រណសិរ្សប្រជាធិបតេយ្យនិស្សិត បញវន្តខ្មែរ ថា ប្រធានគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យផ្អាកជំនួយ ជាការគិតខ្លី និងភ្លីភ្លើទាំងស្រុង

ភ្នំពេញ៖ គណបក្សរណសិរ្ស ប្រជាធិបតេយ្យ និស្សិត (រ.ប.ន.ប.ខ) បានសម្តែងការសោកស្តាយ និងចាត់ទុក ប្រធានគណបក្សសង្រ្គោះជាតិ ដែលសុំឲ្យសហគមន៍អឺរ៉ុប ផ្អាកជំនួយ ជា “ការគិតខ្លី និងភ្លីភ្លើទាំងស្រុង”។

សេចក្តីថ្លែងការណ៍របស់ រ.ប.ន.ប.ខ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅថ្ងៃ អាទិត្យ ទី៦ ខែធ្នូ ឆ្នាំ ២០១៥ ឲ្យដឹងថា ខ្លួនមានការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ប្រសិនបើសភាសហភាពអឺរ៉ុប សម្រេចផ្អាកជំនួយ អភិវឌ្ឍប្រមាណ ៤៥០ លានដុល្លារមកកម្ពុជា ដែលនេះអាច ជាការកិនកំទេច និងបំផ្លាញទាំងស្រុងនូវក្តីសង្ឃឹម របស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឃើញប្រទេសជាតិ មានការអភិវឌ្ឍន៍ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា “រណសិរ្សប្រជាធិបតេយ្យនិស្សិត បញ្ញាវន្តខ្មែរ ចាត់ទុកទង្វើរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យផ្អាកជំនួយ ថាជាការគិតខ្លី និងភ្លីភ្លើទាំងស្រុង ព្រោះបើចង់ទទួលបានសមានចិត្ត ពីម្ចាស់ឆ្នោតឯករាជ្យ គឺគេត្រូវតែខិតខំឲ្យលើសពីអ្វី ដែលរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បាន និងកំពុងធ្វើ ពោលគឺត្រូវខំបញ្ចុះបញ្ចូល ឲ្យម្ចាស់ជំនួយ និងវិនិយោគិនបរទេស ឲ្យបន្ថែមជំនួយ និងបង្កើនវិនិយោគនៅកម្ពុជា។ល។ និង ។ល។”

យ៉ាងណាក៏ដោយ រ.ប.ន.ប.ខ បានស្នើឲ្យសភាសហភាពអឺរ៉ុប ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ មុនធ្វើការ សម្រេចចិត្ត ជៀសវាងធ្វើឲ្យស្ថាប័ន ដ៏មានកិត្យានុភាពមួយនេះ អស់តម្លៃគួរ ឲ្យសោកស្តាយ៕

រណសិរ្សប្រជាធិបតេយ្យនិស្សិត បញវន្តខ្មែរ ថា ប្រធានគណបក្សសង្គ្រោះជាតិ ដែលសុំឲ្យផ្អាកជំនួយ ជាការគិតខ្លី និងភ្លីភ្លើទាំងស្រុង