ចោរឆក់ អស់លក្ខណ៍២នាក់ ត្រូវក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធខណ្ឌដូនពេញ ធ្វើការបង្ក្រាបនិងឃាត់ខ្លួន ករណីឆក់កាបូប មិនបានសំរេច នៅវេលាម៉ោង ២២:៤០នាទី ថ្ងៃទី០៥.១២.២០១៥ ចំនុចផ្លូវ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកង៣។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ ២០១៥ ឲ្យដឹងថា ជនសង្ស័យទាំង២នោះ មាន៖ ១.ឈ្មោះ ឃុន គីមហាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០៤ ផ្លូវ១០៣ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន(ជាអ្នកឆក់) ២.ឈ្មោះ ប៉ុច បូណា ហៅអាពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជើងឯក ឃុំជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ(ជាអ្នកបើកម៉ូតូ)។

ប្រភពដដែលឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ខាងលើជិះម៉ូតូហុងដាសេ១១០ និងបក្សពួក០២នាក់ទៀត ជិះម៉ូតូម៉ាកហ្វីណូ ពណ៏ខ្មៅមិនស្គាល់លេខ បានឆក់យកកាបូបស្ពាយរបស់នារីជនរងគ្រោះ នៅចំនុចផ្លូវ១៧២ កែងនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ប៉ុន្តែឆក់មិនបានសំរេចទេ ហើយបណ្តាលអោយនារីរងគ្រោះនោះដួលទៅនិងដី។ “ភ្លាមនោះ ជនសង្ស័យបានជិះ ម៉ូតូគិចខ្លួនដល់ចំនុចផ្លូវ ៣៦០ កែង ១០៥ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក៏ត្រូវកំលាំងយើងឃាត់ខ្លួនបានតែម្តង រីឯបក្សពួកវា០២នាក់ទៀតជិះម៉ូតូម៉ាកហ្វីណូ បានជិះគេចខ្លួនបាត់”។

បើតាមចម្លើយសារភាពរបស់ ឈ្មោះ ឃុន គីមហាក់ បាននិយាយថា រូបគេពិតជាបានឆក់កាបូបពិតប្រាកដមែន ប៉ុន្តែមិនបានសំរេចទេ រីឯឈ្មោះ ប៉ុច បូណា មិនព្រមសារភាពទេ។ រីឯវត្ថុតាង ដកហូតបាន មានម៉ូត០១គ្រឿង ម៉ាកហុងដាសេ១១០ ពណ៏ខ្មៅ ស្លាកលេខ ភ្នំពេញ1BU:6155៕

ចោរឆក់ អស់លក្ខណ៍២នាក់ ត្រូវក្របួចជាប់
ចោរឆក់ អស់លក្ខណ៍២នាក់ ត្រូវក្របួចជាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត