អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​ចាប់ខ្លួន​ចោរ​ឆក់​កាបូប​បាន​២នាក់

រាជ​ធានីភ្នំពេញ​ ៖ កាល​ពីវេលា​ម៉ោង​១០ និង៤០​នាទីព្រឹក ​ថ្ងៃ​ទី​០៥ ធ្នូ ២០១៥ នៅចំណុច​ផ្លូវ​៣៦០​កែង​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូនពេញបាន​បង្ក្រាប ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់​ព័ន្ធ​ករណី​ឆក់​កាបូប​មិន​បាន​សំរេច។

ជន​សង្ស័យ​​ឈ្មោះ ឃុន គី​ម​ហាក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១០៤ ផ្លូវ​១០៣ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​(​ជា​អ្នក​ឆក់​) និង​ឈ្មោះ ប៉ុ​ច បូ​ណា ហៅ​អា​ពេជ្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅភូមិ​ជើងឯក ឃុំ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ​(​ជា​អ្នក​បើក​ម៉ូតូ​)។

​ពេល​ចាប់ខ្លួន​បាន​ សមត្ថ​កិ​ច្ច​បាន​ដក​ហូត​វត្ថុ​តាង ម៉ូត​០១​គ្រឿង ម៉ាក​ហុងដា​សេ​១១០ ព​ណ៌ខ្មៅ ស្លាក​លេខ ភ្នំពេញ​1BU 6155  ។

ប្រភព​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ខាងលើ​ជិះ​ម៉ូតូ​ហុងដា​សេ​១១០ និង​បក្សពួក​០២​នាក់​ទៀត ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ព​ណ៌​ខ្មៅ​មិន​ស្គាល់​លេខ បាន​ឆក់​យក​កាបូបស្ពាយ​របស់​នារី​ជន​រង​គ្រោះ នៅ​ចំណុច​ផ្លូវ​១៧២ កែង​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ប៉ុន្តែ​ឆក់​មិន​បាន​សំរេច​ទេ ហើយ​បណ្តាល​ឱ្យ​នារី​រង​គ្រោះ​​ដួល​​។

​ភ្លាម​នោះ ជនសង្ស័យ​បាន​ជិះម៉ូតូ​គេចខ្លួន​ដល់​ចំណុច​ផ្លូវ​៣៦០​កែង​១០៥ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ក៏​ត្រូវ​កំលាំង​​​ឃាត់ខ្លួន​បាន​តែ​ម្តង រីឯ​បក្សពួក​​​០២​នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ បាន​ជិះ​គេចខ្លួន​បាត់​៕
  ​