អ្នក​គាំទ្រ​កម្ពុជា​ខក​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​ Kingdom of Khmer យប់​មិញ​

អ្នក​គាំទ្រ​កម្ពុជា​ខក​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​ Kingdom of Khmer យប់​មិញ​

អ្នក​គាំទ្រ​​កម្ពុជា​ទំនង​ជា​សោក​ស្តាយ​ និង​ខក​ចិត្ត​មិន​ស្ទើរ​ទេ​ចំពោះ​ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ​ក្នុង​​ទ្រុង​អន្តរជាតិ​ Kingdom of Khmer កាល​ពី​យប់​មិញ​ បន្ទាប់​ពី​គូ​អន្តរជាតិ​២​គូ​របស់​កម្ពុជា​ទទួល​រង់​បរាជ័យ​ទាំង​អស់។

 

កីឡា​ការិនី​កម្ពុជា​ សំ ថារ័ត្ន​ បាន​​បរាជ័យ​ក្រោម​កណ្តាប់​ដៃ​ស្រី​ស្អាត​មក​ពី​ប្រទេស​ឥណ្ឌា​​នាង​ Jeet Toshi ដោយ​ពិន្ទុ​ដាច់​តែ​ម្តង​ បន្ទាប់​ពី​តស៊ូ​គ្នា​យ៉ាង​ស្វិតស្វាយ​១៥​នាទី​ពេញ។ នៅ​ទឹក​ទី​១​ និង​ទី​២​​កីឡា​ការិនី​កម្ពុជា​ហាក់​មាន​ប្រៀប​តិច​តួច​ដោយ​សារ​បាន​ទាត់​ និង​ធាក់​ចំ​កីឡា​ការិនី​ឥណ្ឌា​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រែក​ហោ​យ៉ាង​ខ្លាំង។

 

អ្នក​គាំទ្រ​កម្ពុជា​ខក​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​ Kingdom of Khmer យប់​មិញ​ Toshi វាយ​លើ សំ ថារ័ត្ន​

 

ពីរ​ទឹក​ដំបូង​នេះ​ ទោះ​ជា​ Toshi ​មាន​ឱកាស​នៅ​លើ​ សំ ថារ័ត្ន​ជា​ញឹក​ញាប់​ និង​ប្រើ​កណ្តាប់​ដៃ​វាយ​ផ្ទួន​ៗ​ក៏​ដោយ​ ក៏​កីឡា​ការិនី​ម្ចាស់​នៅ​តែ​អាច​រើ​បម្រះ​ និង​ក្រឡាប់​ខ្លួន​លើ​ជិះ​លើ​កីឡា​ការិនី​ភ្ញៀវ​វិញ​ជា​ញឹក​ញាប់​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ ថារ័ត្ន​បាន​ប្រើ​ជើង​វាយ​លើ​ Toshi ជា​ច្រើន​ជើង​ដែល​អ្នក​គាំទ្រ​កម្ពុជា​គិត​ថា​ កីឡា​ការិនី​កម្ពុជា​អាច​នឹង​ទទួល​បាន​ជ័យជម្នះ​​ដោយ​សារ​មាន​ប្រៀប​ជាង។

 

ផ្ទុយ​ទៅ​វិញ​ ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​កម្ពុជា​បាន​រលាយ​បាត់​សូន្យ​ បន្ទាប់​ពី​ចូល​ទឹក​ទី​៣​ដែល​ជា​ទឹក​ផ្តាច់​ព្រ័ត្រ​ សំ ថារ័ត្ន​បាន​ភ្លាត់​ស្នៀត​ធ្វើ​ឲ្យ​ Toshi លើក​ជិះ​ពី​លើ​ និង​ប្រើ​កណ្តាប់​វាយ​លើ​មុខ​របស់​កីឡា​ការិនី​កម្ពុជា​រាប់​មិន​អស់​ ខណៈ​ ថារ័ត្ន​ហាក់​អស់​កម្លាំង​ និង​មិន​អាច​រើ​បម្រើ​ពី​ការ​ជិះ​របស់​គេ​បាន។ ទោះ​យ៉ាង​ណា​ សំ ថារ័ត្ន​នៅ​អាច​តស៊ូ​បាន​រហូត​ដល់​ចប់​ការ​ប្រកួត​ដើម្បី​ទទួល​បរាជ័យ​តែ​ពិន្ទុ​ប៉ុណ្ណោះ។

 

អ្នក​គាំទ្រ​កម្ពុជា​ខក​ចិត្ត​ក្នុង​ព្រឹត្តិការណ៍​ Kingdom of Khmer យប់​មិញ​ Mario វាយ​ ចាន់ ហេង ឲ្យ​ដួល​ត្រឹម​តែ​៦​វិនាទី

 

ចំណែក​គូ​អន្តរជាតិ​ទី​២​របស់​កម្ពុជា​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​សោក​ស្តាយ​មិន​ស្ទើរ​ទេ​ បន្ទាប់​ពី​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​ ចាន់ ហេង​ ត្រូវ​បាន​កីឡាករ​ឥណ្ឌូណេស៊ី​​វាយ​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​នៅ​ដើម​ទឹក​ទី១។ អ្នក​លេង​ឆ្លង​ដែន​ Mario Satya Wirawan បាន​ប្រើ​ពេល​តែ​៦​វិនាទី​នៃ​ទឹក​ទី​១​ប៉ុណ្ណោះ​ក្នុង​ការ​វាយ​មួយ​ដៃ​ និង​ទាត់​មួយ​ជើង​ដើម្បី​​ឲ្យ​ចាន់ ហេង​អស់​ឱកាស​តែ​ម្តង។ ការ​ប្រកួត​នេះ​ជា​រឿង​មួយ​ដ៏​សោក​ស្តាយ​បំផុត​ ដោយ​សារ​ ចាន់ ហេង​ មិន​បាន​បញ្ចេញ​សមត្ថភាព​ផង។

 

អត្ថបទ៖ ជាន ចាន់រ៉ា
រូបថត៖ ONE Championship​