងារ​នោះ​ឡើយ​» ។

រវាង​លោករ​ត្ន័ មក​រា និង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បង្ក​ការ​ចាប់អារម្មណ៍​រឿង​ស្នេហា​កន្លង​មក ដោយសារ​តែ​តារា​ពីរ​ដួង​នេះ​ក្រៅពី​សម្តែង​រួម​គ្នា ក៏​បាន​បណ្តើរគ្នា​ចូលរួម​មង្គលការ​លោក​សុវណ្ណ មក​រា និង​ឈិ​ន សុធា​រី និង​ក្រោយមក​ចូលរួម​មង្គលការ​លោក​គង់ សុធា​រិ​ទ្ឋិ ដោយ​អង្គុយ​ញាំ​ុ​អាហារ​នៅ​តុ​ជាមួយ​គ្នា    ទៀត ។ លើស​ពី​នេះ តារាចម្រៀង​មួយគូ​នេះ​ទើបតែ​ច្រៀង​រួម​គ្នា​ក្នុង​កម្មវិធី​តន្ត្រី​សប្បុរសធម៌​ជួយ​ក្រុម​គ្រួសារ​លោក​ស៊ី​ន ស៊ី​សា​មុត នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​ការ​គាំទ្រ​ពី​ទស្សនិកជន​ជា​ច្រើន ៕